ពីនេះ ពីនោះ
ស្ថានភាពចុះទឹកក្រពើ ឡើងលើខ្លា នៅតែបន្តនៅក្នុងសេវាសាធារណៈរបស់ខ្មែរដដែល!
× ក្នុងអាណត្តិទី៥នេះ ក្រោយពីការប្រកាសធ្វើកំណែទម្រង់របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាភ្លាម គ្រប់ចៅហ្វាយខេត្ត, រដ្ឋមន្ត្រីនិងស្ថាប័នរដ្ឋសភាទាំងអស់ចាប់ផ្តើមមានអារម្មណ៍ចង់ធ្វើកំណែទម្រង់ផ្ទៃក្នុងភ្លាម។
ពួកគេ មិនដឹងជាធ្វើកំណែទម្រង់យ៉ាងដូចម្តេចទេ ពីព្រោះ បញ្ហាស្មុគស្មាញចាក់ស្រែះកើតមានច្រើនពេកតាំងពីយូរមកហើយ។ តែទោះជាយ៉ាងណាក៏ដោយ ក៏ចៅហ្វាយខេត្ត រដ្ឋមន្ត្រីខ្លះ និងស្ថាប័នរដ្ឋសភា ចាប់ផ្តើមធ្វើកំណែទម្រង់ដោយអំពាវនាវដាក់គំនាបអោយមន្ត្រីរបស់ខ្លួនមកធ្វើការទាន់ពេល និងពេញម៉ោង។ នេះជាវិធានការដែលចៅហ្វាយខេត្ត រដ្ឋមន្ត្រី និងរដ្ឋសភា ចង់ធ្វើកំណែទម្រង់អោយមានការផ្លាស់ប្តូរមុនគេ។
តើកំណែទម្រង់នេះទទួលបានផលឬទេ?
ចម្លើយ គឺថា ចៅហ្វាយខេត្ត រដ្ឋមន្ត្រី និងរដ្ឋសភាកំពុងប្រឈមនឹងបញ្ហា៖ ទឹកចុះក្រពើ ឡើងលើខ្លា។ សុភាសិតនេះ ចង់មានន័យថា ប្រសិនបើចៅហ្វាយខេត្ត រដ្ឋមន្ត្រី និងរដ្ឋសភារឹតតឹងពេក មន្ត្រីសក្តានុពលដែលធ្វើការក្រៅផង និងរដ្ឋផងត្រូវបង្ខំចិត្តឈប់ធ្វើការបម្រើរដ្ឋ ហើយទៅបម្រើការនៅក្នុងវិស័យឯកជន និងអង្គការតែម្តង។ តែបើសិនជាចៅហ្វាយខេត្ត រដ្ឋមន្ត្រី និងរដ្ឋសភា មិនចាត់វិធានការអ្វីទាំងអស់ មន្ត្រីសក្តានុពលទាំងអស់នៅបន្តធ្វើការខាងក្រៅច្រើនជាងខាងក្នុង(បម្រើរដ្ឋ)។ ចំណុចចុងក្រោយនេះ រដ្ឋនៅតែបន្តខាតបង់ថវិកា ហើយចៅហ្វាយខេត្ត និងរដ្ឋមន្ត្រីនៅតែខ្វះធនធានមនុស្សដើម្បីធ្វើការបម្រើរដ្ឋ។ តែបើគៀបគេខ្លាំងពេក ធនធានមនុស្សល្អរត់ចេញពីវិស័យរដ្ឋទាំងអស់ ពីព្រោះប្រាក់ខែរដ្ឋមិនអាចចិញ្ចឹមក្រពះបាន។ នេះហើយគឺជាស្ថានភាពចុះទឹកក្រពើ ឡើងលើខ្លា របស់ចៅហ្វាយខេត្ត រដ្ឋមន្ត្រី និងរដ្ឋសភា៕
© រក្សាសិទ្ធិដោយ thmeythmey.com