អន្តរជាតិ
​​​ន​យោ​បាយ​ជាតិ​
ក្រិ​ក​ចៀស​មិន​រួច​ពី​ចាក​ចេញពី​អឺរ៉ុប និង​រត់​ចូល​ជាមួយ​រុស្ស៊ី?
25, Jun 2015 , 8:19 pm        
រូបភាព
ពេលវេលា​ចេះតែ​ខើចទៅៗ ប៉ុន្តែ​ក្រិ​ក​ប្រវេ​ប្រ​វ៉ា​រកលុយ​សង​ម្ចាស់បំណុល​មិនទាន់​បានឡើយ។ នាយ​រដ្ឋមន្ត្រី​ក្រិ​ក​កំពុង​បន្ត​ចរចា​ជាមួយ​ម្ចាស់បំណុល​មាន​ទាំង​អឺរ៉ុប​និង​មូលនិធិ​រូបី​យ​វត្ថុ​អន្តរជាតិ​ផង ដោយ​រំពឹង​អាច​សម្រេចបាន​កិច្ចព្រមព្រៀង​មួយ​មុន​ថ្ងៃ​កំណត់​សងលុយ។ ប៉ុន្តែ​មិនឃើញ​មាន​សញ្ញា​វិ​ជ្ជ​ឡើយ​ជុំវិញ​ការចរចា​គ្នា​អស់​ច្រើន​ថ្ងៃនេះ ព្រោះ​ក្រិ​ក​មិន​ប្តូរ​ជំហរ​ប្រឆាំង​គោលនយោបាយ​ត្បិតត្បៀត​របស់​ម្ចាស់បំណុល​ឡើយ។ ក្រិ​កមាន​កាតព្វកិច្ច​ត្រូវ​សងលុយ​ជំពាក់​គេ ១.៨ពាន​លាន់​ដុល្លារ​អាមេរិក​ត្រឹម​ថ្ងៃ ៣០ខែ​នេះ ប៉ុន្តែ​បើ​គ្មាន​លុយ​សង​មានតែ​ប្រកាស​មិន​បំណុល​និង​ក្លាយជា​រដ្ឋ​ក្ស័យធន។ ពេល​ក្រិ​ក​ក្ស័យធន​វា​ប្រាកដ​ណាស់​ថា ក្រិ​ក​នឹង​ចាកចេញ​មិ​ស្តាយស្រណោះ​ពី​តំបន់​ចាយលុយ​អឺរ៉ូ​និង​សហភាព​អឺរ៉ុប​ផង​ក៏​មិនដឹង។ យ៉ាងណាក៏ដោយ ប្រសិនបើ​ក្រិ​ក​ចាក​ចេញពី​សហភាព​អឺរ៉ុប​មែន រដ្ឋ​មួយ​នេះ​មិនអាច​ចៀសផុត​ពីរ​ត់ទៅ​ពឹងពាក់​រុស្ស៊ី ដែល​កន្លងមក​ប្តេជ្ញា​ជួយ​ក្រិ​ក និង​បាន​អញ្ជើញ​ក្រិ​ក​ឲ្យ​ចូល​ជា​សមាជិក​ធនាគារ​អភិវឌ្ឍន៍ របស់​ក្រុម​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ថ្មី​ផង។



សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ



បញ្ហា​បំណុល​ក្រិ​ក​នៅតែ​ជា​រឿង​កង្វល់​ដ៏​ធំ​សម្រាប់​សហភាព​អឺរ៉ុប ព្រោះ​ក្រិ​ក​អាច​នឹងមិន​មានលទ្ធភាព​សងបំណុល ស្របពេល​ដែល​ពេល​កំណត់​សងបំណុល​កាន់តែ​កៀក​ណាស់​ទៅហើយនោះ។ កិច្ចប្រជុំ​ពិភាក្សា​រឿង​បំណុល​រវាង​ក្រិ​ក​និង​ម្ចាស់បំណុល​បរទេស​ត្រូវបាន​រៀបចំ​បន្តបន្ទាប់​គ្នា ហើយ​កាន់តែ​តានតឹង​ក្នុង​សប្តាហ៍​នេះ ប៉ុន្តែ​សំខាន់​គ្មាន​សញ្ញា​វិជ្ជមាន​អ្វី​សោះ។ ក្រិ​ក​ទំនង​អាច​អស់​ភាព​អត់ធ្មត់​ដើម្បី​បន្តធ្វើ​សម្បទាន​ដល់​ម្ចាស់បំណុល​ដើម្បី​សម្រេច​កិច្ចព្រមព្រៀង ព្រោះ​លក្ខខណ្ឌ​កិច្ចព្រមព្រៀង​វា​លើសពី​អ្វីដែល​ក្រិ​ក​អាច​ធ្វើបាន។

សម្រាប់​ម្ចាស់បំណុល​ក្រិ​កមាន ធនាគារកណ្តាល​អឺរ៉ុប និង​មូលនិធិ​រូបី​យ​វត្ថុ​អន្តរជាតិ ទាមទារ​ឲ្យ​ក្រិ​ក​ទទួលយក​វិធានការ​ត្បិតត្បៀត​ជាមុនសិន ដែល​វា​អាចជួយ​ឲ្យ​សេដ្ឋកិច្ច​ក្រិ​ក​ងើបឡើង​វិញ បើសិន​ក្រិ​ក​ចង់បាន​ជំនួយ​ហិរញ្ញវត្ថុ​សង្គ្រោះ​ទុក​សងបំណុល។ ប៉ុន្តែ​ប្រជាជន​ក្រិ​ក​និង​នាយករដ្ឋមន្ត្រី​ក្រិ​ក Alexis Tsipras អ្នកនយោបាយ​និយម​ឆ្វេង នៅ​រក្សា​ជំហរ​ផ្ទាល់ខ្លួន​ប្រឆាំង​ការបន្ត​អនុវត្ត​គោលនយោបាយ​ត្បិតត្បៀត​ស្នើ​ដោយ​ម្ចាស់បំណុល។ យ៉ាងណា​ក៏ដោយចុះ កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នាយករដ្ឋមន្ត្រី​ក្រិ​ក​ដាច់ចិត្ត​ធ្វើ​សម្បទាន​បន្ថែម​ចុងក្រោយ​ផ្ញើរ​សេចក្តីព្រាង​កិច្ចព្រមព្រៀង​ថ្មី​ទៅ​ក្រុង​ប្រ៊ុ​យ​សែ​ល​ដោយ​ថយក្រោយ​មួយ​ជំហាន​ទៀត ប៉ុន្តែ​គេ​នៅតែ​ឃើញ​ភាគី​មិនទាន់​ត្រូវរ៉ូវ​គ្នា​លើ​ចំណុចសំខាន់ៗនៃ​កិច្ចព្រមព្រៀង​ដដែល។ 

១. នាយករដ្ឋមន្ត្រី​ក្រិ​ករង​សម្ពាធ​កាន់តែខ្លាំង
 កន្លងមក​ប្រជាជន​ក្រិ​ករង​ទុក្ខ​ដោយសារ​ការអនុវត្ត​គោលនយោបាយ​នេះ ដោយសារ​រដ្ឋាភិបាល​ត្រូវ​កាត់បន្ថយ​ការចំណាយ រួមទាំង​ចំណាយ​លើ​សេវាសាធារណ​បម្រើប្រជាជន តាម​តម្រូវការ​របស់​ម្ចាស់បំណុល និង​អនុវត្តន៍​ការកែទម្រង់​លើ​វិស័យសំខាន់ៗផ្សេងទៀត​ផងដែរ។ ប្រជាជន​ខ្លះ​បាត់បង់​ការធានារ៉ាប់រង​វិស័យ​សុខាភិបាល ហើយ​សេវាសាធារណ​ផ្សេងទៀត​ត្រូវ​កាត់ផ្តាច់​ដោយសារតែ​ការកាត់បន្ថយ​ការចំណាយ​សាធារណ។ ម្យ៉ាង​បន្ទុក​កាន់តែ​ធ្ងន់​លើ​ប្រជាជន​នៅពេល​ដែលមាន​លក្ខខណ្ឌ​បង្ខំ​ឲ្យ​ក្រិ​ក​តំឡើង​ពន្ធ​លើ​វិស័យ​ជំនួញ និង​រាល់​ផលិតផល​លក់​ចេញ​និង​សេវា​នៅ​ក្រិ​ក​ផងដែរ។ ដោយសារ​ឆ្អែតឆ្អន់​បញ្ហា​នេះ ប្រជាជន​ក្រិ​ក​នាំគ្នា​បោះឆ្នោត​ឲ្យ​បក្ស​ឆ្វេងនិយម Syriza  ដែលមាន​និន្នាការ​ប្រឆាំង​ការ​ត្បិតត្បៀត​នៅ​ដើមឆ្នាំ២០១៥នេះ ដោយ​ត្រួសត្រាយ​ផ្លូវ​ដល់​លោក Alexis Tsipras ឡើងកាន់តំណែង​ប្រមុខ​រដ្ឋាភិបាល​ក្រុង​អាថែន។ មិនមែន​រឿង​ងាយស្រួល​ដូច​រំពឹងទុក​ឡើយ ដែល​ប្រជាជន​បោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត​ដល់​លោក Tsipras ដើម្បី​ឲ្យ​លោក​ត្រៀមខ្លួន​ចរចា​ជាមួយ​រដ្ឋ​ម្ចាស់បំណុល​និង​ស្ថាប័នហិរញ្ញវត្ថុធំៗផង។ បច្ចុប្បន្ន​អាចនិយាយបាន​ថា លោក​កំពុងតែ​គ្មាន​ផ្លូវ​ដើរ​ក្រៅពី​បន្ត​រក្សា​ជំហរ ព្រោះ​ប្រជាជន​ក្រិ​ក​មិនអាច​ទទួលយក​សំណើរ​ម្ចាស់បំណុល​បានឡើយ។ សម្ពាធ​កើនឡើង​ទាំង​ក្នុងស្រុក និង​ទាំងពី​ម្ចាស់បំណុល​ផង  ដែល​តម្រូវ​ឲ្យ​លោក​សម្រេចចិត្ត​និង​បន្ត​ចរចា​ប្រកបដោយ​ភាព​ប្រុងប្រយ័ត្ន​បំផុត ព្រោះ​លោក​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​ប្រជាជន​ខ្លួន​ផង និង​ការពារ​មិន​ឲ្យ​ការ​ក្ស័យធន​កើតឡើង។ បើ​ទោះ​រឿងនេះ​ក្រិ​ក​ដូច​រឹងទទឹង​បន្តិច​មែន ប៉ុន្តែ​ក្រិ​ក​ក៏​មិន​អាចធ្វើ​ចិត្តសឿង​បណ្តោយ​ឲ្យ​ក្ស័យធន​ឡើយ។ មិនមែន​មានន័យថា​ប្រកាស​ក្ស័យធន​និង​ចាក​ចេញពី​តំបន់​អឺរ៉ុប​មានន័យថា​ក្រិ​ក​ដោះស្រាយ​វិបត្តិ​ជោគជ័យ​ឯណា ក្រិ​ក​ត្រូវការ​ជំនួយ​ច្រើន​ទៀត​ពី​ស្ថាប័នហិរញ្ញវត្ថុ​ដូចជា IMF និង​ប្រទេស​ធំ​ដើម្បី​រក្សា​ស្ថិរភាព​សេដ្ឋកិច្ច ប​ញ្ចៀ​វិបត្តិ​ធ្ងន់ធ្ងរ។

២.អនាគត​តំបន់​ចាយលុយ​អឺរ៉ូ ពឹង​លើ​ការដោះស្រាយ​បញ្ហា​បំណុល​ក្រិ​ក
អាច​និយាយបានថា បញ្ហា​បំណុល​ក្រិ​ក​ជា​រឿង​គ្រោះថ្នាក់​បំផុត​សម្រាប់​សហភាព​អឺរ៉ុប​ទាំងមូល​មិនមែន​តែ​ក្រុម​រដ្ឋ​ចាយលុយ​អឺរ៉ូ​ឡើយ។ មេដឹកនាំ​អឺរ៉ុប​ដូចជា​បារាំង​ជាដើម​នោះ​មិន​ដែរ​ចង់ឃើញ​ក្រិ​ក​ក្ស័យធន​គ្មាន​លុយ​ដោះបំណុល និង​ដើរ​ចេញពី​ក្រុម​ឡើយ ព្រោះ​វា​នឹង​ប៉ះពាល់​ដល់​ប្រព័ន្ធ​ហិរញ្ញ​ក្រុម​ចាយលុយ​អឺរ៉ូ​ទាំងមូល ហើយ​ការ​បែកខ្ញែក​គ្នា​កើតឡើង​ចៀស​មិន​រួច។ ចំណែក​អាឡឺម៉ង ហាក់ដូចជា​ស្ទាក់ស្ទើរ​ក្នុង​ការជួយ​ស្រោចស្រង់​ក្រិ​ក បើ​ទោះ​ឃើញ​ក្រិ​ក​លង់ទឹក​ក៏ដោយ។ អធិការបតី​អាឡឺម៉ង់​អែន​ជេ​ល​ឡា មឺ​ហ្កែ​ល ដែល​បាន​ចូលរួម​យ៉ាងសកម្ម​ដោះស្រាយ​វិបត្តិ​បំណុល​ក្រិ​ក​នោះបាន​ស្តីបន្ទោស​និង​ចោទប្រកាន់​ក្រិ​ក​ផង ថា​ក្រិ​ក​ហាក់ដូចជា​មិន​មើលឃើញ​បញ្ហា​បច្ចុប្បន្ន​ធ្ងន់ធ្ងរ​សោះ។ តាមពិតទៅ បើតាម​របាយការណ៍​ទ​ម្លា​យ​ចេញ​ដោយ​វី​គី​លី​ក អាឡឺម៉ង់​អស់​ឆន្ទៈ​ជួយ​ក្រិ​ក​តាំងពី​ក្រិ​ក​ធ្លាក់ទឹក​ដំបូង​បំផុត រហូត​ប្រធានាធិបតី​បារាំង​បង្ខំចិត្ត​រក​ដំណោះស្រាយ​ផ្សេង​ដោយ​ជជែក​ជាមួយ​មេបក្ស​ប្រឆាំង​អាឡឺម៉ង់​ពីក្រោយ​ខ្នង​លោកស្រី​អធិការបតី​ផងដែរ។ បើសិន ករណី​ដែល​ក្រិ​ក​អាច​ចរចា​បានសម្រេច​កិច្ចព្រមព្រៀង គណកម្មការ​អឺរ៉ុប​នឹង​ផ្តល់ជំនួយ​សង្គ្រោះ​ដល់​ក្រិ​ក​ក្នុង​ទំហំ៣៥ពាន់​លាន​អឺរ៉ូ។ បច្ចុប្បន្ននេះ​ប្រមុខ​គណកម្មការ​នេះ​លោក Jean Claud Junker កំពុងតែ​មរ​មា​ញឺ​ក​ធ្វើជា​សន្ធាន​ការី​សម្រួល​កិច្ច ចរចា​រវាង​ក្រិ​ក​និង​បណ្តា​ម្ចាស់បំណុល​ផង។

៣.ក្រិ​ក​ចៀស​មិន​ផុតពីរ​ត់រក​រុស្ស៊ី បើសិន​ក្ស័យធន 
ក្រិ​ករៀប​ជើង​ព្រួល​រួចទៅហើយ​បើសិន​ខ្លួន​ត្រូវ​ប្រកាស​ក្ស័យធន មិន​សងលុយ​ម្ចាស់បំណុល។ រដ្ឋ​អឺរ៉ុប​គ្មាន​ឆន្ទៈ​ចង់​ជួយ​ក្រិ​ក​ដែល​ធ្លាក់​ទឹកជា​រឿង​មួយ ឯ​រឿង​មួយទៀត​ក្រិ​ក​មិនអាច​បន្ត​រស់នៅ​ដោយ​រង​ទុក្ខលំបាក​វេទនា​ដោយ​ធ្វើតាម​បញ្ជា​គេ​ឡើយ។ កន្លងមក​រដ្ឋាភិបាល​ថ្មី​បាន​ងាក​ទៅ​បង្កើន​ទំនាក់ទំនង​ជាមួយ​រប​ប​ដឹកនាំ​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ដែល​ប្លែក​ពី​រដ្ឋាភិបាល​មុន។ ដែល​នេះ​មានន័យថា បើសិនជា ក្រិ​ក​ថ្លោ​យ​ក្ស័យធន​ឬ​អាច​ដើរ​ចេញពី​អឺរ៉ុប រុស្ស៊ី​នឹង​ក្លាយជា​ទីពឹង​ជួយ​ផ្គត់ផ្គង់​ក្រិ​ក​បញ្ចៀស​បញ្ហា​ធ្ងន់ធ្ងរ។ ការបង្កើន​ទំនាក់ទំនង​ស្តែងឡើង​តាម​ទស្សនកិច្ច​របស់ Tsipras ទៅ​មូ​ស្គូ ប៉ុន្តែ​លោក​មិនបាន​ហាមាត់​សុំ​ជំនួយ​ពី​រុស្ស៊ី​មក​ដោះស្រាយ​បំណុល​ឡើយ។ ប៉ុន្តែ​គេ​ដឹងថា​រុស្ស៊ី​កំពុងតែ​ចង់​ចែរ​ចូ​វ​ក្រិ​ក​ស្រាប់​នោះ មិនអាច​មិន​ជួយ​ក្រិ​ក​ឡើយ បើ​ទោះ​ក្រិ​ក​មិន​សុំ​ក៏​រុស្ស៊ី​ជួយ​តាម​វី​ធី​ផ្សេងទៀត​ដែរ។ ម្យ៉ាងវិញទៀត​គេ​មើលឃើញថា​រុស្ស៊ី​ចង់​ទាញ​ក្រិ​ក​ឲ្យ​ចូល​ក្រោម​ឥទ្ធិពល​របស់ខ្លួន​ដែល ដោយថ្មីៗនេះ​រដ្ឋាភិបាល​លោក ពូ​ទីន បាន​អញ្ជើញ​ក្រិ​កពេញៗមាត់​ឲ្យ​ចូលរួម​ធនាគារ BRICS  បើ​ទោះ​ក្រិ​កនៅ​ជាស​ម្រាម​សម្រាប់​រដ្ឋ​អឺរ៉ុប​ក៏ដោយចុះ។ វា​ពិតជា​រឿង​ចៀស​មិន​ផុត​ឡើយ ប្រសិនបើ​ក្រិ​ក​មិនអាច​ដោះបំណុល​បាន​ត្រឹម​ថ្ងៃ៣០នេះ  ក្រិ​ក​នឹង​ធ្លាក់​ក្នុង​ដៃ​រុស្ស៊ី។ ក្រៅពី​រុស្ស៊ី ប្រជាជន​ក្រិ​ក​ក៏​មើលឃើញ​មហា​យក្ស​ចិន ជា​រដ្ឋ​គួរ​រាប់អាន​ផងដែរ​ក្រៅពី​រុស្ស៊ី៕


© រក្សាសិទ្ធិដោយ thmeythmey.com