អន្តរជាតិ
របប​សឹក​ថៃ​សម្រេច​ទិញ​នាវាមុជទឹក​បី​គ្រឿង​ពី​ចិន
26, Jun 2015 , 7:59 pm        
រូបភាព
គណកម្មការ​ថៃ​បាន​បោះឆ្នោត​សម្រេច​គម្រោង​ទិញយក​នាវាមុជទឹក​ពី​ចិន បី​គ្រឿង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ។ តាមពិតទៅ​ក្រៅពី​ចិន កូរ៉េខាងត្បូង និង​អាឡឺម៉ង់​ក៏​ដណ្តើម​គ្នា​លក់​នាវាមុជទឹក​ឲ្យ​ថៃ​ដូចគ្នា​ដែរ ប៉ុន្តែ​ថៃ​បែរជា​រើសយក​នាវា​របស់​ចិន។ នា​វាបី​គ្រឿង​នេះ ក្នុង​មួយ​គឿង​មានតម្លៃ៣៥៥លាន​ដុល្លារ ហើយ​សមាជិក​គណកម្មកា​រ​ថៃ​ជឿជាក់ថា នាវាមុជទឹក​ចិន​មានតម្លៃ​សមរម្យ ហើយ​មាន​បំពាក់អាវុធទំនើបៗ មាន​បច្ចេកវិទ្យា​ខ្ពស់ ជាង​នាវា​កូរ៉េខាងត្បូង​និង​អាឡឺម៉ង់​ផង។



ចុងក្រោយ​ថៃ​បានជ្រើសរើស​នាវាមុជទឹក​បី​គ្រឿង ជា​ផលិតផល​ចិន ដើម្បី​យកមក​បម្រើ​ក្នុង​កងទ័ពជើងទឹក​ខ្លួន ដើម្បី​ពង្រឹង​វិស័យ​ការពារជាតិ។ គណកម្មការ​ថៃ​ដែលមាន​សមាជិក ១៧រូប ទទួលបន្ទុក​ជ្រើស​រើសយក​អាវុធ​សម្រាប់​បម្រើ​វិស័យ​ការពារជាតិ សម្រេច​ជ្រើសរើស​សព្វាវុធ​ចិន​នៅ​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​ម្សិលមិញ ដោយសារតែ​អាវុធ​របស់​ចិន មានតម្លៃ​សមរម្យ​ល្អ ហើយ​បើ​និយាយ​ពី​គុណភាព និង​អាវុធ​បំពាក់​លើ​នាវា​ស្រាប់​នោះ​សុទ្ធតែទំនើបៗ មាន​បច្ចេកវិទ្យាទំនើបៗល្អ​ជាងគេ​ផង។  ក្រៅពី​នាវាមុជទឹក​របស់​ចិន ខាង​អាឡឺម៉ង់ និង​កូរ៉េខាងត្បូង​ក៏​ស្នើ​លក់​នាវាមុជទឹក​ឲ្យ​រដ្ឋាភិបាល​ថៃ​ដែរ ប៉ុន្តែ​ចាញ់​ប្រៀប​ចិន​ត្រង់​តម្លៃ និង​អាវុធ​បំពាក់​នាវាមុជទឹក​ផង។ ក្នុងពេល​បោះឆ្នោត​សម្រេច​ម្សិលមិញ ក៏​នៅ​គណកម្មការ​នៅ​ទាស់ទែង​ខ្វែងគំនិត​គ្នា​រឿង​អាវុធ​អាឡឺម៉ង់ និង​កូរ៉េខាងត្បូង​នេះដែរ។ 

នាវាមុជទឹក​ទាំងបី​គ្រឿង ក្នុង​មួយគ្រឿង​មានតម្លៃ​ប្រហែល ៣៥៥លាន​ដុល្លារ​អាមេរិក។ ប្រទេស​ថៃ នាំ​នាវាមុជទឹក​បី​គ្រឿង​ពី​ចិន ក្នុង​គោលបំណង​ពង្រឹងសមត្ថភាព​ទ័ពជើងទឹក និង​វិស័យ​ការពារជាតិ​ថៃ​ទាំងមូល​ផង។ ថៃ​បាន​បង្កើត​អង្គភាព​នាវាមុជទឹក​តាំងពី​ខែកក្កដា​ឆ្នាំមុន​ម្ល៉េះ ប៉ុន្តែ​ប្រទេស​នេះ​មិនទាន់មាន​នាវាមុជទឹក​ប្រើប្រាស់​នៅក្នុង​កំពង់ផែ​ទ័ពជើងទឹក​ឡើយ​តាំងពី​ឆ្នាំ១៩៥១មក  ។ គម្រោង​នាំ​នាវាមុជទឹក​ចូល​នេះ ត្រូវបាន​ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ Prawit Wongsuwon ហើយ​លោក​នេះ​ជា​អ្នកជំរុញ​ឲ្យ​មានការ​បង្កើន​សមត្ថភាព​ទ័ពជើងទឹក​ថៃ​បច្ចុប្បន្ន​ផង ដោយសារ​បញ្ហា​សន្តិសុខ​ដែនសមុទ្រ​កើនឡើង​ខ្លាំង។

កន្លងមក​រដ្ឋាភិបាល​ថៃ​បានដាក់​កញ្ចប់​លុយ​ច្រើន​ពាន់​លាន​ដុល្លារ​ដើម្បី​ធ្វើ​ទំនើបកម្ម​យោធា ដូចជា​ផ្លាស់ប្តូរ​សម្ភារៈ​យោធាចាស់ៗ និង​ទិញ​អាវុធ​យុទ្ធ​ភ័​ណ្ឌថ្មីៗដូចជា​នាវាមុជទឹក​ពី​ប្រទេសមួយ​ចំនួន​ដូចជា អាឡឺម៉ង់ ចិន និង​កូរ៉េខាងត្បូង៕


© រក្សាសិទ្ធិដោយ thmeythmey.com