ជាតិ
ព្រៃ​ឡង់​ជា​តំបន់​ជីវចម្រុះ​សំខាន់បំផុត​ក្នុងចំណោម​តំបន់​ជីវចម្រុះ​ទាំង១០ក្នុង​លោក
30, Jun 2015 , 8:39 pm        
រូបភាព
ដោយ: ថ្មីៗ
តំបន់​ព្រៃ​ឡង់​ជា​គំរូ​ដ៏​អស្ចារ្យ​មួយ​នៃ​តំបន់​ទំនាប​ព្រៃស្រោង​តំបន់​ឥណ្ឌូ​ភូមា ហើយក៏​តំបន់​ជីវចម្រុះ​ដ៏​សំខាន់បំផុត​មួយ​ក្នុងចំណោម​តំបន់​ជីវចម្រុះ​សំខាន់​ទាំង១០នៅលើ​ពិភពលោក។ នេះ​ជា​អះអាង​របស់​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍ USAID ។



យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​រួម​របស់​USAID  និង​អង្គការ​អភិរក្ស​អន្តរជាតិ ចេញផ្សាយ​នៅ​ថ្ងៃទី៣០មិថុនា​នេះ តាមរយៈ​គម្រោង​គាំទ្រ ព្រៃឈើ និង​ជីវចម្រុះ​របស់​USAID បាន​រកឃើញថា​មាន​ប្រភេទ​សត្វ និង​រុក្ខជាតិ​កំពុង​រស់នៅ ជាង១ពាន់​ប្រភេទ​តំបន់​ព្រៃ​ឡង់។ សត្វ និង​រុក្ខជាតិ​រកឃើញ​ទាំងអស់នោះ មាន​រុក្ខជាតិ៥៣០ប្រភេទ ថនិកសត្វ៦០ប្រភេទ សត្វ​ស្លាប២២៦ប្រភេត ឧរង្គសត្វ និង​ថលជលិក៦៧ប្រភេទ។ជាមួយនឹង​ការស្រាវជ្រាវ​នេះ រដ្ឋបាល​ព្រៃឈើ​អាច​រៀបចំ​ដំណើរ​ព្រាង​អនុ​ក្រឹ​ត​ដើម្បី​ដាក់​ទំហំ​ព្រៃ​ដី៣០ម៉ឺន​ហិច​តា​របស់ព្រៃ​ឡង់​ជា​តំបន់​ការពារ។

អ្នកស្រី Rebecca Black នាយក​USAIDប្រចាំ​នៅ​កម្ពុជា បាន​ថ្លែង​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​នៅថ្ងៃនេះ​ថា៖«ការយកចិត្តទុកដាក់​ចំពោះ​បរិស្ថាន ការការពារ​ជីវចម្រុះ និង​ការអភិរក្ស​ធនធានធម្មជាតិ ជា​ការងារ​អាទិភាពរ​បស់​កម្ពុជា និង​ត្រូវបាន​ដាក់បញ្ចូល​ទៅក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា»។ លោកស្រី​បន្តថា៖«USAID ពិតជា​រីករាយ​នឹង​ផ្តល់​ថវិកា​គាំទ្រ​ដល់​ការសិក្សា​ស្រាវជ្រាវ និង​លទ្ធផល​ដ៏​អស្ចារ្យ​នេះ។ វា​បាន​បង្ហាញថា​មាន​មូលហេតុសំខាន់ៗជាច្រើន​ដើម្បី​អភិរក្ស និង​ដាក់​ព្រៃ​ឡង់​ជា​បេតិកភណ្ឌ​ធម្មជាតិ»។

តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន​ដដែល ព្រៃ​ឡង់​គឺ​ជាទី​ជម្រាល​របស់​បឹង​ទន្លេសាប ដែល​បម្រើ​សេចក្តី ត្រូវការ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​រាប់លាន​នាក់ និង​រួមចំណែក​មួយ​ភាគ​ធំ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ។
អ្នកស្រី Tracy Farrell នាយក​បច្ចេកទេស​រប​ស់​អង្គការ​អភិរក្ស​អន្តរជាតិ បាន​មានប្រសាសន៍ថា៖«បើទោះបីជា​តម្លៃ​ផ្នែក​ជីវចម្រុះ​លើស​ឃ្លាំង​ស្តុក​ទឹក និង​ឱកាស​សេដ្ឋកិច្ច ព្រៃ​ឡង់​នៅតែ​រង​ការកាប់បំផ្លាញ ដូចជា​ការកាប់​ឈើ​ខុសច្បាប់ ការជួញដូរ​សត្វព្រៃ​ក្នុង​អត្រា​កើនឡើង​ខ្ពស់»។  អ្នកស្រី​បន្តថា៖«បើសិន​គ្មាន​វិធានការ​ទប់ស្កាត់​នោះទេ តំបន់​ព្រៃ​ដែលមាន​ជីវចម្រុះ​ដ៏​មានតម្លៃ​មួយ​នេះ នឹងត្រូវ​បាត់បង់​ជា​រៀងរហូត»។

ព្រៃ​ឡង់​ស្ថិតនៅ​ភាគ​ខាងលិច​ទន្លេមេគង្គ ចំ​ភាគ​កណ្តាល​នៃ​ប្រទេស​កម្ពុជា និង​លាតសន្ធឹង​លើ​ខេត្ត​ចំនួន៤ គឺ​ក្រចេះ កំពង់ធំ ស្ទឹងត្រែង និង​ព្រះវិហារ ព្រមទាំង​ស្ថិតនៅលើ​ទី​ជម្រាល​នៃ​តំបន់​ចំនួន៣ ដូចជា​ស្ទឹងសែន ស្ទឹង​ជី​នី​ត និង​ស្ទឹង​សៀម​បូក និង​ជា​ផ្លូវទឹក​បែងចែក​រវាង​បឹង​ទន្លេសាប និង​អាង​ទន្លេមេគង្គ។ ប្រជា​សហគម​ជាង២៥ម៉ឺន​នាក់ រស់នៅក្នុង​ភូមិ​ចំនួន៣៤០ស្ថិតនៅក្នុង និង​តំបន់​ជុំវិញ​ព្រៃ​ឡង់ ពឹង​អាស្រ័យ​ស្ទើ​ទាំងស្រុង​លើ​ព្រៃ​ឡង់​នេះ តាមរយៈ ការប្រមូល​ក្រវាញ ជ័រទឹក ទឹកឃ្មុំ​ព្រៃ​ផ្តៅ ឫស្សី និង​ផ្លែឈើព្រៃ៕


© រក្សាសិទ្ធិដោយ thmeythmey.com