ជាតិ
សង្គមជាតិ
អាជ្ញាធរ​អប្សរា​កំពុង​កំណត់​អត្តសញ្ញាណ​រូបចម្លាក់​ដែល​ពលរដ្ឋ​រកឃើញ​ម្សិលមិញ
02, Jul 2015 , 10:20 am        
រូបភាព
សៀមរាប៖ រហូតមកដល់​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ អាជ្ញាធរ​ជាតិ​អប្សរា មិនទាន់​អាច​កំណត់​អត្តសញ្ញាណ​នៃ​រូបចម្លាក់​ទាំងពីរ ដែល​ពលរដ្ឋ​បាន​ប្រទះឃើញ​កាលពី​ម្សិលមិញ​បាន​នៅឡើយ​ទេ។ បើតាម​មន្ត្រី​នៃ​អាជ្ញាធរ​ជាតិ​អប្សរា អាជ្ញាធរ​បានធ្វើ​ការសម្អាត​រូប​ទាំងនោះ និង​កំពុង​ចុះបញ្ជី​សារពើ​ភណ្ឌ​ផងដែរ។



លោក ឡុង កុសល ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន អាជ្ញាធរ​កំពុង​រៀបចំ​ការចុះបញ្ជី​សារពើ​ភណ្ឌ​ដល់​រូបចម្លាក់ ដែល​ពលរដ្ឋ​ប្រទះឃើញ​កាលពី​ថ្ងៃទី១ កក្កដា​ម្សិលមិញ ខណៈដែល​ពួកគេ​កំពុង​ឆ្កា​ដី​ធ្វើស្រែ។ មានន័យថា អាជ្ញាធរ​ជាតិ​អប្សរា​កំពុង​ធ្វើឯកសារ​ដើម្បី​កំណត់​អត្តសញ្ញាណ​នៃ​រូប​ទាំងពីរ​នោះ​ហើយ។ យ៉ាងណា បើតាម​ការបញ្ជា​ក់រប​ស់លោក ឡុង កុសល រហូតមកដល់​ពេលនេះ គេ​មិនទាន់​អាច​កំណត់​សញ្ញាណ​នៃ​រូប​ទាំង​នោះបាន​នៅឡើយ​ទេ។

តាម​ការបញ្ជាក់​ពី​ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា រូប​ទាំងពីរ​នោះ ទីមួយ​មាន​ពាក់កណ្តាល​ខ្លួន និង​រូប​ទី​ពីរ គឺ​រូប​អង្គុយពែនភ្នែន ហើយ​រូបមួយៗមាន​កម្ពស់​ពី២០ ទៅ៣០ សង់ទីម៉ែត្រ ហើយ​រូប​ទាំងនោះ ធ្វើឡើង​ពី​ថ្មភក់។


គួរ​រម្លឹក នៅ​ព្រឹក​ថ្ងៃទី១ កក្កដា ឆ្នាំ២០១៥ ពលរដ្ឋ​បាន​ប្រទះឃើញ​រូបចម្លាក់២ដុំ ដែល​នៅ​ចំងាយ​ប្រមាណ៣០០ម៉ែត្រ ពី​ផ្លូវ​កៅស៊ូ​មុខ​អង្គរវត្ត ផ្លូវ​ទៅ​ព្រលានយន្តហោះ។ ភ្លាមៗ ពលរដ្ឋ​បានប្រគល់​រូប​ទាំងនោះ​ឲ្យ​អាជ្ញាធរ​ជាតិ​អប្សរា ដើម្បី​យកទៅ​រក្សាទុក​កន្លែង​មាន​សុវត្ថិភាព៕




© រក្សាសិទ្ធិដោយ thmeythmey.com