ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក វ៉ា គឹមហុង ថា ខ្លួនមិន​ធ្លាប់​បង្ហាញ​ផែន​ទីក្លែងក្លាយ​ដល់​ព្រះ​បរម​រតន​កោដ្ឋ
03, Jul 2015 , 10:33 am        
រូបភាព
រូបខាងឆ្វេងលោក អ៊ុំ សំអាន និងខាងស្ដាំលោក វ៉ា គឹមហុង
រូបខាងឆ្វេងលោក អ៊ុំ សំអាន និងខាងស្ដាំលោក វ៉ា គឹមហុង
ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​ព្រំដែន និង​ជា​ប្រធាន​កិច្ចការ​ចម្រុះ​ព្រំដែន លោក វ៉ា គឹមហុង បដិសេធថា រូបលោក​មិនដែល​យក​ផែនទី​ក្លែងក្លាយ ទៅ​បង្ហាញ​អតីតព្រះមហាក្សត្រ នរោត្តម សីហនុ ឡើយ។ ការបដិសេធ​របស់លោក វ៉ា គឹមហុង ធ្វើឡើង​ក្រោយពី​តំណាងរាស្ត្រ​បក្សប្រឆាំងចោទប្រកាន់រូបលោក នៅទីស្ដីការគណរដ្ឋមន្ត្រីថា បានបង្ហាញផែន​ទីក្លែង​ក្លាយ​ដល់អតីតព្រះមហាវីរៈក្សត្រ។



ឆ្លើយតប​នឹង​សំណួរ​របស់លោក អ៊ុំ សំអាន តំណាងរាស្ត្រ​គណបក្សប្រឆាំង ដែល​បានរំលឹកពីរឿងខ្លួនធ្លាប់​ចូលគាល់​ព្រះ​បរម​រតន​កោដ្ឋ​កាលពី​ឆ្នាំ២០០០ ដោយបាន​នាំ​ព្រះរាជ​ឱង្ការ​ព្រះអង្គ​ថា លោក វ៉ា គឹមហុង ធ្លាប់​យក​ផែនទី​ក្លែងក្លាយ​ទៅ​បង្ហាញ​អតីតព្រះមហាក្សត្រ​នោះ លោក វ៉ា គឹមហុង បដិសេធថា លោក​មិន​ធ្លាប់​យក​ផែនទី​មិន​ពិត​ទៅ​បង្ហាញ​អតីតព្រះមហាក្សត្រ នរោត្តម សីហនុ ទត​ដូចការចោទប្រកាន់របស់លោក អ៊ុំ សំអាន នោះទេ។ លោក វ៉ា គឹមហុង បញ្ជាក់ទៀតថា ផែនទី​ដែល​រូបលោក​បានរៀបចំ​រួចរាល់​ហើយ​នោះ គឺ​លោក​យកទៅ​តម្កល់ទុក​ដោយ​មិនបាន​បង្ហាញ​ព្រះ​បរម​រតន​កោដ្ឋ​ឡើយ។

ក្នុងការ​ឆ្លើយឆ្លង​ទល់មុខ​គ្នា​នៅ​ទីស្ដីការគណៈរដ្ឋមន្ត្រី​កាលពី​ម្សិលមិញ ប្រធាន​គណៈកម្មាធិការ​ព្រំដែន​រូបនេះ​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖«ព្រះ​កុរ​ណា​ទ្រង់​សោយ​ទីវ​ង្គ​ត​ហើយ ព្រះ​កុរ​ណា​អត់​ដែល​ឃើញ​ផែនទី​ហ្នឹង​ទេ (ផែនទី​សព្វថ្ងៃ) ។  ខ្ញុំ​អត់​បាន​យកទៅ​បង្ហាញ​(ទ្រង់)ទេ» ។ 

សូមស្ដាប់សំឡេងលោក អ៊ុំ សំអាន និងលោក វ៉ា គឹមហុង៖



ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​ព្រំដែន និង​ជា​ប្រធាន​កិច្ចការ​ចម្រុះ​ព្រំដែន លោក វ៉ា គឹមហុង អះអាងថា គណៈកម្មាធិការ​ព្រំដែន​របស់លោក បាន​អនុវត្ត​ការងារ ដោយ​យោងតាម​ផែនទី​ព្រំដែន​នៃ​វិទ្យាស្ថាន​ជាតិ​បារាំង ផែនទី​តម្កល់ទុក​នៅ​អង្គការសហប្រជាជាតិ និង​ផែនទី​ស ចម្លង​ពី​ប្រទេស​វៀតណាម ដើម្បី​ជា​មូលដ្ឋានគ្រឹះ​ក្នុងការ​ការពារ​ទឹកដី។លោក​បន្ដថា រដ្ឋាភិបាល​មិនមែន​ប្រើប្រាស់​ផែនទី​ក្លែងក្លាយ ដូច​ការចោទប្រកាន់រ​បស់​គណបក្សប្រឆាំង​នោះទេ។ ជាមួយគ្នានេះ លោក វ៉ា គឹមហុង បញ្ជាក់ទៀតថា រដ្ឋាភិបាល បាន​អនុវត្ត​ការងារ​តាមរយៈ​ផែនទី​ទាំងនេះ​កន្លងមក មិនទាន់​ឲ្យ​កម្ពុជា​បាត់បង់​ទឹកដី​របស់ខ្លួន ដូច​ការចោទប្រកាន់​ឡើយ។

លោក អ៊ុំ សំអាន តំណាងរាស្ត្រ​បក្សប្រឆាំង​ដែល​ស្ដាប់​ការបកស្រាយ​របស់​រដ្ឋា​ភិ​បាល​នោះ បដិសេធ​មិន​ទទួលស្គាល់​ផែនទី​របស់​រដ្ឋាភិបាល​ទេ ដោយ​ថា​ផែនទី​ទាំងនោះ​គឺ​រដ្ឋាភិបាល យក​ផែនទី​ដែល​រៀបចំ​បោះ​ពុ​ម្ភ​ទាំងស្រុង​ឡើងវិញ​ដោយ​វៀតណាម៕





© រក្សាសិទ្ធិដោយ thmeythmey.com