ជាតិ
សង្គមជាតិ
រដ្ឋសភាពិនិត្យ និងអនុម័តសេចក្តីស្នើច្បាប់ជួលផ្ទះនៅដើមសប្តាហ៍ក្រោយ
× រដ្ឋសភា នឹងបើកសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៥ នៅថ្ងៃចន្ទទី៦ខែកក្កដា សប្តាហ៍ក្រោយនេះ ដើម្បីអនុម័ត និងពិភាក្សាសេចក្តីស្នើច្បាប់ស្តីពីការជួលផ្ទះ ឬច្បាប់ស្តីពីភតិសន្យាពិសេស។ ការប្រកាសនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៅថ្ងៃសសុក្រនេះ។
យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៅថ្ងៃនេះរដ្ឋសភាបានអនុម័តលើរបៀបវារៈមួយចំនួនដូចជា៖ ១. ការពិនិត្យលើសំណើសុំប្រកាសទទួលស្គាល់លោក កែវ ពិសិដ្ឋ ជាតំណាងរាស្ត្រថ្មី នៃមណ្ឌលកំពង់ចាម ជំនួសលោកស្រី ចែម សាវ៉ៃ ដែលបានសុំលាលែង និងលោក ងួន ប៊ៀន ជាតំណាងរាស្ត្រថ្មី នៃមណ្ឌលកែប ជំនួសលោក អាន ហេ ដែលបានសុំលាលែង។ ២. ការពិនិត្យលើសំណើសុំជ្រើសតាំង លោក កែវ ពិសិដ្ឋ ជាមាជិកគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា។ និងទី៣. ពិនិត្យសំណើសុំបញ្ចូលសេចក្តីស្នើច្បាប់ស្តីពីភតិសន្យាពិសេស ក្នុងរបៀបវារៈសម័យប្រជុំសភា លើកទី៤ នីតិកាលទី៥ ។
ច្បាប់ស្ដីពីភតិសន្យាពិសេស ដែលមាន៤ជំពូក ចែកចេញ១១មាត្រានេះ ស្នើឡើយក្នុងគោល បំណងគ្រប់គ្រងបន្ទប់ជួល និងទំនាក់ទំនងរវាងកម្មករ សិស្ស-និស្សិត ជាមួយនឹងម្ចាស់ផ្ទះដែលមានបន្ទប់ជួលស្នាក់នៅឲ្យមានលក្ខណៈរៀបរយ និងការពារផលប្រយោជន៍ស្របច្បាប់ របស់ម្ចាស់ផ្ទះដែលមានបន្ទប់ជួល៕
© រក្សាសិទ្ធិដោយ thmeythmey.com