ជាតិ
​​​ន​យោ​បាយ​ជាតិ​
ច្បាប់​ស្ដីពីភតិសន្យាពិសេសហាម​មិន​ឲ្យ​ម្ចាស់ផ្ទះ​ដំឡើង​ថ្លៃឈ្នួល​តាមចិត្ត
06, Jul 2015 , 11:22 am        
រូបភាព
នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​រដ្ឋសភា អនុម័ត​សេចក្ដីស្នើច្បាប់​ស្ដីពី ភតិសន្យា​ពិសេស ដោយ​សំឡេង១០២លើ១០៤សំឡេង។ ការអនុម័ត​ច្បាប់​នេះ ដើម្បី​រៀបចំ​សណ្ដាប់ធ្នាប់​និង​ស្ថិរភាព​ក្នុង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុងសង្គម។ប្រធាន​មតិ​ភាគច្រើន និង​ប្រធាន​ក្រុម​មតិ​ភាគតិច​នៃ​រដ្ឋសភា សុទ្ធតែ​អះអាងថា​សេចក្ដីស្នើច្បាប់​ភតិសន្យា​ពិសេស នេះ​អាចជួយ​ការពារ​ផលប្រយោជន៍​ទាំងសងខាង​រវាង​ម្ចាស់​ផ្ទះជួល​និង​និង​អ្នក​ជួល ដើម្បី​ការអភិវឌ្ឍ​សង្គម ប្រកបដោយ​ចីរភាព និង​សមធម៌​សង្គម។



លោក សម រង្ស៊ី ដែល​ថ្លែង​គាំទ្រ​សេចក្ដីស្នើច្បាប់​ស្ដីពី ភតិសន្យា​ពិសេស​នេះ (កិច្ចសន្យាជួល) បញ្ជាក់ថា ច្បាប់​នេះ​អាចជួយ​ដោះស្រាយ​និង​ការពារ​ដល់​ការរស់នៅ​របស់​កម្មក​រ សិស្ស និស្សិត ដែល​មក​ស្នាក់នៅ​បណ្ដោះអាសន្ន ដោយ​ពុំ​ត្រូវបាន​រំលោភសិទ្ធិ​កិច្ចសន្យា​ពី​ម្ចាស់ផ្ទះ។ លោក​ថា ច្បាប់​នេះ​គឺ​អាចជួយ​ការពារ​ផលប្រយោជន៍​ដល់​ម្ចាស់​ផ្ទះជួល និង​អ្នក​ជួល​រយៈពេល២ឆ្នាំ​នៅពេល​ច្បាប់​ត្រូវបាន​អនុម័ត​ជា​ធរមាន។ ថ្លែង​អន្តរាគមន៍​លើ​សេចក្ដីស្នើច្បាប់​ភតិសន្យា​ពិសេស​នេះ ប្រធាន​ក្រុម​មតិ​ភាគតិច​នៃ​រដ្ឋសភា​រូបនេះ​អះអាង​យ៉ាង​ដូច្នេះ​ថា៖«ច្បាប់​នេះ​គឺ​ម្ចាស់ផ្ទះ​គ្មាន​សិទ្ធិ​ដេញ​កម្មករ អ្នក​ជួល​ដោយ​តាមតែ​អំពើ​ចិត្ត​នោះទេ​ក្នុង​រយៈពេល២ឆ្នាំ​យ៉ាងតិច។ ហើយ​រយៈពេល២ឆ្នាំ​នោះ ម្ចាស់ផ្ទះ​គ្មាន​សិទ្ធិ​ដំឡើងថ្លៃ​ផ្ទះ​ទេ ទោះ​កម្មករ​ត្រូវបាន​ដំឡើង​ប្រាក់​ឈ្នួល​ក៏ដោយ។ច្បាប់​នេះ​មាន​គោលបំណង​ការពារ​សិទ្ធិ​ម្ចាស់​ផ្ទះជួល​និង​អ្នក​ជួល ដើម្បី​ជួយ​ឲ្យ​សង្គម​មាន​ភាពជឿនលឿន អភិវឌ្ឍន៍​សង្គម​ជា​ចីរភាព»។

ជាមួយគ្នានេះ លោក ស ខេង ប្រធាន​ក្រុម​មតិ​ភាគច្រើន​ក្នុង​រដ្ឋសភា ក៏បាន​សម្ដែង​ការគាំទ្រ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​សេចក្ដីស្នើច្បាប់​នេះដែរ។ លោក​បន្ថែមថា ក្រសួងមហាផ្ទៃ និង​ក្រសួង​ពាក់ព័ន្ធ បានប្រកាស​ជា​អន្តរក្រសួង​ការរៀបចំ​ថ្លៃ​សេវា​រដ្ឋបាល សម្រាប់​ឲ្យ​អាជ្ញាធរ​តាម​មូល​ដ្ឋា​អនុវត្ត​សេចក្ដីស្នើច្បាប់​ស្ដីពី ភតិសន្យា​ពិសេស​នេះដែរ នៅពេល​ម្ចាស់​ផ្ទះជួល​ទៅ​ពឹងពាក់​អាជ្ញាធរ។

សេចក្ដីស្នើច្បាប់​ស្ដី ភតិសន្យា​ពិសេស ត្រូវបាន​តំណាងរាស្ត្រ​ដែលមាន​អ​សនៈ​ក្នុង​រដ្ឋសភា មកពី​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បានរៀបចំ​ស្នើច្បាប់​នេះ​ឡើង​ក្នុង​គោលបំណង​ធានា​ការពារ​សិទ្ធិ និង​ផលប្រយោជន៍​របស់​ភ​តិ​ប​តី(ម្ចាស់) និង​ភ​តិកៈ(អ្នក​ជួល) ដើម្បី​ស្ថិរភាព​ក្នុង​ជីវភាព​រស់នៅ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ ចៀសវាង​ការកើតមាន​ទំនាស់រ​វា​ង​ម្ចាស់​ផ្ទះជួល​និង​អ្នក​ជួល។

រដ្ឋសភា​បានអនុម័ត​សេចក្ដីស្នើច្បាប់​ស្ដីពី ភតិសន្យា​ពិសេស ដោយ​សំឡេង១០២លើ១០៤សំឡេង។សេចក្ដីស្នើច្បាប់​ស្ដី ភតិសន្យា​ពិសេសមាន​ចំនួន៤ជំពូក និង១១មាត្រា៕


© រក្សាសិទ្ធិដោយ thmeythmey.com