ជាតិ
សង្គមជាតិ
ឆមាស​ទី១ដើមឆ្នាំ​ចំណូល​ពី​ការលក់​ប័ណ្ណ​ចូល​អង្គរ​មាន​ជាង៣០លាន​ដុល្លារ​ថយចុះ​ជិត១%
06, Jul 2015 , 1:59 pm        
រូបភាព
សៀមរាប៖ របាយការណ៍​របស់​អា​ជ្ញា​ធរ​ជាតិ​អប្សរា បានចេញ​ផ្សាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ដោយ​បង្ហាញថា ត្រឹម​ឆមាស​ទី១ ឆ្នាំ២០១៥ ចំណូល​ពី​ការលក់​ប័ណ្ណ​ចូល​ទស្សនា​ប្រាសាទអង្គរវត្ត មាន​ចំនួន​ជាង៣០ លាន​ដុល្លារ​អាមេរិក។ ចំនួន​នេះ មានការ​ថយចុះ ០.៦៩% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំទៅ។



យោងតាម​របាយការណ៍​ដដែល​បាន​បង្ហាញថា មាន​អ្នកទេសចរ​ចំនួន ១,០៨៤,៤២៧ នាក់ ដែល​បាន​ទិញ​ប័ណ្ណ​ទស្សនា​អង្គរ ត្រឹម​ឆមាស​ទី១ ដើមឆ្នាំ២០១៥ ។ ចំនួន​នេះ​មានការ​កើនឡើង ១.៦១% ធៀប​នឹង​ឆ្នាំទៅ។ ចំណែក​ចំណូល​នៃ​ការលក់​ប័ណ្ណ​វិញ មាន​រហូតដល់​ទៅ ៣០,៩៤៨,២៤០ លាន​ដុល្លារ​អាមេរិក គឺ​ថយចុះ ០.៦៩%។

ក្នុង​របាយការណ៍​ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី៦ កក្កដា ឆ្នាំ២០១៥នេះ ក៏បាន​លម្អិត​ពី​តួលេខ​សម្រាប់​ខែមិថុនា​កន្លងទៅ​ផងដែរ។ មាន​អ្នកទេសចរ​ចំនួន ១១៤,០៦៦ នាក់ ដែល​បាន​ទិញ​ប័ណ្ណ​ចូល​ទស្សនា​អង្គរវត្ត​ក្នុង​ខែមិថុនា កើនឡើង ១៣.១៩% រកចំណូលបាន ៣ ១១២,៦៦០ ដុល្លារ​អាមេរិក គឺ​កើនឡើង ១០,៧៨%៕


© រក្សាសិទ្ធិដោយ thmeythmey.com