ជាតិ
បទវិភាគ
កម្ពុជា​គួរ​មានច្បាប់​គ្រប់គ្រង​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែរឬទេ?
07, Jul 2015 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ ភាពចម្រូងចម្រាស់រ​វា​ង​រាជរដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ីវិល​ជុំវិញ​សេចក្តីព្រាងច្បាប់ គ្រប់គ្រង​អង្គការ​មិនមែន​រដ្ឋាភិបាល បានធ្វើ​ឲ្យ​មតិ​ជាតិ និង​អន្តរជាតិ​មានការ​ចាប់អារម្មណ៍​ជាខ្លាំង។ សង្គម​ស៊ីវិល​បានបង្ហាញ​ការព្រួយបារម្ភ​នៅពេល​ច្បាប់​នេះ ចូល​ជា​ធរមាន ព្រោះ​វា​អាច​ប៉ះពាល់​ដល់​សេរីភាព​បញ្ចេញមតិ សេរីភាព​ក្នុងការ​បង្កើត​អង្គការ​សមាគម​ដែល​ត្រូវបាន​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​កម្ពុជា។ ឯ​រាជរដ្ឋាភិបាល បាន​អំពាវនាវ​ឲ្យ​សង្គម​ស៊ីវិល​កុំ​ព្រួយបារម្ភ​អំពី​ច្បាប់​នេះ ព្រោះ​ច្បាប់​នេះ​មិនបាន​បិទ​សេរីភាព​របស់​ពួកគេ​ទេ តែ​ជាការ​សម្រួល និង​ការការពារ​ដល់​សកម្ម​ភាព​របស់​អង្គការ​សមាគម​ទៅវិញ​ទេ។



សេចក្តីព្រាងច្បាប់​គ្រប់គ្រង​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ដែល​មកដល់ពេលនេះ នៅ​មិនទាន់មាន​ការឯកភាព​គ្នា រវាង​អង្គការ​សង្គម​ស៊ីវិល និង​រដ្ឋាភិបាល​កម្ពុជា។ ភាពចម្រូងចម្រាស់​នេះ កើតឡើង​ដោយសារតែ​ភាគី​ទាំងពីរ មិន​ព្រម​អង្គុយ​រក​ដំណោះស្រាយ តែ​ប្រកាន់​យកគំនិត​ឈ្នះរៀងៗខ្លួន។ រដ្ឋាភិបាល ជាពិសេស​លោក នាយករដ្ឋមន្ត្រី   ហ៊ុន សែន បាន​ជំរុញ​សេចក្តីព្រាងច្បាប់​នេះ​ឲ្យ​ចេញ​បាន​លឿន ដោយ​លើក​ហេតុផល​ថា សង្គម​ស៊ីវិល​គ្មាន​សិទ្ធិ​ធ្វើ​ច្បាប់​នោះទេ ព្រោះ​អ្នកធ្វើច្បាប់​នេះ គឺជា​តួនាទី​របស់​រដ្ឋាភិបាល និង​សភា ដែលមាន​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​ជា​ម្ចាស់ឆ្នោត។

ការលើកឡើង​នេះ ធ្វើ​ឲ្យ  ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ​និង​អន្តរជាតិ មានប្រតិកម្មយ៉ាងខ្លាំងៗរហូត​ធ្វើ​ឲ្យ​មាន​បាតុកម្ម​ប្រឆាំងនឹង​សេចក្តីព្រាងច្បាប់​នេះ​ជាច្រើនលើក​ច្រើនសារ ព្រោះ​ពួកគេ​យល់ថា ច្បាប់​នេះ​បាន​បិទ​សេរីភាព នឹងធ្វើ​ឲ្យ​រាំងស្ទះ​ដល់​ការងារ​របស់​ពួកគេ។

ការ​ប្រឆាំងនឹង​សេចក្តីព្រាងច្បាប់​ពី​សំណាក់​ប្រជាពលរដ្ឋ អង្គការ​សង្គម​ស៊ីវិល និង​មតិ​អន្តរជាតិ មិនមែនជា​រឿង​ថ្មីថ្មោង​នោះទេ ពីព្រោះ​កន្លងមក​អង្គការ​សង្គម​ស៊ីវិល​តែង​ធ្វើ​សកម្មភាព​ប្រឆាំង​ទៅនឹង​សេចក្តីព្រាងច្បាប់​របស់រ​ដ្ឋា​ភិ​បាល ដូចជា សេចក្តីព្រាងច្បាប់    ស្តីពី បទល្មើស​តាម​ប្រព័ន្ធ​អី​ន​ធើ​ណែ​ត សេចក្តីព្រាងច្បាប់​ស្តីពី​សហជីព និង​ចុង​ក្រោយនេះ គឺ​សេចក្តីព្រាងច្បាប់​ស្តីពី ការគ្រប់គ្រង​សមាគម និង​អង្គការ​ក្រៅ​មែនរដ្ឋាភិបាល។

ជាការ​ពិត សកម្មភាព​របស់​សង្គម​ស៊ីវិល​ត្រូវបាន​រដ្ឋាភិបាល​តាម​ដា​មយ៉ាង​យកចិត្ត​ទុក ហើយ​ពេលខ្លះទៀត សង្គម​ស៊ីវិល​មួយចំនួន ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​រឿងរ​ស៊ើបអង្កេត​ដូចជា ពាក់ព័ន្ធ​នឹង​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ជាដើម ត្រូវ​ស្ថិតក្រោម​ក្រសែភ្នែក​របស់​មន្ត្រី​រដ្ឋាភិបាល​ទាំង​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ។ ការរារាំង​សង្គម​ស៊ីវិល​ផ្នែក​រដ្ឋបាល​បាន​បង្កបញ្ហា​ស្មុគស្មាញ​ផ្នែក​ឯកសារ នៅពេល​ពួកគេ​ធ្វើ​សកម្មភាព​ទៅតាម​មូលដ្ឋាន​គឺជា​រឿង​ដែល​ធ្វើ​ឲ្យ​សង្គម​ស៊ីវិល​ឈឺក្បាល​រួចទៅហើយ។ ឈឺក្បាល ពីព្រោះថា ពួកគេ​ត្រូវ​រង​សម្ពាធ​ពី​អាជ្ញាធរ​មូលដ្ឋាន​ក្នុងការ​កំណត់​បែបនេះ ឬ​បែប​នោះ ដែល​ពេលខ្លះ ការកំណត់​នោះ​ទៀតសោត គឺ​ផ្ទុយទៅនឹង​ច្បាប់​ជាតិ និង​អន្តរជាតិ​ទាំងស្រុង។

សកម្មភាព​ទាំងនេះហើយ ដែល​ធ្វើ​ឲ្យ​សង្គម​ស៊ីវិល​ពិបាក​ក្នុងការ​ធ្វើការ​ជាមួយ​ប្រជាពលរដ្ឋ ហើយ​បញ្ហា​នេះ​បានធ្វើ​ឲ្យ​ក្រុម​សង្គម​ស៊ីវិល​ប្រៀបដូចជា​សត្វ​ឆ្មា​ដែល​រលាក​ទឹក​ក្តៅ​ដោយសារ ការដាក់​គំនាប​ពី​សំណាក់​អាជ្ញាធរ ។និយាយ​ជារួម បើ​ច្បាប់​នេះ ត្រូវបាន​អនុម័ត​រួចរាល់​មែន​នោះ អាជ្ញាធរ​នឹង​ប្រើ​ច្បាប់​នេះ ដើម្បី​កំណត់​សកម្មភាព ឬ​រារាំង​សកម្មភាព​អង្គការ​ស៊ីវិល​ណា​ដែល​ពាក់ព័ន្ធ​នឹង​សកម្ម​ភា​នយោបាយ បើទោះបីជា សកម្មភាព​នោះ​ជា​សកម្មភាព​ត្រឹមត្រូវ​ក៏ដោយ។

ការតាមដាន​យ៉ាង​ស្អិតល្មួត ចំពោះ​ការងារ​របស់​សង្គម​ស៊ីវិល វា​មិនមែនជា​រឿង​គ្មាន​ហេតុផល​នោះទេ ព្រោះ​សង្គម​ស៊ីវិល​មួយចំនួន​គឺ​ធ្វើ​សកម្មភាព​នយោបាយ ដែល​ផ្ទុយ​នឹង​និន្នាការ​បក្ស​កាន់អំណាច។ ហើយ​សង្គម​ស៊ីវិល​មួយចំនួន មិន​ខ្លា​ចនឹង​ការប្រកាស​គាំទ្រ​បក្សនយោបាយ​ដោយ​បើកចំហ​នៅពេល​ជិត​ដល់​ការបោះឆ្នោតម្តង។  ឯ​អ្នកនយោបាយ​មួយចំនួន គឺ​ចាប់​ផ្តើមកសាង​កេរ្តិ៍ឈ្មោះ ក្នុង​អង្គការ​សង្គម​ស៊ីវិល ហើយ​នៅពេល​ពួកគេ​ល្បីល្បាញ​ក្នុងសង្គម​ហើយ​នោះ ពួកគេ​បាន​លោត​ចូលក្នុង​សកម្មភាព​នយោបាយ ដោយ​ពេញមុខ​ពេញមាត់​តែម្តង។

ជា​ការពិត​មិនអាច​ប្រកែក​បាន កម្ពុជា​ជា​ប្រទេស​នីតិរដ្ឋ បានន័យថា កម្ពុជា​ត្រូវតែ​មានច្បាប់​សម្រាប់​គ្រប់គ្រង​ប្រទេស​របស់ខ្លួន។ ច្បាប់រដ្ឋធម្មនុញ្ញ​ដែលជា​ច្បាប់កំពូល​របស់​ជាតិ នៅ​មិនទាន់​គ្រប់គ្រាន់​ទេ តែ​ត្រូវ​មានច្បាប់តូចៗដទៃទៀត ដែល​លម្អិត​ទៅលើ​ផ្នែកនីមួយ។ 

តួយ៉ាង​សេចក្តីព្រាងច្បាប់​ទាំងបី​ខាងលើនេះ​ត្រូវមាន​មហាជន ជាពិសេស​សង្គម​ស៊ីវិល​ជាតិ និង​អង្គការ​អន្តរជាតិ​បាន​រិះគន់​យ៉ាង​ចាស់ដៃ តែ​វា​មិនមែនជា​រឿង​ចំឡែក​នោះទេ មិន​ចំឡែក​ត្រង់​ថា សេចក្តីព្រាងច្បាប់​ទាំងនោះ ហាក់​មានបំណង​បិទបាំង​ប្រជាពលរដ្ឋ អង្គទូត និង​អង្គការ​សមាគម​ដែល​ធ្វើការ​ពាក់ព័ន្ធ។ ជាក់ស្តែង ច្បាប់​គ្រប់គ្រង​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ត្រូវបាន​ព្រាង​ឡើង​តាំងពី​អំឡុង​ឆ្នាំ១៩៩៥ មកម្ល៉េះ ប៉ុន្តែ​សេចក្តីពង្រាងច្បាប់​នេះ មិន​ត្រូវបាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​នោះទេ។

ទង្វើ​បែបនេះ ទើប​ធ្វើ​ឲ្យ​សង្គម​ស៊ីវិល​មានការ​ព្រួយបារម្ភ ពីព្រោះ​ពួកគេ​មិនអាច​សហការ​ជាមួយ​រដ្ឋាភិបាល ដើម្បី​ពិនិត្យ​ខ្លឹមសារ​ច្បាប់ ប៉ុន្តែ​នៅពេលដែល​ច្បាប់​នេះ ជិត​ត្រូវ​បានអនុម័ត ទើប​ផ្សព្វផ្សាយ​ឲ្យ​សាធារណជន​បានដឹង ហើយ​ពិគ្រោះ​យោបល់​ដើម្បី​បង្គ្រប់កិច្ច​តែម្តង។

ក្នុងសង្គម​ប្រជាធិបតេយ្យ​ពិតប្រាកដ ច្បាប់នីមួយៗ មុននឹង​រុញ​ឲ្យ​សភា​អនុម័ត​ច្បាប់​នោះ ត្រូវ​ឆ្លងកាត់​ប្រជាពលរដ្ឋ​ពិនិត្យ​ខ្លឹមសារ និង​ពិគ្រោះ​យោបល់​ឲ្យ​បាន​ដិតដល់​ជាមុន      តាមរយៈ ការប្រកាស​ផ្សាយ​ជា​សាធារណៈ តែបើ​មិនមាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ទេ ទើប​ច្បាប់​នោះ​អាច​អនុម័ត​បាន។ ការធ្វើ​បែបនេះ គឺ​ដើម្បី​ឲ្យ​ច្បាប់ ត្រូវបាន​ដឹងលឺ​ដល់​ប្រជាពលរដ្ឋ និង​មានការ​ព្រមព្រៀង​ទាំង​អ្នកអនុវត្ត​ច្បាប់ និង​អ្នកគោរពច្បាប់។

ដូច្នេះ​ល្មម​ដល់ពេល​ហើយ ដែល​សង្គម​ស៊ីវិល និង​រដ្ឋាភិបាល​ត្រូវ​ចេះ​សហការ ពិគ្រោះ​យោបល់ និង​ពិភាក្សាគ្នា​ដើម្បី​ធ្វើ​ឲ្យ​ច្បាប់​មួយ​ដែលមាន យុត្តិធម៌ តម្លាភាព​និង​គណនេយ្យភាព។ មិន​ត្រឹមតែ​បញ្ហា​ច្បាប់​នោះទេ តែ​បញ្ហា​គ្រប់បែបយ៉ាង​ដែល​ត្រូវ​ដោះស្រាយ​គឺ​គួរតែ​ត្រូវ​ចូលរួម​ពី​គ្រប់​និ​ន្នា និង​គ្រ​ប់ម​ជ្ឍ​ដ្ឋា​ន ពីព្រោះ រដ្ឋាភិបាល​ដែល​ស្ថិតក្នុង​ដំណាក់កាល​ប្រទេស​កំពុង​អភិវឌ្ឍ​យ៉ាង​ដូច្នេះ ដៃគូរ​អភិវឌ្ឍ​ល្អ​បំផុត​ដែលជា​ដៃ​ជា​ជើង និង​ជា​ភ្នែក ជា​ច្រមុះ​របស់​រដ្ឋ​នោះ គឺ​អង្គការ​សង្គម​ស៊ីវិល​នេះឯង៕

ដោយ៖ រ៉ឹ​ម ភា​រី


© រក្សាសិទ្ធិដោយ thmeythmey.com