ជាតិ
សង្គមជាតិ
បន្ត​ប្រឆាំងនឹង​សេចក្ដីព្រៀងច្បាប់ NGOs ស្របពេល​គណៈកម្មការ​ជំនាញ​គ្រោង​អនុម័ត
09, Jul 2015 , 11:16 am        
រូបភាព
ដោយ: ថ្មីៗ
អង្គការក្រៅរដ្ឋាភិបាល ដែល​បាន និង​កំពុង​ជំនា​ស់នឹង​សេចក្តីព្រាងច្បាប់​ស្តីពី សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល (LANGO) បន្ត​ប្រមូល​ផ្តុំគ្នា​ធ្វើ​វេទិកា​ពិភាក្សា​សាធារណៈ នៅ​ថ្ងៃទី៩ កក្កដា​នេះ នៅ​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​ទាមទារ​ឲ្យ​រដ្ឋសភា​ពន្យា​អនុម័ត និង​ពិគ្រោះ យោបល់​បន្ថែម។ ប៉ុន្តែ​គណៈកម្មការ​ជំនាញ នឹង​អនុម័ត​សេច​ក្តី្ត​ព្រាង​ច្បាប់​នេះ នៅ​ថ្ងៃទី១០ កក្កដា។



វេទិកាសាធារណៈ​ ដើម្បីពិភាក្សា​លើ​សេចក្តីព្រាងច្បាប់​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នេះ មាន​អ្នកចូលរួម​ជាង ២០០នាក់ រួមមាន តំណាង​អង្គការ​សង្គម​ស៊ីវិល អ្នកការពារ​សិទ្ធិមនុស្ស សកម្មជន​ដីធ្លី និង​ក្រុមយុវជន។ វេទិកា​នេះ ក៏មាន​តំណាង​អង្គការសហប្រជាជាតិ​ចូលរួម​ឃ្លាំមើល​ដែរ។

ប្រធាន​ផ្នែក​បច្ចេកទេស​ស៊ើបអង្កេត​របស់​អង្គការ​លីកាដូ លោក អំ សំអាត បាន​ថ្លែង​ជំនា​ស់នឹង​សេចក្តីព្រាងច្បាប់ LANGO នេះ ដោយ​លោក​ឡើង​ថា ប្រសិនបើ​សេចក្តីព្រាងច្បាប់​នេះ នឹងត្រូវ​អនុម័ត​នោះ សមាគម និង​អង្គការ​រាប់ម៉ឺន​នៅ​មូលដ្ឋាន នឹងមាន​ឧបសគ្គ។ ជាងនេះទៀត លោក​អះអាងថា ច្បាប់​នេះ នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិសេរីភាព បញ្ចេញមតិ​របស់​អង្គការ​ក្រៅ រដ្ឋាភិបាល​នានា​ផង។ «ប្រសិនបើ​ច្បាប់​ត្រូវបាន​អនុម័ត​នោះ សមាគម និង​អង្គការ​នានា​នៅ​មូលដ្ឋាន ដែលមាន​ចំនួន​ជាង ២ម៉ឺន នឹង​ឈប់​ដំណើរ ព្រោះ​ច្បាប់​នេះ តម្រូវ​ឲ្យ​ពួកគេ​បង់​ថវិកា​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ ដែល​ពួកគេ​ពុំមាន លទ្ធភាព​ចុះបញ្ជី​នេះ»។ នេះ​ជាការ​លើកឡើង​របស់លោក អំ សំអាត។

ទោះបីជា តំណាង​អង្គការក្រៅរដ្ឋាភិបាល ទាំង​ជាតិ និង​អន្តរជាតិ​បាន និង​កំពុង​ទាមទារ​ឲ្យ ពន្យា​ពេល​ពិនិត្យ​សេចក្តីព្រាងច្បាប់ NGOs ទៀត​ក៏ដោយ ក៏​គណៈកម្មការ​ជំនាញ ដែល​ទទួលបន្ទុក​ត្រួតពិនិត្យ​សេចក្តីព្រាងច្បាប់ LANGOនេះ មិន​ពន្យា​ពេល​អនុម័ត​ឡើយ។

លោក ឈាង វុន អ្នកនាំពាក្យ និង​ជា​ប្រធាន​គណៈកម្មការ​កិច្ចការបរទេស​រដ្ឋសភា បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា គណៈកម្មការ​ជំនាញ​ទាំង៣ នៃ​រដ្ឋសភា នឹង​អនុម័ត​សេចក្តីព្រាង​​ច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល នៅ​ថ្ងៃទី១០ ខែកក្កដា​ខាងមុខ ដើម្បី​ដាក់​ទៅ​គណៈកម្មការ អចិន្ត្រៃយ៍​រដ្ឋសភា ដើម្បី​ពិនិត្យ និង​អនុម័ត​ក្នុងសម័យ​ប្រជុំ​រដ្ឋសភា​​លើក​ទី៤ នីតិកាល​ទី៥ នា​សប្តាហ៍​ក្រោយនេះ។​

សេចក្តីព្រាងច្បាប់​ចុងក្រោយ​ស្តីពី សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ដែល​រដ្ឋាភិបាល​បានអនុម័ត​នៅ ថ្ងៃទី៥មិថុនា​កន្លងទៅ មាន៩ជំពូក និង៣៩មាត្រា៕​


© រក្សាសិទ្ធិដោយ thmeythmey.com