ជាតិ
​​​ន​យោ​បាយ​ជាតិ​
វៀតណាម​សន្យាលុបស្រះ ៣ តែ​បក្ស​ប្រឆាំង​មិន​ទុក​ចិត្ត​
10, Jul 2015 , 11:09 am        
រូបភាព
ដោយ:

រដ្ឋាភិបាលវៀតណាម បានសន្យាលុបស្រះចំនួន ៣ ក្នុងខេត្តរតនៈគិរី និងផ្អាកសាងសង់ប៉ុស្តិ៍យោធា នៅខេត្តកណ្តាល ព្រមទាំងផ្អាកសាងសង់ផ្លូវ​នៅចំណុច​ព្រំដែន​ខេត្ត​ស្វាយរៀង។ ការសម្រេចរបស់ភាគីវៀតណាមនេះ ធ្វើ​ឡើង​នៅក្នុងកិច្ចប្រជុំគណៈ​កម្មការចម្រុះព្រំដែន​នៃប្រទេស​ទាំងពីរ​ នៅភ្នំពេញកន្លងទៅ។ នេះបើតាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួងការបរទេសកម្ពុជានៅថ្ងៃទី ១០ ខែកក្កដា នេះ។ តែតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ មិនជឿលើការសន្យា​របស់​ភាគី​វៀតណាម​នោះឡើយ។



ស្រះទឹក​ចំនួន ​៣  នៅក្នុងទឹក​ដី​ខេត្តរតនៈគិរី ប៉ុស្តិ៍យោធាវៀតណាម​នៅខេត្តកណ្តាល ការ​សាងសង់ផ្លូវ​នៅព្រំដែនខេត្ត​ស្វាយរៀង ត្រូវលោក​អនុរដ្ឋមន្រ្តី​ការបរទេស​វៀតណាម ប្រាប់​លោក​វ៉ា គឹមហុង នៅក្នុងកិច្ច​ប្រជុំថា រដ្ឋាភិបាលវៀតណាមសន្យាថា នឹងលុប និងផ្អាកការសាងសង់ទាំងអស់។ ហើយទាក់​ទង​នឹងស្រះទឹក ៥ ទៀត​ ក្រុមបច្ចេកទេសចម្រុះនៃគណៈកម្មការព្រំដែននៃប្រទេសទាំងពីរ នឹងចុះទៅពិនិត្យ នឹងចុះពិនិត្យមើលជាក់ស្តែង តែក្នុងចំណោមស្រះទាំងនោះ មានស្រះ ២ ជាស្រះចាស់យូរមកហើយ។ នេះបើតាមសេចក្តីប្រកាស​ព័ត៌មានរបស់​ក្រសួង​ការបរទេសកម្ពុជា នៅថ្ងៃទី ១០ ខែកក្កដា។

ទាក់​ទង​នឹង​ការ​សន្យារបស់​វៀតណាម លោក អ៊ុំ សំអាន តំណាងរាស្ត្រ​គណបក្សសង្គ្រោះជាតិ មិនមានជំនឿលើ​ការសន្យានេះឡើយ។ « ខ្ញុំ​មិន​ស្វាគមន៍​ចំពោះ​លទ្ធផល​នៃ​ការយល់ព្រម​លុប​ស្រះ និង​ការផ្អាក​សកម្មភាព​សាងសង់ផ្លូវ ព្រោះ​កន្លងមក​វៀតណាម​ធ្លាប់បាន​សន្យា​ជាច្រើនលើក​ច្រើនសា​ហើយ តែ​មិនដែល​អនុវត្ត​តាម​ការសន្យា​ទេ។ ខ្ញុំ​យល់ថា​វៀតណាម​ពិបាក​ទុកចិត្ត» ។ នេះជាការបញ្ជាក់របស់លោក អ៊ុំ សំអាន។

សូមបញ្ជាក់ ការជីកស្រះរបស់វៀតណាមនៅខេត្តរនៈគិរីចំនួន ស្ថិតនៅ ចន្លោះបង្គោលព្រំដែនលេខ ៣០ និង ៤០។ ហើយក្រសួងការបរទេសកម្ពុជា បានធ្វើកំណត់ទូតតវ៉ាពីរដងឲ្យ​វៀត​ណាមលុបស្រះទាំងនោះ កាលពីថ្ងៃទី ១២ និង ១៤ ខែមិថុនា ឆ្នាំ ២០១៥។ រីការសាងសង់ប៉ុស្តិ៍ នៅភូមិព្រែកស្បូវ ឃុំសំពៅពួន ស្រុកកោះធំខេត្តកណ្តាល កម្ពុជាធ្វើកំណត់ទូតតវ៉ាពីរដងដែរ ឲ្យវៀតណាមផ្អាកការ​សាង់សង់ កាលពីថ្ងៃទី ០៨ និងនៅថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០១៥។  បន្ទាប់មកកម្ពុជាបានធ្វើកំណត់ទូត​តវ៉ា កាលពីថ្ងៃ​ ទី ១ ខែកក្កដា ឆ្នាំ ២០១៥ ស្នើ​ឲ្យវៀតណាម​ផ្អាកសាងសង់​ផ្លូវ​ស្ថិតនៅ​បង្គោលព្រំដែនលេខ ១៩៤-២០៣ លេខ ២១១-២១៣ និងលេខ ២១៣ -២១៧ ក្នុងស្រុកចន្រ្ទានិងស្រុកកំពង់រោទិ៍ ខេត្ត​ស្វាយរៀង។

© រក្សាសិទ្ធិដោយ thmeythmey.com