ជាតិ
​​​ន​យោ​បាយ​ជាតិ​
យុវជន​ខ្មែរឥស្លាម ពេញចិត្ត​រូបភាព​ស្និទ្ធស្នាល​របស់​លោក ហ៊ុន សែន-សម រង្ស៊ី
12, Jul 2015 , 1:18 pm        
រូបភាព
រូបថត៖ facebook
រូបថត៖ facebook
ស្ទើរ​គ្រប់​សារព័ត៌មាន​ទាំងអស់​នៅ​កម្ពុជា បាន​ចុះផ្សាយ​អំពី​ការជួបជុំ​ពិសា​អាហារ​រួមគ្នា រវាង​គ្រួសារ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន និង​គ្រួសារ​មេបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី។ ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​វិញ រូបភាព​ត្រៀបត្រា​ជុំវិញ​ភាពស្និទ្ធស្នាល​របស់​គ្រួសារ​ថ្នាក់ដឹកនាំ​ទាំងពីរ ត្រូវបាន​គេ​បង្ហោះ និង​ចែករំលែកតៗគ្នា អម​ទៅនឹង​ពាក្យពេចន៍​កោតសរសើរ​ជាច្រើន។ ដោយឡែក​សម្រាប់​យុវជន​ខ្មែរឥស្លាម​វិញ ក៏បាន​ចាប់អារម្មណ៍​នឹង​រូបភាព និង​ភាពស្និទ្ធស្នាល​ទាំង​នោះដែរ ពួកគេ​យល់ថា វា​ជា​កាយវិការ​និង​ជា​គំរូ​ល្អ ដែល​ថ្នាក់ដឹកនាំ​ទាំងពីរ​បាន​ប្រើ សម្រាប់​ដឹកនាំ​ប្រទេសជាតិ។ ទន្ទឹមនឹងនេះ ពួកគេ​ក៏​ចង់ឃើញ​បណ្តា​ថ្នាក់ដឹកនាំ​នៅតាម​មូលដ្ឋាន គប្បី​មាន​រូបភាព​ដូចគ្នានេះដែ​រ។


ជា​រូបភាព​ដ៏​កម្រ ដែល​គ្រួសារ​ថ្នាក់ដឹកនាំ​ពីរ ដែលមាន​និន្នាការ​នយោបាយ​ផ្ទុយគ្នា អាច​អង្គុយ​ទាល់​មុខ​គ្នា​ទទួលទាន​អាហារ​ជុំគ្នា​នោះ។ លើសពីនេះ​ទៀត គឺ​ពួកគេ​បានបង្ហាញ​ភាពស្និទ្ធស្នាល​នឹង​គ្នា តាមរយៈ​ការថតរូប​ស៊ែ​ល​ហ្វី​នឹង​គ្នា​ជាដើម។ រូបភាព​ទាំងនោះ ត្រូវបាន​សាទរ និង​អបអរ ពី​សាធារណជន ដែល​ចង់ឃើញ​ថ្នាក់ដឹកនាំ​ចេះ​ចាប់ដៃគ្នា ប្រកាន់​វប្បធម៌​សន្ទនា​ជាធំ។

មិន​ត្រឹមតែ​ពលរដ្ឋ​ខ្មែរ​ទេ​ដែល​ចាប់អារម្មណ៍​នឹង​រូបភាព​ទាំងនោះ សូម្បី​យុវជន​ខ្មែរឥស្លាម ក៏បាន​កោតសរសើរ​នឹង​រូបភាព​ទាំង​នោះដែរ។ ពួកគេ​ថា ការ​អង្គុយ​ទទួលទាន​អាហារ​របស់​លោកនាយក​រដ្ឋមន្ត្រី និង​លោក សម រង្ស៊ី បង្ហាញ​ពី​គំរូ​ល្អ​ដល់​ថ្នាក់ដឹកនាំ​ដទៃទៀត។

លោក នាក់ សើ​គី​រី​ន ជា​យុវជន​ខ្មែរឥស្លាម និង​ជា​សាស្ត្រាចារ្យ​ផ្នែក​ច្បាប់​មួយរូប បាន​កោតសរសើរ​ចំពោះ​វប្បធម៌​សន្ទនា​របស់​ថ្នាក់ដឹកនាំ​ខាងលើ។ លោក សើ​គី​រី​ន បន្ថែមថា វា​គឺជា​របត់​នយោបាយ​ដែលមាន​ការរីកចម្រើន បើទោះបីជា​ពួកគេ​មាន​ទស្សនៈ​នយោបាយ​ផ្ទុយគ្នា​យ៉ាងណាក្តី។ លោក​បន្តថា ថ្នាក់ដឹកនាំ​ទាំងពីរ​អាច​ចាប់ដៃ និង​ជជែក​គ្នា ដោយ​គោរព​នូវ​វប្បធម៌​សន្ទនា ដើម្បី​ធ្វើការ​ជាមួយគ្នា។ «វា​ខុសពីពេលមុនៗ  ក្នុងនាម​ជា​អ្នកដឹកនាំ គួរតែ​ធ្វើ​បែប​ហ្នឹង។ បើ​យើង​មាន​ទំលាប់​បែបនេះ គឺ​វា​ល្អ។ ការរីកចម្រើន​ទៅមុខ​បាន លុះត្រាតែ​យើង​មិន​បែកបាក់​គ្នា ចេះ​សាមគ្គី​គ្នា ហើយ​កាលណា​យើង​ចេះ​សាមគ្គី​ផ្ទៃក្នុង នោះ​អ្នក​ខាងក្រៅ​គេ​នឹងមិន​មើលងាយ​យើង។ គ្រួសារ​មួយ​អាច​រីកចម្រើន​ទៅមុខ​បាន លុះណាតែ​ពួកគេ​ចេះ​សាមគ្គី​គ្នា»។ នេះ​ជាការ​ពន្យល់​របស់លោក សើ​គី​រី​ន។

មិន​ត្រឹមតែ​ថ្នាក់ដឹកនាំ​កំពូល​ទេ ដែល​គួរ​ធ្វើបែបនេះ ក្នុងនោះ​ថ្នាក់ដឹកនាំ​គ្រប់​កម្រិត ក៏​គួរប្រកាន់​នូវ​វប្បធម៌​បែបនេះ​ដែរ។ នេះ​ជាការ​លើកឡើង​របស់លោក ហ៊ីម ខ​ទៀត។ យុវជន​ឥស្លាម​រូបនេះ អះអាងថា ខ្លួន​ពេញចិត្ត​ចំពោះ​កាយវិការ​ថ្នាក់ដឹកនាំ​ទាំងពីរ ដែលមាន​លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី។ លោក ខ​ទៀត រំពឹងថា ថ្នាក់ដឹកនាំ​ទាំងពីរ​នឹង​បន្ត​នូវ​វប្បធម៌​នេះ​ត​ទៅមុខទៀត ហើយ​លោក​ថា វា​នឹង​ផ្តល់​ផល​វិជ្ជមាន​សម្រាប់​ប្រទេសជាតិ។

វា​មិន​គ្រប់គ្រាន់​នោះទេ​សម្រាប់​យុវជន​ឥស្លាម​រូបនេះ។ លោក ខ​ទៀត ក៏​ចង់ឃើញ​គំរូ​នេះ ត្រូវបាន​ថ្នាក់ដឹកនាំ​នៅតាម​មូលដ្ឋាន​អនុវត្តន៍​ដូចគ្នានេះដែរ។ លោក ខ​ទៀត រៀបរាប់​ចំណុច​អវិជ្ជមាន​ដែល​លោក​បាន​ជួប​នាពេល​កន្លងមក​ដូច្នេះ​ថា ៖« ឃើញថា មេភូមិ​និង​មេភូមិ​មិនត្រូវ​គ្នា ក្រុមប្រឹក្សាឃុំ​សង្កាត់ និង​ក្រុមប្រឹក្សាឃុំ​សង្កាត់ ដែលមាន​និន្នាការ​នយោបាយ​ផ្ទុយគ្នា គឺ​ពួកគេ​មិន​និយាយ​រកគ្នា ពេលខ្លះ​មាន​ជម្លោះ​នឹង​គ្នា​ផងដែរ។ ខ្ញុំ​ចង់​ឲ្យ​ពួកគាត់ មើល​គំរូ​ល្អ​របស់​ថ្នាក់ដឹកនាំ​ប្រទេស។ យើង​នៅតែ​អាចធ្វើ​ការរួម​គ្នា បើទោះជា​មាន​គិត​ខុសគ្នា​យ៉ាងណាក្តី»។

គួររម្លឹកថា នៅ​ល្ងាច​ថ្ងៃ​សៅរ៍​ម្សិលមិញ គ្រួសារ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែលមាន​កូន និង​កូនប្រសារ បាន​ជួបជុំ​ពិសារ​អាហារ​រួមគ្នា​និង​គ្រួសារ​លោក សម រង្ស៊ី ដែលមាន​កូនស្រី និង​កូនប្រសារ នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា។ ការទទួល​ទាន​អាហារ​នេះ ក្រោយពី​លោកនាយក​រដ្ឋមន្ត្រី បាន​បបួល​លោក សម រង្ស៊ី ក្នុង​ពិធី​បើក​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​នៅ​ខេត្តសៀមរាប អំឡុង​ខែមេសា​កន្លងទៅ៕





© រក្សាសិទ្ធិដោយ thmeythmey.com