ជាតិ
​​​ន​យោ​បាយ​ជាតិ​
តំណាងរាស្រ្ត CNRP ទាំងអស់ពហិការ មិនចូលរួមអនុម័ត​សេច​ក្តីព្រាង​ច្បាប់​ NGOs នៅថ្ងៃស្អែក​
12, Jul 2015 , 1:58 pm        
រូបភាព
ដោយ:
នៅទីបំផុតទៅ​ តំណាងរាស្រ្ត​របស់គណបក្ស​សង្គ្រោះជាតទាំង ៥៥ រូប នឹងមិនចូលរួមក្នុង​កិច្ចប្រជុំ​ដើម្បីអនុម័តសេចក្តី​ព្រាង​ច្បាប់​ស្តីពីសមាគម និងអង្គការ​ក្រៅ​រដ្ឋាភិបាល​ នៅថ្ងៃទី ១៣ ខែកក្កដា ស្អែកនោះទេ។ នេះបើយោងតាមសេចក្តី​ថ្លែងការណ៍របស់គណបក្ស​សង្គ្រោះជាតិ​នៅថ្ងៃ​ទី ១២ ខែកក្កដា នេះ៕



ក្រៅពីរិះគន់សេចក្តី​ព្រាង​ច្បាប់​នេះមិនបន្ធូរដៃ គណបក្សសង្គ្រោះជាតិ ក៏ស្នើឲ្យ​រដ្ឋសភាជាតិ​ទម្លាក់ចោល​ការអនុម័ត​សេចក្តីព្រាងច្បាប់​នេះ​ចោល​តែម្តង។ សេចក្តីថ្លែងការណ៍​គណបក្សសង្គ្រោះជាតិ​នៅថ្ងៃទី ១២ ខែកក្កដា នេះ បញ្ជាក់យ៉ាង​ច្បាស់ថា តំណាងរាស្រ្ត​របស់​គណបក្សប្រឆាំងទាំងអស់ នឹងគ្មានអ្នក​ណា​ចួលរួម​អនុម័ត​សេចក្តី​ព្រាង​ច្បាប់នេះនៅថ្ងៃ ១៣ ខែកក្កដា​ នោះទេ។ 

បើតាម​សេចក្តី​ថ្លែងការណ៍ដដែល ​គណបក្ស​សង្គ្រោះ​ជាតិ ខកចិត្ត​យ៉ាងខ្លាំង ចំពោះ​ការមិន​ទទួលយក​យោបល់​និង​គំនិតសំខាន់ៗស្ទើរ​ទាំងស្រុង​របស់​គ​ណ​បក្សប្រឆាំង និង​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ដើម្បី​កែសម្រួល​សេចក្តីព្រាងច្បាប់​ឲ្យ​​ប្រសើរ ដែល​អាច​ទទួលយកបាន​ទាំងអស់គ្នា។ លើសពីនេះ សេចក្តី​ថ្លែងការណ៍​នោះបន្តថា ជំហ​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ គឺ​មិន​គាំទ្រ​ឲ្យ​មានច្បាប់​ស្តីពី សមាគម និង​អង្គការក្រៅរដ្ឋាភិបាល ក្នុងដំណាក់កាល​បច្ចុប្បន្ន​នេះ​ទេ។​
 
គណបក្ស​សង្គ្រោះជាតិ យល់ថា ខ្លឹមសារ​នៃ​សេ​ចក្រី​ព្រាង​ច្បាប់NGOs មាន​លក្ខណៈ​គាបសង្កត់ កម្រិត​សិទ្ធិសេរីភាព​បុគ្គល​ក្នុងការ​សម្តែង​មតិ និង​ផ្ទុយ​ពី​ច្បាប់រដ្ឋធម្មនុញ្ញ មាត្រា ៣៥ និង​អនុសញ្ញា និង​កតិកា​អន្តរជាតិផ្សេងៗទៀត ដែល​កម្ពុជា​ចុះហត្ថលេខា។ បើទោះបីបែបនេះក្តី គណបក្ស​សង្គ្រោះជាតិ នៅតែ​ប្រកាន់​វប្ប​ធ​ម៌ស​ន្ទា​នាគ្នាដដែល។

យ៉ាងណាក៏ដោយ លោក ឈាង វុន តំណាងរាស្រ្តគណបក្សកាន់អំណាច បានអះអាងប្រាប់សារព័ត៌មានថ្មីៗកាល​ពី​ពេល​កន្លងទៅ​ថា រដ្ឋសភានៅតែអនុម័តសេចក្តី​ព្រាងច្បាប់​នេះ នៅថ្ងៃទី ១៣ ខែកក្កដា ខាងមុខ បើទោះបីបក្សប្រឆាំងពហិការមិនចូលអនុម័តក៏ដោយ។ លោកថា តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា មាន ៦៨ រូប  គ្រប់គ្រាន់​ដើម្បី​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​នេះ​ហើយ​៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com