ជាតិ
​​​ន​យោ​បាយ​ជាតិ​
រដ្ឋាភិបាល​នឹង​ស្នើ​វិសោធនកម្ម​ច្បាប់ NGOឡើងវិញ បើ​ប៉ះពាល់​សិទ្ធិ​និង​ប្រយោជន៍​ប្រជាជន
13, Jul 2015 , 4:19 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា (CPP) ទាំង ៦៨រូប បាន​លើកដៃបោះឆ្នោត​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ជា​ស្ថាប​ពរ ទោះបីជា​តំណាងរាស្ត្រខាង​គណបក្សប្រឆាំង​ធ្វើពហិការ​​ក៏ដោយ នៅ​ថ្ងៃទី១៣ កក្កដា​នេះ ។ ក្រោយពី​សភា​អនុម័ត​ច្បាប់​នេះ​រួច តំណាង​រដ្ឋាភិបាល លោក ស ខេង បាន​ថ្លែងថា ប្រសិនបើ​ច្បាប់ NGOនេះ ធ្វើ​ឲ្យ​ប៉ះពាល់ដល់​សិទ្ធិ និង​ផលប្រយោជន៍​ប្រជាជន នៅពេល​អនុវត្ត​នោះ រដ្ឋាភិបាល​នឹងស្នើ​ឲ្យ​ពិនិត្យ ហើយ​ធ្វើ​វិសោធនកម្ម​ឡើងវិញ។



លោក ស ខេង បាន​អះអាងថា រដ្ឋាភិបាល​នឹង​ស្នើ​ឲ្យ​រដ្ឋសភា​វិសោធនកម្ម ​ប្រសិនបើ​ច្បាប់​ស្តីពី សមាគម និង​អង្គការក្រៅរដ្ឋាភិបាល អនុវត្ត​ទៅហើយ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ សេរីភាព និង​ផលប្រយោជន៍​ប្រជាជន។ លោក ស ខេង និយាយ​បែបនេះ ក្រោយ​រដ្ឋសភា​ដែលមាន​កូរ៉ុម​ចូលរួម​សុទ្ធតែ​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា អនុម័ត​ច្បាប់ NGO នៅ​ថ្ងៃ​ចន្ទ​នេះ។ លោក ស ខេង បញ្ជាក់​មុន​បិទ​បញ្ចប់​កិច្ចប្រជុំសភា​នៅថ្ងៃនេះ​ដូច្នេះ​ថា៖«បើ​វា​ប៉ះពាល់​ដល់​សិទ្ធិ និង​ផលប្រយោជន៍​ពលរដ្ឋ ច្បាប់​នេះ​នឹង​ត្រូវធ្វើ​វិសោធន៍កម្ម​ឲ្យ​បាន​សមស្រប​ឡើងវិញ»។

ជាងនេះទៀត លោក ស ខេង ក៏បាន​លើកឡើង​តប​ទៅនឹង​ក្តីបារម្ភ​របស់​តំណាង NGO ដែល​ចាត់ទុក ច្បាប់​នេះ​ថា នឹង​ក្លាយជា​ឧបសគ្គ​សម្រាប់​ការបំពេញ​ការងារ​នោះ យ៉ាងនេះ​ថា៖«ច្បាប់​នេះ តាក់តែងឡើង​តាមច្បាប់​បរទេស​មាន​ស្រាប់ ដូចនេះ​កុំ​បារម្ភ​ពេក ច្បាប់​នេះ​នឹងមិន​ធ្វើ​ប៉ះពាល់​ដល់ដំណើរ​ការងារ NGOទេ»។ យ៉ាងណា លោក​មិនបាន​បញ្ជាក់ថា ច្បាប់​នេះ ត្រូវបាន​ដកស្រង់ចេញ​ច្បាប់​ប្រទេស​ណាមួយ​នោះទេ លោក​គ្រាន់តែ​បញ្ជាក់ថា ច្បាប់​នេះ គឺ​តាក់តែង​តាមច្បាប់ប្រទេស ដែល​កំពុង​ប្រឆាំង​មិន​ឲ្យ​មានច្បាប់ NGO នៅក្នុង​​ប្រទេស​កម្ពុជា។

គួរ​កត់សម្គាល់ថា តំណាងរាស្ត្រ​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បញ្ចេញ​ស្នាមញញឹម ក្រោយ​ពេលដែល​សេចក្តីព្រាងច្បាប់​ស្តីពី សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ដែលមាន ៩ជំពូក និង៣៩មាត្រា​ត្រូវបាន​អនុម័ត​រួច ក្នុងសម័យ​ប្រជុំ​ពេញ អង្គ​នៃ​រដ្ឋសភា លើក​ទី៤ នីតិកាល​ទី៥នេះ។ ទាំង​តំណាងរាស្ត្រ ទាំង​តំណាង​រដ្ឋាភិបាល បាន​ឡើង​ថ្លែង​ការពារ​សេចក្តីព្រាងច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ដែល​អង្គការក្រៅរដ្ឋាភិបាល​ទ​ទួ​ច​ឲ្យ​មាន​ការបន្ត​ពិគ្រោះ​យោបល់ និង​ពន្យារពេល​អនុម័ត។ កិច្ចប្រជុំពេញអង្គ​រដ្ឋ​សភា រាល់ដង​ដែលមាន​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម តែងតែ​ជជែក​ពិភាក្សាគ្នា​យ៉ាង​តឹងតែង​មុននឹង​អនុម័ត​សេចក្តីព្រាង ឬ​សេចក្តីស្នើច្បាប់​ចម្រូងចម្រាស់​ណាមួយ តែ​កិច្ច​ប្រ​ជ្រុំ​ព្រឹក​មិញ​ឮ​តែ​មតិ​គាំទ្រ​ពី​តំណាងរាស្ត្រ​បក្ស​កាន់អំណាច៕


© រក្សាសិទ្ធិដោយ thmeythmey.com