ជាតិ
​​​ន​យោ​បាយ​ជាតិ​
គណបក្ស​អំណាច​ខ្មែរ​របស់លោក សួន សេរី​រដ្ឋា ត្រូវបាន​ទទួលស្គាល់​ជា​ផ្លូវការ
18, Jul 2015 , 7:00 am        
រូបភាព
ដោយ: រួបរួម
លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ចុះហត្ថលេខា​លើ​សេចក្តីប្រកាស​កាលពី​ថ្ងៃទី១៧ ខែកក្កដា ស្តីពី​ការចុះឈ្មោះ​គណបក្ស​អំណាច​ខ្មែរ​របស់លោក សូន សេរី​រដ្ឋា ទៅក្នុង​បញ្ជី​គណបក្សនយោបាយ​នៅ​ក្រសួងមហាផ្ទៃ។



យោងតាម​ប្រការ​គណបក្ស​អំណាច​ខ្មែរ (គ.អ.ខ) មាន​ទីស្នាក់ការ​កណ្តាល​តាំងនៅ​ផ្ទះ​លេខ​១៨B ផ្លូវ​លេខ៣៨៣ សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។ ការចុះបញ្ជី​នេះ​ធ្វើឡើង​តាម​សំណើរ​របស់លោក សួន សេរី​រដ្ឋា តំណាង​ស្ថាបនិក​គណបក្ស ដែល​បានដាក់​ពាក្យ​កាលពី​ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៥ ។

លោក សួន សេរី​រដ្ឋា ដែលមាន​មូលដ្ឋាន​នៅ​បរទេស ត្រូវបាន​គេ​ស្គាល់​ថា ជា​អ្នក​រិះគន់​រដ្ឋាភិបាល​ក​ម្ពុ​ជា​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​សំចៃមាត់ ក្នុងតួនាទី​របស់លោក​ជា​ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ។ កាលពីដើម​ឆ្នាំកន្លងមក លោក​ត្រូវបាន​តុលាការ​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ៧ឆ្នាំ និង​ពិន័យ​ជា​ប្រាក់២៥លាន​រៀល​ពាក់ព័ន្ធ​នឹង​គំនិត​ក្បត់ជាតិ​ជាមួយ​គូកន៣នាក់​ទៀត ជាពិសេស​ជុំវិញ​សកម្ម​ចែកចាយ​ខិ​ត្ត​បណ្ណ​ក្នុងន័យ​ញុះញង់​ឲ្យ​មាន​ហិង្សា​ប្រឆាំង​រដ្ឋាភិបាល​កាលពី​ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៣ ។ ប៉ុន្តែ​កាលពី​ថ្ងៃទី១០ ខែកក្កដា ព្រះករុណា ព្រះមហាក្សត្រ​សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី បានចេញ​ព្រះរាជក្រឹត្យ​លើកលែងទោស​ដល់​មេដឹកនាំ​ចលនា​រូបនេះ។

ក្រោយការ​ប្រកាសទទួល​ស្គាល់ពី​ក្រសួង​មហា​ផ្ទៃ លោក សួន សេរី​រដ្ឋា បាន​សរសេរនៅ​លើគណនី​ហ្វេស​ប៊ុក​របស់​ខ្លួន​ថា គណបក្ស​អំណា​ចខ្មែរ នឹង​ចា​ប់ផ្តើមលើកស្លាកនិ​ងទីស្នា​ក់ការសាខាខេត្ត ក្រុង និង​ឃុំសង្កាត់ និងបើ​កយុ​ទ្ធនា​ការន​យោបាយ​ជាមួយ​អ្នក​គាំទ្រ និង​ពលរដ្ឋ​ ក្នុង​ប្រទេស​ចាប់ពីពេល​នេះត​ទៅ...៕





© រក្សាសិទ្ធិដោយ thmeythmey.com