កីឡាអន្តរជាតិ
អន្តរជាតិ
តារា​កំប្លែង​អង់គ្លេស Brodkin បាច​ដុល្លារ​ក្លែងក្លាយ​ទៅលើ​លោក Blatter
20, Jul 2015 , 11:24 pm        
រូបភាព
លោក Blatter ត្រូវ​បាន​ស្រោចស្រព​ដោយ​ដុល្លារក្លែងក្លាយពី​សំណាក់​តារាកំប្លែងអង់គ្លេស។ រូបថត Reuter
លោក Blatter ត្រូវ​បាន​ស្រោចស្រព​ដោយ​ដុល្លារក្លែងក្លាយពី​សំណាក់​តារាកំប្លែងអង់គ្លេស។ រូបថត Reuter
ដោយ: ថ្មីៗ
លោក Sepp Blatter ប្រធាន​សហព័ន្ធ​កី​ឡ​ាបាល់ទាត់​អន្តរជាតិ (FIFA) ដែល​ពោរពេញ​ទៅដោយ​រឿងអាស្រូវ​ពុករលួយ បាន​ជួបប្រទះ​នូវ​ការភ្ញាក់ផ្អើល​មួយ​មុនពេល​បើក​សន្និសីទ​សារព័ត៌មាន​នៅក្នុង​ទីក្រុង​ហ្សួ​រិច។ លោក​ត្រូវបាន​តារា​កំប្លែង​អង់គ្លេស​ឈ្មោះ Simon Brodkin ដែល​ដើរតួ​ជា​អ្នកកាសែត បាច​ប្រាក់​ដុល្លារ​ក្លែងក្លាយ​ដាក់​នា​ថ្ងៃទី២០ ខែកក្កដា។



លោក Blatter បាន​ហៅ​ក្រុម​សន្តិសុខ​នាំ​តារា​កំប្លែង Simon Brodkin ដែលមាន​រហស្សនាម​ថា «Lee Nelson»  ចេញទៅ​ក្រៅ។ ខណៈដែល​កំពុង​ត្រូវបាន​គេ​គ្រាកជាប់ Brodkin បាន​បាច​លុយ ហើយ​ស្រែកថា៖ «នេះ​សម្រាប់​អ្នក លោក Sepp! គឺ​សម្រាប់​ការប្រកួត​កីឡាបាល់ទាត់​ពិភពលោក [……] នៅ​កូរ៉េខាងជើង​ក្នុង​ឆ្នាំ២០២៦!» ។

ក្រោយ​ហេតុ​ការដែល​បានកើត​ឡើង លោក Blatter សុំ​ពេល៥នាទី​ដើម្បី​ឲ្យ​គេ​ប្រមូល​ដុល្លារ​ក្លែងក្លាយ​ចេញ ពីព្រោះ​លោក​បាន​លើកឡើងថា វា​មិន​ជាប់​ពាក់ព័ន្ធ​នឹង​បាល់ទាត់​នោះឡើយ។

Brodkin បានធ្វើ​រឿងប្លែកៗជាច្រើន​នាពេល​កន្លងមក។ កាលពី​ថ្ងៃទី១៦ខែ​មិនា ឆ្នាំ២០១៣ គេ​បាន​បន្លំ​ខ្លួន​ជា​កីឡាករ​រត់​ចូលទៅក្នុង​ទីលាន Goodison Park ដើម្បី​កំដៅ​សាច់ដុំ​ជាមួយ កីឡាករ​ក្រុម Manchester City នៅមុន​ការប្រកួត Premier League ជាមួយ​ម្ចាស់ផ្ទះ Everton។

នៅ​ឆ្នាំ២០១៤ Brodkin បាន​ស្លៀកពាក់​ដូច​កីឡាករ ហើយ​រត់​ចូលទៅក្នុង​ក្រុម​ជម្រើសជាតិ​អង់គ្លេស​ដែល​កំពុង​ត្រៀម​ឡើង​យន្តហោះ​នៅ​អាកាសយានដ្ឋាន Luton ដើម្បី​ចេញទៅ​ប្រកួត World Cup ជាដើម៕


Tag:
 FIFA
 Sepp Blatter
 អង់គ្លេស
© រក្សាសិទ្ធិដោយ thmeythmey.com