អន្តរជាតិ
អា​ហ្ស​ង់​ទីន ៖ ជនពិការភ្នែក​ម្នាក់​មើលមិនឃើញ​ចោរលួច​អីវ៉ាន់​ខ្លួន ប៉ូលិស​សុំ​មិន​ទទួល​ពាក្យបណ្តឹង
21, Jul 2015 , 11:12 am        
រូបភាព
ដោយ: ធីតា
 ស្នងការដ្ឋាន​ប៉ូលិស​អា​ហ្ស​ង់​ទីន​បាន​បដិសេធ​ពាក្យបណ្តឹង​របស់​ជនពិកា​រ​ភ្នែក​ម្នាក់​ដែល​ត្រូវបាន​ចោរលួច​អីវ៉ាន់ ដោយ​យក​លេស​ថា​គាត់​មិនបាន​ឃើញ​ចោរ​ដោយផ្ទាល់​ភ្នែក។ ការបដិសេធ​នេះ​នាំ​ឲ្យ​កើតជា​រឿង​ដ៏​អាម៉ាស់​និង​តម្រូវ​ឲ្យ​មានការ​ស៊ើបអង្កេត​ផ្ទៃក្នុង​ប៉ូលិស។



« តើ​លោក​មិនបាន​ឃើញ​អ្វី​ចម្លែក​ទេ​ឬ ? »នេះ​ជាការ​ចោទសួរ​របស់​ក្រុមប៉ូលិស​ក្រុង​Corrientes។ លោក Francisco Ramirez ដែលជា​ជនរងគ្រោះ​បាន​ឆ្លើយតប​ថា៖ « អត់​ឃើញ​ទេ ព្រោះ​ខ្ញុំ​ពិការភ្នែក មើល​អ្វី​មិនឃើញ​ទេ » ។

ជនរងគ្រោះ​អាយុ ៣៤ ឆ្នាំ​រូបនេះ​ត្រូវបាន​ចោរលួច​កាបូបស្ពាយ ដែល​នៅ​ក្នុងនោះ​មាន​កុំព្យូទ័រ​មួយគ្រឿង និង​ទូរស័ព្ទដៃ​ពីរ​គ្រឿង ខណៈពេលដែល​គាត់​កំពុងតែ​ហ្វឹកហាត់​ជាមួយ​ក្រុម​សមាគម​បាត់​ទាត់​ជនពិការភ្នែក​ក្នុង​ទីក្រុង។

បើតាម​ជនរងគ្រោះ​ប៉ូលិស​ពីរ​នាក់​បាន​ឆ្លៀត​ចំណេញ​ពី​ពិការភាព​របស់គាត់ ដោយ​ឲ្យ​គាត់​ចុះហត្ថលេខា​លើ​លិខិត​មួយច្បាប់​ដោយ​បោក​គាត់​ថា នោះ​ជា​លិខិត​ដែល​គាត់​ត្រូវតែ​ចុះហត្ថលេខា​ដើម្បី​យក​កាបូប​ដែល​ត្រូវ​ចោរលួច​នោះមក​វិញ។ ប៉ុន្តែ តាម​ការពិត លិខិត​នោះ​គឺជា​លិខិត​ថ្លែងអំណរគុណ​ដល់​ប៉ូលិស​សោះ។

ការរៀបរាប់​របស់​ជ​ន​រងគ្រោះ​ប្រាប់​បណ្តាញ​ព័ត៌មាន​ជាច្រើន​ធ្វើ​ឲ្យ​រឿងរ៉ាវ​អយុត្តិធម៌​របស់គាត់​ផ្សព្វផ្សាយ​ពាសពេញ​ប្រទេស។ ស្នងការ​ប៉ូលិស​ក្រុង Corrientes ត្រូវ​បង្ខំចិត្ត​បើក​ការស៊ើបអង្កេត​ផ្ទៃក្នុង​ប៉ូលិស។ នៅ​ទីបំផុត យុវជន​អាយុ ១៩ ឆ្នាំ​ម្នាក់​ត្រូវបាន​ចាប់ខ្លួន ហើយ​ជនរងគ្រោះ​ទទួលបាន​ទ្រព្យសម្បត្តិរ​បស់​ខ្លួន​មកវិញ៕


© រក្សាសិទ្ធិដោយ thmeythmey.com