ជាតិ
​​​ន​យោ​បាយ​ជាតិ​
កូនប្រុស​ច្បង​ស្លាប់ ស្វាមី​ត្រូវ​បញ្ជូនទៅ​ព្រៃ​ស ក្នុង​ថ្ងៃ​តែមួយ
22, Jul 2015 , 11:36 am        
រូបភាព
«ចង់​យំ​ក៏​យំ​មិន​ចេញ ចង់​ឆ្កួត​ក៏​ឆ្កួត​មិនកើត​ដែរ!» នេះ​ជាការ​ត្អូញត្អែ​ជាមួយនឹង​អារម្មណ៍​ស្រងេះស្រងោច​របស់​អ្នកស្រី ទិ​ត្យ ណារិន បន្ទាប់ពី​កូនច្បង​បាន​ស្លាប់ ហើយ​ស្វាមី​ជាប់ពន្ធនាគារ​ក្នុង​ថ្ងៃ​តែមួយ។ អ្នកស្រី ណារិន គឺជា​ភរិយា​របស់លោក អ៊ុក ពេជ្រ​សំណាង សកម្មជន​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ៧ឆ្នាំ​កាលពី​ថ្ងៃទី២២ ខែកក្កដា ម្សិលមិញ​នេះ។



លោក អ៊ុក ពេជ្រ​សំណាង ស្ថិតក្នុង​ចំណោម​សកម្មជន១១នាក់​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ ដែល​ត្រូវបាន​តុលាការ​កាត់ទោស​ពីបទ«ដឹកនាំ​កុបកម្ម និង​អំពើ​ចូលរួម​ក្នុង​អំពើ​កុបកម្ម» ពាក់ព័ន្ធ​នឹង​ករណី​ហិង្សា​កើតឡើង​នៅក្បែរ​ស្ពាន​នាគ​កាលពី​ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ ។ លោក មា​ជ សុវណ្ណារ៉ា លោក អឿ ណា​រិ​ទ្ធ និង​លោក ឃិត ជំរឿន ត្រូវ​ជាប់ពន្ធនាគារ២០ឆ្នាំ ខណៈ​លោក អ៊ុក ពេជ្រ​សំណាង និង​សកម្មជន៧នាក់​ផ្សេងទៀត ត្រូវ​ជាប់គុក៧ឆ្នាំ។

ថ្លែងប្រាប់​សារព័ត៌មានថ្មីៗពី​វត្ត​ទឹកថ្លា ទីតាំង​ដែល​បាន​បូជាសព​កូនប្រុស​នា​ព្រឹក​មិញ​នេះ អ្នកស្រី ទិ​ត្យ ណារិន បាន​លើកឡើងថា ហេង មេសា គឺជា​កូនប្រុស​ច្បង​ក្នុងចំណោម​កូន៤នាក់​របស់​អ្នកស្រី និង​លោក អ៊ុក ពេជ្រ​សំណាង។ គេ​បាន​ស្លាប់​ក្នុង​អាយុ៣០ឆ្នាំ ដោយសារ​ជំងឺ​បូស​ថ្លើម។

អ្នកស្រី ណារិន បាន​បញ្ជាក់ថា៖ «ជំងឺ​របស់ មេសា រើ​ខ្លាំង​នា​រយៈពេល៣សប្តាហ៍​ចុងក្រោយ​នេះ។ គេ​បាន​ស្លាប់​កាលពី​ថ្ងៃ​អង្គារ ខណៈដែល​ឪពុក​កំពុង​ប្រឈមមុខ​នឹង​តុលាការ។ ប្តី​របស់ខ្ញុំ​អាច​មិនដឹង ឬក៏​ដឹង​ស្រពិចស្រពិល​ពី​ការស្លាប់​របស់​កូន ដោយសារតែ​ខ្ញុំ​មិនមាន​ពេល​ទៅ​ជួប​គាត់​នោះឡើយ»។

អ្នកស្រី បាន​អះអាងថា មេសា គឺជា​កូនប្រុស​សំណព្វ​របស់លោក សំណាង ហើយ​អ្នកស្រី និង​ក្រុមគ្រួសារ​មិនទាន់​មានឱកាស​ប្រាប់​គាត់​ផ្ទាល់​នោះឡើយ ពីព្រោះ​បន្ទាប់ពី​ការប្រកាស​សាលក្រម លោក សំណាង និង​សកម្មជន១០នាក់​ផ្សង​ទៀត​ត្រូវបាន​ចាប់​បញ្ចូល​ក្នុង​រថយន្ត​ទ្រុង បញ្ជូនទៅ​ពន្ធនាគារ​ព្រៃ​សភ្លាមៗ ។

អ្នកស្រី​បាន​ត្អូញត្អែរថា៖ «ខ្ញុំ​ពិតជា​មាន​អារម្មណ៍​វិលវល់​ខ្លាំងណាស់ ចង់​យំ​ក៏​យំ​មិន​ចេញ ចង់​ឆ្កួត​ក៏​ឆ្កួត​មិនកើត​ដែរ។ ខ្ញុំ​មាន​គម្រោង​ទៅប្រាប់​ប្តី​ផ្ទាល់មាត់​នា​ថ្ងៃស្អែក ហើយ​បន្ត​ស្វែងរក​ថវិកា​ដើម្បី​រៀបចំ​បុណ្យ៧ថ្ងៃ​របស់​កូនប្រុស​ថែមទៀត»៕


Tag:
 លោក អ៊ុក ពេជ្រ​សំណាង
 សកម្មជន​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com