ជាតិ
​​​ន​យោ​បាយ​ជាតិ​
CNRP ថា ការផ្ដន្ទាទោស​សកម្មជន​ខ្លួន ធ្វើ​ផ្ទុយ​ពី​កិច្ចព្រមព្រៀង ២២ កក្កដា
22, Jul 2015 , 3:08 pm        
រូបភាព
គណបក្ស​សង្គ្រោះ​ជាតិ ចាត់ទុក​ការផ្ដន្ទាទោស​សកម្មជន​គណបក្ស​ខ្លួន​ចំនួន១១ គឺជា​ការធ្វើ​ឲ្យ​មាន​ភាព​តានតឹង​នយោបាយ ដែល​ផ្ទុយ​ពី​កិច្ចព្រមព្រៀង​នរវាង​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ ដែល​បាន​ឯកភាពគ្នា​កាលពី​ឆ្នាំមុន។ ការលើកឡើង​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ​នេះ ធ្វើឡើង​ក្រោយពី​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​សាលក្រម​សំណុំរឿង​លោក មា​ជ សុវណ្ណារ៉ា និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន១០រូប​ទៀត ឲ្យ​ជាប់ពន្ធនាគារ ៧ឆ្នាំ ទៅ២០ឆ្នាំ  ពី​ពីបទ «ដឹកនាំ​កូប​កម្ម និង​អំពើ​ចូលរួម​ក្នុង​អំពើ​កូប​កម្ម» ពាក់ព័ន្ធ​នឹង​ករណី​ប៉ះទង្គិច​គ្នា​ដោយ​ហិង្សា នៅក្បែរ​ស្ពាន​នាគ កាលពី​ថ្ងៃទី១៥ កក្កដា ឆ្នាំ២០១៤ ។



ថ្ងៃទី២២ កក្កដា ឆ្នាំ២០១៥នេះ គឺជា​ខួប១ឆ្នាំ នៃ​កិច្ចព្រមព្រៀង​នយោបាយ​រវាង​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ដោះស្រាយ​បញ្ហា និង​បញ្ចប់​នូវ​ភាព​តានតឹង​នយោបាយ​នៅ​កម្ពុជា។ ប៉ុន្ដែ​ថ្ងៃទី២២ កក្កដា​នេះ ក៏​ជា​ថ្ងៃ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ មានការ​សោកស្ដាយ​ដែរ ស្រប​ពេលដែល​សកម្មជន​ខ្លួន​ចំនួន១១នាក់ ត្រូវបាន​តុលាការ​ផ្តន្ទាទោស​ជាប់ពន្ធនាគារ។

សេចក្ដីថ្លែងការណ៍​គណបក្ស​សង្គ្រោះ​ជាតិ ចុះ​ថ្ងៃទី២២ កក្កដា​នេះ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖« មានការ​ភ្ញាក់ផ្អើល និង​សោកស្តាយ​ជាខ្លាំង​ដែល​តុលាការ​រាជធានី​ភ្នំពេញ បានសម្រេច​ដាក់ពន្ធនាគារ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន១១រូប កាលពី​ថ្ងៃទី២១ខែកក្កដា ឆ្នាំ២០១៥ គឺជា​ការធ្វើ​ឲ្យ​ភាព​តានតឹង​ខាង​នយោបាយ​ឡើងវិញ ដែល​ផ្ទុយ​នឹង​ស្មារតី​កិច្ចព្រមព្រៀង​នយោបាយ​កាលពី​ថ្ងៃទី២២ខែកក្កដា ឆ្នាំ២០១៤កន្លងមក»។

សេចក្តីថ្លែងការណ៍​ដដែល​បន្តថា គណបក្ស​សង្គ្រោះ​ជាតិ​បាននិងកំពុង ហើយនឹង​នៅតែ​បន្ត​ព្យាយាម​គោរព​តាម​ស្មារតី​នៃ​កិច្ចព្រមព្រៀង​នយោបាយ​ខាងលើនេះ ប្រកបដោយ​សុច្ឆន្ទៈ ដើម្បី​សហការគ្នា​ជាមួយនឹង​គ​ណ​បក្ស​ប្រជាជន​កម្ពុជា ក្នុងការ​ស្វែងរក​ដំណោះស្រាយ​បញ្ហា​នានា ដែលជា​ប្រយោជន៍​ជាតិ និង​ប្រយោជន៍​ប្រជាពលរដ្ឋ​ខ្មែរ។គណបក្ស​សង្គ្រោះ​ជាតិ​សង្ឃឹមថា​វប្បធម៌​សន្ទនា​នឹង​អាច​បន្ត​ដោះស្រាយ​និង​បញ្ចប់​នូវ​ភាព​តានតឹង​នយោបាយ ដើម្បី​សហការគ្នា ឲ្យ​មានការ​ដោះលែង​សកម្មជន​គណបក្ស​ខ្លួន​ទាំង១១រូបនេះ ឲ្យ​មាន​សេរីភាព​ឡើងវិញ។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥ​សាន្ដ បដិសេធ​ការលើកឡើង​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ថា ការសម្រេច​សាលក្រម​របស់​តុលាការ មិនមែនជា​រឿង​រំលោភ​កិច្ចព្រមព្រៀង​នយោបាយ​ឡើយ ព្រោះ​កិច្ចព្រមព្រៀង​កាលពី​ថ្ងៃទី២២ កក្កដា គឺ​គ្រាន់តែ​ជា​កិច្ចព្រមព្រៀង ដែល​ឈានទៅ​បង្កើត​វប្បធម៌​សន្ទនា​ប៉ុណ្ណោះ។ ចំណែក​ការសម្រេច​របស់​ផ្ដន្ទាទោស​សកម្មជន​គណ​បក្ស​សង្គ្រោះ​ជាតិ​នៅពេលនេះ គឺជា​ឆន្ទានុសិទ្ធិ​របស់​តុលាការ។

ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក កឹម សុខា ប្រកាសថា រូបលោក​កំពុង​ស្វែងរក​វិធី ដើម្បី​ជួយ​ដល់ លោក មា​ជ សុវណ្ណារ៉ា និង​សកម្មជន ១០ នាក់​ទៀត ដែល​កំពុង​ជាប់ពន្ធនាគារ​ព្រៃ​ស ស្របពេល​ដែល​លោក សម រង្ស៊ី កំពុង​បំពេញការងារ​នៅក្រៅ​ប្រទេស។ តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន លោក កឹម សុខា បានប្រកាសថា លោក​កំពុង​ខ្វែងដៃខ្វែងជើង​រក​វិធី ដើម្បី​ជួយ​សកម្មជន​បក្ស​ទាំងនោះ ដោយ​លោក បាន​ជួប​ជាមួយ​មន្ត្រី​ទូត នៅ​ស្ថានទូត​យ៉ាងតិច​ចំនួន ៣ ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​រក​កិច្ច​អន្តរាគមន៍​ចំពោះ​សកម្មជន​ខ្លួន។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី ចាត់ទុកថា ស្ថានការណ៍​នយោបាយ​នៅ​ប្រទេស​កម្ពុជា មាន​ភាពល្អប្រសើរ​ជាង​មុន គួរ​ឲ្យ​កត់សម្គាល់ ខណៈដែល​ថ្ងៃទី២២ កក្កដា​នេះ គឺជា​ខួប១ឆ្នាំ នៃ​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នយោបាយ​រវាង​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ។ លោក សម រង្ស៊ី បាន​សរសេរ​លើ​ទំព័រ​ហ្វេ​ស​បុក​របស់ខ្លួន​ថា ទោះជា​នៅមាន​បញ្ហា​ជាច្រើន​ទៀត ដែល​គណបក្ស​ទាំងពីរ​មិនទាន់​ឯកភាពគ្នា​នៅឡើយ និង​ទោះ​ជាមាន​ព្យុះភ្លៀង​និង​ផ្គរ​ក៏ដោយ ក៏​គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​ខិតខំ​រក្សា និង​ពង្រឹង​វប្បធម៌​សន្ទនា ដែល​បានកើត​ចេញពី​កិច្ចព្រមព្រៀង​ខាងលើនេះ។

ការសម្រេច​សាលក្រម​របស់​តុលាការ​លើ​សំណុំរឿង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន១១រូបនេះ ត្រូវបាន​សង្គម​ស៊ីវិល​យល់ថា ជា​រឿង​ពាក់ព័ន្ធ​បញ្ហានយោបាយ ក្រោយពី​គណបក្ស​សង្គ្រោះ​ជាតិ បាន​សើរើ​រឿង​ព្រំដែន​ឡើងវិញ៕


Tag:
 CNRP
 គណបក្ស​សង្គ្រោះ​ជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com