ជាតិ
​​​ន​យោ​បាយ​ជាតិ​
CPP ប្រាប់​ដៃគូ​សន្ទនា​ឲ្យ​ចេះ​បែងចែក​រវាង​កិច្ចព្រមព្រៀង​នយោបាយ និង​ច្បាប់
22, Jul 2015 , 9:31 pm        
រូបភាព
គណបក្ស​ប្រជាជន​កម្ពុជា​តាមរយៈ​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​នា​ល្ងាច​ថ្ងៃទី២២ ខែកក្កដា នេះ បានប្រកាស​ជំហរ​ស្មោះត្រង់​របស់ខ្លួន​នូវ​គោលការណ៍​ទាំងឡាយ​នៃ​វប្បធម៌​សន្ទនា ហើយ​បាន​អំពាវនាវ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ បន្ត​គោរព​កិច្ចព្រមព្រៀង​ទាំងឡាយ​ដែល​បាន​ឯកភាពគ្នា​ដោយ​បែងចែក​ឲ្យ​ដាច់ស្រឡះ​រវាង​កិច្ចព្រមព្រៀង​នយោបាយ និង​ច្បាប់។



ក្នុង​សេចក្តីថ្លែងការណ៍​ដែល​ទំនងជា​ឆ្លើយតប​ទៅនឹង​សេចក្តីថ្លែងការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នោះ បក្ស​កាន់អំណាច​ធ្វើការ​ប្រកាស​នូវ​គោលការណ៍សំខាន់ៗមួយចំនួន​របស់ខ្លួន ដូចជា​ការបន្ត​ប្រតិ​ប​ត្ត​ដោយស្មោះ​ត្រង់​នូវ​គោលការណ៍​ទាំងឡាយ​នៃ​វប្បធម៌​សន្ទនា ក្រោម​ឆ័​ត្រ​នៃ​រដ្ឋធម្មនុញ្ញ និង​ច្បាប់ ពោលគឺ​មិនអាច​គ្របដណ្តប់​លើ​វិស័យ​តុលាការ។

គណបក្ស​ប្រជាជន​កម្ពុជា បាន​អះអាង​ដែលថា ខ្លួន​បែក​ចែក​បាន​ដាច់ពីគ្នា​រវាង​អំណាចនីតិបញ្ញត្តិ និង​អំណាចនីតិប្រតិបត្តិ ដោយ​ស្របទៅនឹង​ប្រការ៤នៃ​កិច្ចព្រមព្រៀង​ស្តីពី​ដំណោះស្រាយ​របស់​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ​កាលពី​ថ្ងៃទី២២ ខែកក្កដា។

មុននឹង​អំពាវនាវ​គណបក្ស​ដៃគូ​សន្ទនា និង​អង្គការក្រៅរដ្ឋាភិបាល និង​មហាជន​នានា ឲ្យ​ចូលរួម​ពង្រឹង​នីតិរដ្ឋ​នៅ​កម្ពុជា បក្ស​កាន់អំណាច​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់​សារជាថ្មី​ថា កម្ពុជា​មិនមាន​អ្នកទោសនយោបាយ​ទេ មានតែ​អ្នកនយោបាយ​ដែល​ប្រព្រឹត្ត​កំហុស ហើយ​ត្រូវបាន​ផ្តន្ទាទោស​ដោយ​ច្បាប់។

ប្រតិកម្ម​របស់​គណបក្ស​កាន់អំណាច កើតឡើង​បន្ទាប់ពី​ការចេញ​សេចក្តីថ្លែងការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​សម្តែង​ការភ្ញាក់ផ្អើល និង​សោកស្តាយ បន្ទាប់ពី​តុលាការ​រាជធានី​ភ្នំពេញ បានសម្រេច​ដាក់ពន្ធនាគារ​សកម្មជន​ខ្លួន​ចំនួន១១នាក់ កាលពី​ថ្ងៃទី២១ ខែកក្កដា។

សង្គ្រោះ​ជាតិ បាន​លើកឡើងថា កិច្ចព្រមព្រៀង​នយោបាយ​ដែល​បាន​ឈានដល់​ខួប​មួយឆ្នាំ​នោះ អាច​ដោះស្រាយ និង​បញ្ចប់​ភាព​តានតឹង​នយោបាយ​នៅ​កម្ពុជា ប៉ុន្តែ​ការសម្រេច​ដាក់ពន្ធនាគារ​សកម្មជន១១នាក់​នោះ បានធ្វើ​ឲ្យ​មាន​ភាព​តានតឹង​នយោបាយ​ឡើងវិញ​ដែល​ផ្ទុយ​ពី​កិច្ចព្រមព្រៀង​កាលពី​ថ្ងៃទី២២ ខែកក្កដា ឆ្នាំមុន។

គណបក្សប្រឆាំង​របស់​លោក សម រង្ស៊ី បានដាក់​ក្តី​រំពឹងថា វប្បធម៌​សន្ទនា​អាច​បន្ត​ដោះស្រាយ​បញ្ហា​របស់​ប្រទេសជាតិ និង​ពលរដ្ឋ​ខ្មែរ ជាពិសេស​បញ្ចប់​នូវ​ភាព​តានតឹង​នយោបាយ ដែល​ឈានទៅដល់​ការដោះលែង​សកម្មជន១១នាក់​ឲ្យ​មាន​សេរីភាព​ឡើងវិញ៕





Tag:
 វប្បធម៌​សន្ទនា
© រក្សាសិទ្ធិដោយ thmeythmey.com