កីឡាអន្តរជាតិ
U13 ចំនួន ៣២ ក្រុម​ចែកជា៨ពូ​ល​នឹង​ប្រកួត​គ្នា​នៅ​បាទី​ដើមខែ​សីហា ខាងមុខ
24, Jul 2015 , 8:19 am        
រូបភាព
ដោយ:
 
ក្រុមកីឡា​បាល់ទាត់​យុវជន​ក្រោម​អាយុ១៣ឆ្នាំ (U13) ចំនួន៣២ក្រុម​មកពី​ទូទាំងប្រទេស​កំពុង​ត្រៀមខ្លួន​ប្រកួត​ក្នុង​ពានរង្វាន់​បាល់ទាត់​ជ្រើសរើស​ជើងឯក​យុវជន​ក្រោម​អាយុ ១៣ ឆ្នាំ ឆ្នាំ ២០១៥ ដែល​រៀបចំឡើង​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា នៅក្នុង​បរិវេណ​មជ្ឈមណ្ឌល​និង​សាលា​បាល់ទាត់​ជាតិ​បាទី នា​ដើមខែ​សីហា ខាងមុខ។



ក្រុម​ចំនួន៣២ត្រូវ​គណៈកម្មការ​រៀប​ចំការ​ប្រកួត​ចាប់ឆ្នោត​បែងចែក​ក្រុម​ជា ៨ ពូ​ល​ផ្សេងគ្នា ដោយ​ក្នុងនោះ​ពូ​ល A មាន​ក្រុមយុវជន​រតនៈ, ក្រុម​សុវណ្ណ​ភូមិ​ពោធិចិនតុង​ទី១, កងរាជអាវុធហត្ថ​ខេត្តពោធិ៍សាត់ និង ក្រុម​រស្មី​ក្រហម​ក ហើយ​ពូ​ល B មាន​ក្រុម​អធិរាជ​ភ្នំពេញ, ក្រុម​អង្ក​ការអភិវឌ្ឍន៍​កុមារ​កម្ពុជា, ក្រុម​កងរាជអាវុធហត្ថ​ខេត្តកណ្ដាល និង ក្រុម​ខេត្ត​ព្រះសីហនុ។ នៅ​ពូ​ល C មាន​យុវជន​ខេត្តព្រះវិហារ, កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ, ភ្នំពេញ​ក្រោ​ន និង ខេត្តកំពង់ឆ្នាំង ពូ​ល D មាន​ក្រុម​ខេត្តព្រៃវែង, មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្ត​ប៉ៃលិន, យុវជន​ឧ​ត្ត​រ និង កងរាជអាវុធហត្ថ​ខេត្តកំពង់ចាម។

ចំណែក​ពូ​ល E មាន​ក្រុម​សៀមរាប, អធិរាជ​ភ្នំ​ស្វាយ, វិទ្យាល័យ​ហ៊ុនសែន​ភ្នំពេញ​ថ្មី និង​ខេត្តបាត់ដំបង ស្របពេល​ពូ​ល F មាន​ក្រុម​អភិវឌ្ឍន៍​បាល់ទាត់​យុវជន​ភាគ​ខាងជើង កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ, សាលា​ឃី​ង​ដឹ​ម​ឃី​ដ និង ក្រុម​ខេត្តស្វាយរៀង ហើយ​ពូ​ល G មាន​ក្រុម​ពិស្ណុការ​អាកា​ដឺ​មី, ក្រុម​ស្វាយរៀង​អែ​ហ្វ​ស៊ី, ក្រុម​កុមារ​ឆ្លាម​សមុទ្រ និង កងរាជអាវុធហត្ថ​ខេត្តកំពត និង ពូ​ល H មាន​ក្រុម ត្បូង​ប៉ៃលិន, ក្រុម​កងរាជអាវុធហត្ថ​ខេត្ត​កែប, ខេត្តក្រចេះ និង មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្តតាកែវ។

បើតាម​លិខិត​ជូនដំណឹង​លេខ ២៩១/១៥ ស.ប.ក/ស.ជ.ន ចុះ​ថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ២០១៥ របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ពានរង្វាន់​នេះ​នឹង​ចាប់ផ្ដើម​ប្រកួត​ពីថ្ងៃ​ទី ១៤ ដល់ ២៤ ខែ សីហា ឆ្នាំ ២០១៥ នៅលើ​ទីលាន​ទាំង ៤ ក្នុង​បរិវេណ​មជ្ឍមណ្ឌល​និង​សាលា​បាល់ទាត់​ជាតិ​បាទី ក្នុង​ខេត្តតាកែវ។

តាម​គម្រោង​ដែល​ចេញ​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា នៅ​ថ្ងៃទី ១២ ខែ សីហា ក្រុម​ទាំងអស់​ធ្វើដំណើរ​ទៅដល់​កន្លែង​ប្រកួត ហើយ​មួយថ្ងៃ​បន្ទាប់​ត្រូវ​ប្រជុំ​បច្ចេកទេស និង សិក្ខាសាលា​អំពី​ការប្រកួត។ ចាប់ពី​ថ្ងៃទី ១៣ ដល់ ១៦ ខែ សីហា ជា​វគ្គ​ប្រកួត​ជម្រុះ​តាម​ពូ​ល។ ក្រុម​លេខ ១ លេខ ២ តាម​ពូ​ល​មានឈ្មោះ​ឡើងទៅ​លេង​នៅ​វគ្គ ១៦ ក្រុម​ចុងក្រោយ ហើយ​ត្រូវ​ប្រកួត​ជម្រុះ​រហូតដល់​វគ្គ​ផ្ដាច់ព្រ័ត្រ ដែល​រៀបចំ​នៅ​ម៉ោង ៣ ល្ងាច​ថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០១៥៕



© រក្សាសិទ្ធិដោយ thmeythmey.com