ជាតិ
​​​ន​យោ​បាយ​ជាតិ​
សកម្មជន​CNRPជាប់ឃុំ​ទាំង១១នាក់ ស្នើ​លោក កឹម សុខា កុំ​យក​បញ្ហា​ពួកគេ​ទៅ​ដោះដូរ​នយោបាយ
27, Jul 2015 , 2:44 pm        
រូបភាព
សកម្មជន​គណបក្ស​ស​ង្គ្រោះ​ជាតិ​ទាំង១១រូប​ដែល​កំពុង​ជាប់ឃុំ​ខ្លួន ស្នើ​ឲ្យ​មេដឹកនាំ​គណបក្ស​នេះ អនុវត្ត​ការងារ​របស់ខ្លួន ដោយ​មិន​ឲ្យ​យក​បញ្ហា​ចាប់ឃុំខ្លួន​របស់​ពួកគេ​ទៅ​ដោះដូរ​នយោបាយ​ឡើយ។ នេះ​បើតាម​ប្រធានស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា។



លោក កឹម សុខា ដែល​បាន​ចុះ​ជួប​សួរ​សុខ​ទុក​សកម្មជន​ទាំង១១ កាល​ព្រឹក​ថ្ងៃ​ចន្ទ​នេះ បាន​បញ្ជាក់ថា សុខភាព​របស់​សកម្ម​ជន​ទាំងនោះ​ធម្មតា មិនមាន​បញ្ហា​អ្វី​នោះទេ។ ហើយ​ឧ​ត្ត​ម​គតិ​ជំហ​របស់​ពួកគេ​រឹងមាំ ដោយ​ពួកគេនៅតែបង្ហាញ​ក្ដីបារម្ភ​លើ​បញ្ហា​យុត្តិធម៌​សង្គម ។ លោក​ថា អ្វីដែល​ពួកគេ​ចង់បាន​គឺ​យុត្តិធម៌ សម្រាប់​ពួកគេ​ក្នុងការ​ប្រើប្រាស់​សិទ្ធិសេរីភាព​ក្នុងសង្គម​បន្ដទៀត។

លោក កឹម សុខា បន្ថែមថា លោក​មិន​ឲ្យសកម្មជនទាំង១១នាក់នោះ​អស់សង្ឃឹម​ទេ ព្រោះ​លោក​មាន​ជំនឿ​ចិត្ត​ថា នៅមានច្រក៣ ក្នុងការជួយឲ្យពួកគេនៅក្រៅឃុំដូចជា ការ​តតាំង​តាមផ្លូវ​ច្បាប់ ប្ដឹងទៅ​សាលាឧទ្ធរណ៍​ ដោយ​លោក​បាន​លើក​ហេតុផល​ថា គ្រា​ដែល​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​សាលក្រម​កាត់ទោស​សកម្ម​ជន​ទាំងនោះ គឺ​មិនមាន​វត្តមាន​មេធាវី​របស់​ចុងចោទ​ឡើយ។ លោក បន្ថែមថា កិច្ចព្រមព្រៀង​កាលពី​ថ្ងៃ​ទី២២ កក្កដា និង​វប្បធម៌​សន្ទនា​រវាង​គណបក្ស​ទាំងពីរ ក៏​ជា​មធ្យោបាយ​ដែល​អាចជួយ​ដោះលែង​សកម្មជន​ខ្លួន​ដែរ។
កាលពី​ថ្ងៃទី២១ កក្កដា សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​សាលក្រម​សំណុំរឿង​លោក មា​ជ សុវណ្ណារ៉ា និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន១០រូប​ទៀត ឲ្យ​ជាប់ពន្ធនាគារ ៧ឆ្នាំ ទៅ២០ឆ្នាំ  ពីបទ «ដឹកនាំ​កុបកម្ម និង​អំពើ​ចូលរួម​ក្នុង​អំពើ​កុបកម្ម» ពាក់ព័ន្ធ​នឹង​ករណី​ប៉ះទង្គិច​គ្នា​ដោយ​ហិង្សា នៅក្បែរ​ស្ពាន​នាគ កាលពី​ថ្ងៃទី១៥ កក្កដា ឆ្នាំ២០១៤ ៕


© រក្សាសិទ្ធិដោយ thmeythmey.com