ជាតិ
លោក សម រង្ស៊ី យល់ថា កិច្ចព្រមព្រៀង​ប៉ារីស អាចដាក់​សម្ពាធ​លើ​វៀតណាម
31, Jul 2015 , 4:24 pm        
រូបភាព
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​បញ្ជាក់ថា មធ្យោបាយ​ដែលមាន​ប្រសិទ្ធភាព​ជាងគេ​នៅពេលនេះ គឺ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​អនុវត្ត​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ឆ្នាំ១៩៩១ ស្ដីពី​កម្ពុជា ដើម្បី​ជំរុញ​ឲ្យ​ប្រទេស​វៀតណាម​គោរព​បូរណភាព​ទឹកដី​ប្រទេស​កម្ពុជា។ ការលើកឡើង​របស់លោក សម រង្ស៊ី បែបនេះ​ធ្វើឡើង​ក្រោយពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​ឆ្លើយ​តប​នឹង​សំណើ​របស់​តំណាងរាស្ត្រ​បក្ស​ខ្លួន ដែល​ស្នើ​ឲ្យ​រដ្ឋាភិបាល​ដាក់ពាក្យ​ប្ដឹងទៅ​តុលាការអន្តរជាតិ ICJ ពី​បញ្ហា​ព្រំដែន​រវាង​កម្ពុជា-វៀតណាម។


លោក សម រង្ស៊ី បាន​សរសេរ​នៅក្នុង​ហ្វេ​ស​បុក​របស់ខ្លួន​ដូច្នេះ​ថា៖«ដើម្បី​ជំរុញ​ឲ្យ​ប្រទេសជិតខាង​គោរព​បូរណភាព​ទឹកដី នៃ​ប្រទេស​កម្ពុជា មធ្យោបាយ​ដែលមាន​ប្រសិទ្ធភាព​ជាងគេ នៅពេលនេះ គឺ​ការទាមទារ​ពី​សំណាក់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា ឲ្យ​មានការ​អនុវត្តន៍​ឲ្យ​បាន​ត្រឹមត្រូវ នូវ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ឆ្នាំ ១៩៩១ ស្តីពី​កម្ពុជា។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ បន្ថែមថា ប្រទេស​ថៃ ប្រទេស​ឡាវ និង​ប្រទេស​វៀតណាម ក៏​ជា​ហត្ថលេខី នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ឆ្នាំ១៩៩១នេះដែរ ហើយ​ហត្ថលេខី​ទាំងអស់នេះ ធ្លាប់បាន​សន្យាថា​នឹង​គោរព ជួយ​ការពារ​ឯករាជ្យភាព អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​នៃ​ប្រទេស​កម្ពុជា​ថែមទៀត ក្រោយពី​ការចុះហត្ថលេខា ថ្ងៃទី ២៣ ខែតុលា ឆ្នាំ ១៩៩១ ។ ត្រង់ចំណុច​នេះ​លោក សម រង្ស៊ី បាន​សង្កត់ធ្ងន់​ថា បើ​ប្រទេស​ណាមួយ រំលោភ​បូរណភាព​ទឹកដី​នៃ​ប្រទេស​កម្ពុជា​នោះ​នឹងត្រូវ​សហគមន៍​អន្តរជាតិ ថ្កោលទោស​ធ្ងន់ធ្ងរ។

​លោក កែម ឡី អ្នកវិភាគ​នយោបាយ យល់ថា ការ​លើកយក​យន្ដការ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​នៅពេលនេះ គឺ​គ្រាន់តែ​ជា​យន្ដការ​មួយ​សម្រាប់​បង្ខំ​ឲ្យ​ភាគី​វៀតណាម​ជា​ហត្ថលេខី គោរព​បូរណភាព​ទឹកដី​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ។ តែ​សម្រាប់​លោក កែម ឡី វិធានការ​ប្ដឹងទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ គឺជា​វិធានការ​មួយ​ល្អ​បំផុត ដែល​អាចជួយ​ដោះស្រាយ​បញ្ចប់​បញ្ហា​ព្រំដែន​រវាង​កម្ពុជា-វៀតណាម ។

កាលពីពេលថ្មីៗនេះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់ថា រដ្ឋាភិបាល​របស់លោក​កំពុង​ព្យាយាម​ដោះស្រាយ​ទំនាស់​បន្ទាត់​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម ដោយ​ឈរលើ​មូលដ្ឋាន​ច្បាប់​ជាតិ និង​អន្តរជាតិ​ហើយ។ ការអះអាង​របស់លោក ហុន សែន ត្រូវបាន​ធ្វើឡើង​នៅ​ក្របខណ្ឌ​នៃ​ការឆ្លើយតប​ទៅ​តំណាងរាស្ត្រ​គណបក្សប្រឆាំង​ចំនួន១២រូប ដែល​ទាមទារ​ឲ្យ​លោក​ប្តឹង​ប្រទេស​វៀតណាម​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ( ICJ )។

ប្រមុខ​រដ្ឋាភិបាល បន្ថែមថា កម្ពុជា​វៀតណាម បាន​បោះបង្គោល និង​កំណត់​ខ្សែ​ព្រំដែន​បាន​ប្រមាណ​ជា ៨៣ភាគរយ ហើយ រីឯ​កំណាត់​ព្រំដែន​ដែល​នៅ​សេសសល់ រាជរដ្ឋាភិបាល​ទុក​ឲ្យ​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន និង​ក្រសួងការបរទេស បន្ត​ការចរចា​ដោះស្រាយ​ដោយ​សន្តិវិធី​ដើម្បី​ស្វែងរក​លទ្ធភាព​ដំណោះស្រាយ​យុត្តិធម៌​សមស្រប៕


Tag:
 ព្រំដែន
  កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស
 លោក សម រង្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com