អន្តរជាតិ
តួរ​គី ៖ ថៅកែ​ក្រុមហ៊ុន​មួយ​ចែក​ប្រាក់ ២០ ម៉ឺន​ដុល្លារ​ដល់​បុគ្គលិក​របស់ខ្លួន​គ្រប់រូប
02, Aug 2015 , 6:11 pm        
រូបភាព
ដោយ: ធីតា

ចំនួន​ទឹកប្រាក់​ដែល​បុគ្គលិក​ក្រុមហ៊ុន​នេះ​ទទួលបាន គឺ​ប្រៀបដូចជា​ឈ្នះឆ្នោត​រង្វាន់​ធំ​ដោយ​មិនបាច់​លេង​ដូច្នោះ​ដែរ។ បុគ្គលិក​ទាំង ១១៤ នាក់​នៃ​ក្រុមហ៊ុន​ទទួល​ការបញ្ជាទិញ​អាហារ​តាម​អ៊ី​ន​ធឺ​ណេ​ត Yemeksepeti.com សុទ្ធ​តែមាន​ចំណែក​ទទួលបាន​អំណោយ បន្ទាប់ពី​ថៅកែ​របស់​ពួកគេ​បាន​លក់​ក្រុមហ៊ុន​ក្នុងតម្លៃ​ប្រមាណ 600 លាន​ដុល្លារ​ទៅ​ឲ្យ​ក្រុមហ៊ុន​អាល្លឺម៉ង់​មួយ។ ថៅកែ​ក្រុមហ៊ុន​តួរ​គី​នេះ​បាន​ចែក​ប្រា​ក់ជាង ២០ ម៉ឺន​ដុល្លារ​ដល់​បុគ្គលិកម្នាក់ៗរបស់ខ្លួន នេះ​បើតាម​ប្រភពព័ត៌មាន​ពី​គេហទំព័រ​តួរ​គី Hurriyet ។



ក្រុមហ៊ុន​ត្រូវបាន​បង្កើតឡើង​កាលពី ១៥ ឆ្នាំមុន​ដោយ​ប្រើ​ដើមទុន​ត្រឹមតែ​ជិត ៨ ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ។ បុគ្គលិក​ទាំងអស់​បាន​សម្តែង​នូវ​ក្តី​រីករាយ​យ៉ាងខ្លាំង នៅពេល​ទទួលបាន​មូល​ប្ប​ទា​នប​ត្រ​ជា​ទឹកប្រាក់​ជាង ២០ ម៉ឺន​ដុល្លារ។ អ្នកខ្លះ​ស្រែក​ហ៊ោ អ្នក​ខ្លះទៀត​សរសេរ​លិខិត​ថ្លែងអំណរគុណ។ ពួកគេ​រំភើប​ខ្លាំងណាស់ ព្រោះ​កញ្ចប់​ទឹកប្រាក់​នេះ​នឹង​ជួយ​កែប្រែ​ជីវិត​របស់​ពួកគេ ខណៈដែល​ពួកគេ​ទទួលបាន​ប្រាក់បៀវត្សរ៍​ប្រចាំខែ​ចន្លោះ​ពី ១ ០០០ ដុល្លារ​ទៅ ២ ០០០ ដុល្លារ​ប៉ុណ្ណោះ។

ថៅកែ​ក្រុមហ៊ុន​នេះ​ដែល​នឹង​បន្ត​ធ្វើជា​អ្នកដឹកនាំ​ដដែល បើទោះបីជា​ក្រុមហ៊ុន​ប្តូរ​ម្ចាស់​ក៏ដោយ បាន​មានប្រសាសន៍ថា៖ « យើង​មាន​ជោគជ័យ​ដូច​ថ្ងៃនេះ ក៏​ព្រោះតែ​យើង​ប្រឹងប្រែង​ធ្វើការ​ទាំងអស់គ្នា »៕



© រក្សាសិទ្ធិដោយ thmeythmey.com