អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោកពូ​ទីន​ចេញ​បញ្ជា​ឲ្យ​កម្ទេច​ទំនិញ​លោកខាងលិច​ដែល​រង​ទណ្ឌកម្ម​នៅតាម​ព្រំដែន​រុស្ស៊ី
03, Aug 2015 , 4:10 pm        
រូបភាព

ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​ចុះហត្ថលេខា​លើ​ក្រឹត្យ​ដែលមាន​គោលដៅ​ទប់ស្កាត់​រាល់​ទំនិញ​អាមេរិក និង​សហភាព​អឺរ៉ុប ដែល​បន្ត​ហូរ​ចូល​ទឹកដី​រុស្ស៊ី​រំលោភ​ការហាមឃាត់​ទំនិញ​ដែលមាន​ស្រាប់​នាពេល​បច្ចុប្បន្ន។ ក្រឹត្យ​នឹង​ចូល​ជាធរ​មាននៅ​ថ្ងៃ ៦សីហា​ខាងមុខ ហើយ​រាល់​ទំនិញ​នានា​ជាពិសេស​ចំណីអាហារ​មកពី​អាមេរិក​និង​អឺរ៉ុប​នឹងត្រូវ​អាជ្ញាធរ​រុស្ស៊ី​កម្ទេចចោល​នៅតាម​ព្រំដែន។


លោក មុំ ពិទូរ្យ លម្អិត​ព័ត៌មាន​នេះ



វិធានការ​ក្តៅ​និង​តឹងរ៉ឹង​ជាង​មុខ​ត្រូវបាន​រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ​ជ្រើសរើស​យកមក​ដើម្បី​ទប់ស្កាត់​លំហូរ​ទំនិញ​របស់​បណ្តា​ប្រទេស​លោកខាងលិច​ជាពិសេស​អាមេរិក និង​រដ្ឋ សហភាព​អឺរ៉ុប​នានា​ដែល​បានដាក់​ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី។ នោះ​គឺ​ច្បាប់​ថ្មី​ដែល​ទើបត្រូវ​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ចុះហត្ថលេខា​កាលពី​ចុងខែ​កក្កដា​កន្លងទៅនេះ។ លោក ពូ​ទីន បានសម្រេច​ចុះហត្ថលេខា​ប្រកាស​ឲ្យ​ប្រើ​ច្បាប់​ថ្មី ដែល​អនុញ្ញាតិ​ឲ្យ​មន្ត្រី​គយ​រុស្ស៊ី​តាម​ព្រំដែន​មានអំណាច​កម្ទេចចោល​រាល់​ទំនិញ​ដែល​នាំ​មកពី​បណ្តា​ប្រទេស​ដែល​បានដាក់​ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី។

រដ្ឋាភិបាល​រុស្ស៊ី សម្រេច​ទទួលយក​វិធានការ​ថ្មី​នេះ ក្រោយ​ពេលដែល​រដ្ឋមន្ត្រី​កសិកម្ម Aleksandr Tkachev បាន​ស្នើសុំ​ទៅកាន់​ប្រមុខរដ្ឋ​រុស្ស៊ី​ផ្ទាល់ ដើម្បី​ឲ្យ​មានការ​ផ្លាស់ប្តូរ​វិធាន​ការឆ្លើយតប​ការបន្ត​នាំចូល​ទំនិញ​មកកាន់​ប្រទេស​រុស្ស៊ី។

យោងតាម​បទបញ្ញត្តិ​ខាងលើ រាល់​ផលិតផល​កសិកម្ម ផលិតផល​មិនទាន់​ច្នៃ និង​ស្បៀងអាហារ​នានា ដែល​នាំ​ចេញពី​បណ្តា​រដ្ឋ​ដែល​បានដាក់​ទណ្ឌកម្ម​ប្រឆាំង​ក្រុមហ៊ុន ឬ​មន្ត្រី​រុស្ស៊ី ហើយ​រំលោភ​លើ​វិធានការ​ហាមឃាត់​ការនាំ​ចូល​ដែល​រុស្ស៊ី​បានដាក់​កន្លងមក នឹងត្រូវ​កម្ទេចចោល​តា​ម​ព្រំដែន​រុស្ស៊ី​តែម្តង។ កន្លងមក ទោះជា​រុស្ស៊ី​បាន​ហាមឃាត់​រាល់​ទំនិញ​ដែល​ផលិត​ដោយ​រដ្ឋ​អឺរ៉ុប ឬ​អាមេរិក​ក៏ដោយចុះ តែ​ទំនិញ​ទាំងនោះ​នៅតែ​បន្ត​ហូរ​ចូល​ទឹកដី​រុស្ស៊ី ប​ន្តែ​អាជ្ញាធរ​បាន​ត្រឹម​រឹបអូស និង​ក្រោយមក​បញ្ជូន​ទំនិញ​ទៅកាន់​ប្រទេស​ទាំងអស់នោះ​វិញ​ប៉ុណ្ណោះ។

ម្យ៉ាងទៀត ក្រុម​ឈ្មួញ​នៅតែ​បន្ត​លួច​រត់ពន្ធ​ទំនិញ​ដែល​ហាមឃាត់​ចូលមក​រុស្ស៊ី​ជា​បន្តបន្ទាប់​ផង។ រដ្ឋាភិបាល​ក្រេ​ម​ឡាំង​ជឿថា បើសិន​ទំនិញ​ទាំងនោះ​ត្រូវ​កម្ទេចចោល វា​ប្រាកដ​ណាស់​ថា ប្រទេស​ទាំងនោះ​នឹងមិន​បន្ត​បញ្ជូន​ទំនិញ​របស់ខ្លួន​មកកាន់​ប្រទេស​រុស្ស៊ី​ទៀតឡើយ។

យ៉ាងណាក៏ដោយ ក្រឹត្យ​ដែល​ត្រូវបាន​លោក ពូ​ទីន ចុះហត្ថលេខា​នោះ មិនមាន​សុពលភាព​លើ​ទំនិញ​ដែល​នាំ​ចូលមក​ដោយ​បុគ្គលម្នាក់ៗសម្រាប់​ប្រើប្រាស់​ឡើយ ឲ្យ​តែ​ពួកគេ​បំពេញបែបបទ  ឬ​បំពេញ​សំណុំ​ឯកសារ​ឲ្យ​បាន​ត្រឹមត្រូវ។

សូមបញ្ជាក់ថា រុស្ស៊ី​បានដាក់​ការហាមឃាត់​ទំនិញ​កសិកម្ម​មាន​សាច់ ត្រី បន្លែ ទឹកដោះគោ ជាដើម​នោះ តាំងពី​ខែសីហា​ឆ្នាំ ២០១៤មក ដើម្បី​សងសឹក​ប្រទេសមួយ​ចំនួន​ដែល​ដាក់ទណ្ឌកម្ម​ខ្លួន ព្រោះ​ជម្លោះ​នៅ​អ៊ុយ​ក្រែ​ន​និង​ការ​ក្រសោប​យក​ទឹកដី Crimea ពី​អ៊ុយ​ក្រែ​ន។ ប្រទេស​ដែល​ស្ថិតក្រោម​បញ្ជីខ្មៅ​របស​រុស្ស៊ី​មាន​អាមេរិក កាណាដា អូស្ត្រាលី ណរ​វែ​ស សហភាព​អឺរ៉ុប និង​បណ្តា​ប្រទេស​មួយចំនួនទៀត ហើយ​ការហាមឃាត់​នេះ​មាន​រយៈពេល​ពេញ​មួយឆ្នាំ។ ប៉ុន្តែ​ក្រោយមក​រុស្ស៊ី​ក៏​សម្រេច​បន្ថែម​ពេលវេលា​សម្រាប់​ការអនុវត្ត​រហូតដល់​ខែសីហា​ឆ្នាំក្រោយ ដោយសារ​ថា​លោកខាងលិច​មិនមាន​ឆន្ទៈ​ព្រម​ដក​ទណ្ឌកម្ម​ដែល​បានដាក់​ប្រឆាំង​ខ្លួន​ទាល់តែសោះ៕  



Tag:
 ពូទីន
© រក្សាសិទ្ធិដោយ thmeythmey.com