ជាតិ
ក្មេងស្រី​ខ្មែរ​អ៊ីស្លាម​ជាប់ច្រវាក់​ជិត១ឆ្នាំ ក្រោយ​ម្តាយមីង​លក់​ឲ្យ​បុរស​ម្នាក់​សេព​សន្ធ​វៈ
04, Aug 2015 , 5:35 pm        
រូបភាព
បងប្អូន​ស្រី​ពីរ​នាក់​ជា​ជនជាតិ​ខ្មែរឥស្លាម បាន​លក់ខ្លួន​ក្មួយ​ស្រី​អាយុ១៣ឆ្នាំ​ម្នាក់​ទៅ​ឲ្យ​បុរស​ចំណាស់​ម្នាក់​សេពសន្ថវៈ​ក្នុងតម្លៃ១៥០០ដុល្លារ។ ដោយ​ខ្លាច​ក្មួយ​ស្រី​ទៅប្តឹង​ប៉ូលីស ម្តាយមីង​ទាំងពីរ​នាក់​នោះ​សម្រេច​ឃុំខ្លួន​នាង​ដោយ​ដាក់​ច្រវាក់​នឹង​កជើង​ជាច្រើន​ដង អស់​រយៈពេល​ជិត​មួយឆ្នាំ។ ជនសង្ស័យ៣នាក់ រួមមាន​ទាំង​ម្តាយមីង​ទាំងពីរ​នាក់ និង​បុរស​ម្នាក់​ត្រូវបាន​ចាប់ឃុំខ្លួន​ដើម្បី​សួរចម្លើយ​ហើយ។

 
ហេតុការណ៍​ដ៏​សោកសង្រេង​លើ​ក្មេងស្រី​ខ្មែរ​អ៊ីស្លាម​ម្នាក់ ត្រូវបាន​ប៉ូលីស​ប្រឆាំង​ការជួញដូរ​មនុស្ស​បំបែក​បាន​នៅ​ថ្ងៃ​ចន្ទ​ទី៣សីហា នៅក្នុង​សង្កាត់​ច្រាំង​ចំរេះ១ ខណ្ឌ​ឬ​ស្សី​កែវ។ ក្មេងស្រី​អនីតិជន អាយុ១៣ឆ្នាំ ត្រូវបាន​ម្តាយមីង (២នាក់​បងប្អូន​បង្កើត) សមគំនិត​លក់​ទៅ​ឲ្យ​មេការ​សំណង់​វ័យ​ចំណាស់​ម្នាក់​សេព​សន្ធ​វៈ​កាលពី​ឆ្នាំមុន ក្នុងតម្លៃ១៥០០ដុល្លារ។ 
 
លោក កែវ ធា ប្រធានការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន រាជធានី​ភ្នំពេញ​បាន​ប្រាប់​សារព័ត៌មានថ្មីៗថា ម្តាយមីង​ខ្មែរ​អ៊ីស្លាម​ទាំងពីរ​នាក់​ដែល​ម្នាក់​អាយុ៣២ឆ្នាំ និង​ម្នាក់ទៀត​អាយុ២៧ឆ្នាំ បាន​ឃុំខ្លួន និង​ដាក់​ច្រវាក់​ក្មួយ​ស្រី ដើម្បី​បង្ខាំង​ក្មួយ​ស្រី​នោះ​មិន​ឲ្យ​ប្តឹង​ប៉ូលីស។
 
មន្ត្រី​ប្រឆាំង​ការជួញដូរ​មនុស្ស​បញ្ជាក់​បន្ត​ដូច្នេះ​ថា៖«ការពិត​រឿងរ៉ាវ​នេះ កើតឡើង​យូរហើយ តាំងពី​ឆ្នាំមុន​ម្លេះ។ មុនដំបូង​បុរស​ជា​មេការ​សំណង់​អាយុ៣៦ឆ្នាំ ឲ្យ​ប្រាក់​ចំនួន ១០០០ ដុល្លារ ដល់​ម្តាយមីង​ទាំងពីរ​នាក់ ហើយ​ក៏បាន​រំលោភ​ក្មេងស្រី​បានសម្រេច​ម្តង។ ដោយ​ព្រួយបារម្ភ​ខ្លាច​ក្មួយ​ទៅប្តឹង​ប៉ូលីស ម្តាយមីង​ទាំងពីរ​នាក់​ក៏​សម្រេច​ដាក់​ច្រវា​ក់ជើង​នាង ឃុំ​ក្នុងផ្ទះ​ជាច្រើន​ខែ»។ លោក​បន្តថា៖«ក្រោយមក បុរស​នោះ​ក៏​ឲ្យ ៥០០ដុល្លារ​បន្ថែមទៀត ដើម្បី​ឲ្យ​ស្រី្ត​ទាំងពីរ​នាក់​ជា​ម្តាយមីង​នាំ​ក្មេងស្រី​ទៅ​នៅ​ជាមួយ​ខ្លួន តែ​ត្រូវ​ក្មេងស្រី​ប្រកែក​មិន​ព្រមទៅ។ ដោយ​ក្មួយ​ស្រី​មិន​ព្រមទៅ​នៅ​ជាមួយ​បុរស​នោះ ម្តាយមីង ក៏​ដាក់​ច្រវាក់​ក្មេងស្រី​ម្តងទៀត»។
 
ករណីនេះ​ត្រូវបាន​បំបែក ដោយសារតែ​ក្មេងស្រី​រងគ្រោះ​បាន​ព្យាយាម​លួច​ដោះ​ច្រវាក់​ខ្លួនឯង ហើយ​បានរ​ត់ទៅ​រស់នៅ​ផ្ទះ​មិត្តភក្តិ​ដែល​បានសម្រេច​ទៅប្តឹង​ប៉ូលីស​នៅ​ថ្ងៃ​ចន្ទ​ទី៣សីហា​នេះ។
កាលពី​រសៀល​ថ្ងៃ​ចន្ទ ជនសង្ស័យ​ទាំងបី​នាក់ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួនភ្លាមៗ និង​បញ្ជូនទៅ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សាកសួរ​ចម្លើយ និង​រៀបចំ​សំណុំរឿង​បញ្ចូនទៅ​តុលាការ​កាត់ទោស​តាមច្បាប់៕
 
 
 

Tag:
 ក្មេងស្រី​ខ្មែរ​អ៊ីស្លាម
© រក្សាសិទ្ធិដោយ thmeythmey.com