ជាតិ
សង្គមជាតិ
សាលា​រាជធានី​កំពុង​សិក្សា​គម្រោង​ផ្លូវ​រថភ្លើង​លើ​អាកាស​ប្រភេទ AGT ចំនួន៣ខ្សែ
07, Aug 2015 , 12:08 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ សាលា​រាជធានី​កំពុង​សិក្សា​គម្រោងរថភ្លើងធុនស្រាលស្វ័យប្រវត្តិលើផ្លូវអាកាស​ប្រភេទ AGT ចំនួន៣ខ្សែ ដែល​ខ្សែ​ទី១ ផ្តើម​ពី​ចំណុច​វិថី​កម្ពុជា​ក្រោម មហាវិថី​ព្រះមុនីវង្ស មហាវិថី​សហ​ព័​ន្ឋ​រុស្ស៊ី និង​រង្វង់​មូល​ចោមចៅ ហើយ​ខ្សែ​ទី២ ពី​មហាវិថី​ព្រះមុនីវង្សរត់​ស្រប​ផ្លូវ​រថភ្លើង​រួច​បត់​ឆ្វេង​តាមផ្លូវ​តាំង​កសាង​ចូល​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ និង​ខ្សែ​ទី៣ ផ្តើម​ពី​ផ្សារ​ថ្មី វិថី​ហ្សា​ល​ដឺ​ហ្គោល​វិថី​ព្រះ​មុនី​រ៉េត ផ្លូវ​វេ​ង​ស្រេង រង្វង់​មូល​ចោមចៅ បត់​មក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ។ នេះ​បើតាម​ការផ្សាយ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​កផ្លូវការរ​បស់​សាលា​រាជធានីភ្នំពេញ។



អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌី​ម៉​ង់ ប្រាប់​សារព័ត៌មានថ្មីៗថា សិក្ខាសាលាកម្ពុជា-ជប៉ុន ​កាលពី​ថ្ងៃទី៦ សីហា ស្តីពី​ប្រ​ព័​ន្ឋ​ដឹកជញ្ជូន​សាធារណៈ​ក្នុង​រាជធានី​ភ្នំពេញ​រៀបចំឡើង​ក្នុង​គោលបំណង​សិក្សា​ពី​លទ្ធភាព​បង្កើត​ប្រព័ន្ធ​ធ្វើដំណើរ​ក្នុង​រាជធានី​ភ្នំពេញ និង​ប្រទេស​កម្ពុជា ដើម្បី​កាត់បន្ថយ​បញ្ហា​កកស្ទះ​ចរាចរណ៍។ តែកាល​បរិ​ច្ឋេ​ទ​ចាប់ផ្តើម សាងសង់ និង​ការចំណាយ​ថវិកា​គម្រោង​យ៉ាងណា​នោះ អ្នកនាំពាក្យ មិនទាន់​បញ្ជាក់បាន​នោះទេ ដោយ​លោក​លើកឡើងថា នេះ គ្រាន់តែ​ជាការ​រៀបចំ​សិក្ខាសាលា​ផ្លាស់ប្តូរ​គំនិត​រវាង​ភាគីកម្ពុជា និង​ជប៉ុន​ប៉ុណ្ណោះ។ «សាលា​រាជធានី​ភ្នំពេញ​មិនទាន់​បញ្ជាក់​គម្រោង​ប្រាកដ​បានទេ យើង​គ្រាន់តែ​សិក្សា​ប្រព័ន្ធ​ដឹកជញ្ជូន​នៅតាម​ទីក្រុង​នៅក្នុង​ប្រទេស​ជប៉ុន​ប៉ុណ្ណោះ ហើយ​ថា តើ​កម្ពុជា​បង្កើត​ប្រព័ន្ធ​ដឹកជញ្ជូន​នៅតាម​ទីក្រុង​យ៉ាងណាខ្លះ»។ នេះ​ជាការបញ្ជាក់​របស់លោក ឡុង ឌី​ម៉​ង់។

លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រី​សាធារណៈ​ការដឹកជញ្ជូន បាន​បញ្ជាក់ថា ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន (JICA) ជួយ​រៀបចំ​គម្រោង​ប្លង់​មេ​ទាក់ទង​នឹង​ចរាចរណ៍​ទីក្រុង​សម្រាប់​ឆ្នាំ២០៣៥ដោយ​ផ្អែក​តាម​វិធានការ​ដោះស្រាយ​ប្រព័ន្ធ​ចរាចរណ៍​ដឹកជញ្ជូន​កម្ពុជា។ គម្រោង​ដែលមាន​តម្លៃ​អាទិភាព​ខ្ពស់​ជាងគេ​ក្នុង​គម្រោង​ប្លង់​មេនោះ​គឺ​ការរៀបចំ​ប្រព័ន្ធ​ផ្លូវ​រថភ្លើង ដែលជា​ផ្លូវ​ចរាចរណ៍​សាធារណៈ​ដ៏​សំខាន់ និង​ពុំទាន់​មាននៅ​ក្នុង​រាជធានី​ភ្នំពេញ។

លោក ហ្សី​មិ​ស៊ុ គិ​យ៉ូ​ហ្សី អគ្គនាយករង​កិច្ចការ​វិស្វកម្ម នៃ​ក្រសួង​ដែនដី ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន និង​ទេសចរណ៍​ជប៉ុន​បាន​បញ្ជាក់ថា គម្រោង​នៃ​ការបង្កើត​គម្រោង​រថភ្លើង​លើ​អាកាស​នេះ គឺជា​គោលបំណង និង​ឆន្ទៈ ក្នុងការ​ចូលរួម​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរ​នៅតាម​ដងផ្លូវ និង​កាត់បន្ថយ​នូវ​ការចំណាយ​ធ្វើដំណើរ​នៅក្នុង​រាជធានី​ភ្នំពេញ​តាមរយៈ​បង្កើត​រថភ្លើង​ធុន​ស្រាល​ស្វ័យប្រវត្តិ ដូច​បណ្តា​ប្រទេស​ដទៃទៀត។ នេះ​បើតាម​ទីភ្នាក់ងារសារព័ត៌មាន​ជាតិ​កម្ពុជា៕



© រក្សាសិទ្ធិដោយ thmeythmey.com