កីឡាជាតិ
ណាហ្គា​ប៉ះ​ភ្នំពេញ​ក្រោ​ន អាស៊ី​អឺរ៉ុប​ជួប​ស្វាយរៀង​នៅ​អូឡាំពិក ថា​យ​ហ្គឺ​រ​និង​បឹងកេត​តទល់​គ្នា​នៅ​វេ​ស្ទើ​ន
12, Aug 2015 , 10:47 am        
រូបភាព
ដោយ:
 
ណាហ្គា​វើ​ល ត្រូវ​ប្រកួត​ជាមួយ​ភ្នំពេញ​ក្រោ​ន ស្របពេល​ក្រុម​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គ័​រ (Cambodian Tiger) ប៉ះ​ក្រុម​បឹងកេត​អង្គរ និង ក្រុម​អាស៊ី​អឺរ៉ុប​យូ​ណា​ធី​ត ប្រកួត​ជាមួយ​ក្រុម​ស្វាយរៀង នៅ​ល្ងាច​ថ្ងៃ​ពុធ ទី ១២ ខែ សីហា នេះ​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​សប្ដាហ៍​ទី ១៣ នៃ​ពានរង្វាន់​បាល់ទាត់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក២០១៥ (Metfone Cambodian League 2015)។



ក្រុម​ណា​ហ្គ​វើ​ល ត្រូវ​ប្រកួត​ជាមួយ​ក្រុម​ភ្នំពេញ​ក្រោ​ន វេលា​ម៉ោង៣:៣០ នាទី​រសៀល​លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ។ កាលពី​ជើង​ទី១ ភ្នំពេញ​ក្រោ​ន បាន​យកឈ្នះ​ណាហ្គា​វើ​ល​ដោយ​លទ្ធផល ៤ ទល់ ២ លើ​ទីលាន​កីឡដ្ឋាន RSN Stadium។

ណាហ្គា​វើ​ល កំពុងតែ​បង្ហាញ​ទម្រង់​លេង​នៅ​ប៉ុន្មាន​ប្រកួត​ចុងក្រោយ ដោយ​ឈ្នះជាប់ៗគ្នា ហើយ​រំកិល​ខ្លួន​ចូល​ប្រអប់​ក្រុម​ខ្លាំង​ទាំង៤ (Top4)។ លោក មាស ចាន់ណា មិនបាន​សម្លឹង​រក​កីឡាករ​បន្ថែម​នោះទេ​នៅ MCL 2015 ជើង​ទី២នេះ។ ១២ ប្រកួត​កន្លងមក​ណាហ្គា​វើ​ល ឈ្នះ ៧ និង ចាញ់ ៥ មាន ២១ ពិន្ទុ​ក្នុង​ដៃ។ ចំណែក​ក្រុម​ភ្នំពេញ​ក្រោ​ន វិញ​ជា​ក្រុម​មិនដែល​ចាញ់ ហើយ​កំពុងតែ​ប្រដេញ​ពិន្ទុ​គ្នា​ជាមួយ​ក្រុម​បឹងកេត​អង្គរ នៅ​តំបន់​កំពូល​តារាង​ផងដែរ។ លោកគ្រូ​បង្វឹក Sam Schweingruber ចង់​ដឹកនាំ​ការពារ​តំណែង​ជើងឯក​ឱ្យបាន​ម្ដងទៀត ស្របពេល​លោក​ធ្លាប់បាន​លើក​ពាន​នេះ​ម្ដង​ហើយ​កាលពី​ឆ្នាំមុន។

ចំណែក​មួយ​ប្រកួត​ទៀត​នៅថ្ងៃនេះ ក្រុម​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គ័​រ ត្រូវ​ប្រកួត​ជាមួយ​ក្រុម​កំពូល​តារាង​បឹងកេត​អង្គរ នៅវេលា​ម៉ោង ៣:៣០ នាទី នៅ​ទីលាន​កីឡដ្ឋាន​វេ​ស្ទើ​ន។ កាលពី​ជើង​ទី១ បឹងកេត​អង្គរ បាន​យកឈ្នះ​ក្រុម​ខេ​ម​បូ​ឌា​ន​ថា​ហ្ក័​រ ដោយ​លទ្ធផល ៣ ទល់ ២ នៅ​ទីលាន​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ (ស្ដា​ត​ចាស់)។

ក្រុម​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គ័​រ ដែល​ដឹកនាំ​ដោយ​ថ្នាក់ដឹកនាំ​ជនជាតិ​ជប៉ុន​កំពុងតែ​អុកឡុក​ក្នុង​លី​ក​កម្ពុជា ដោយ​ប្រកួត​បាន ១២ លើក​មកនេះ​ប្រកួត​ឈ្នះ ៧ លើក​ស្មើ ២ និង ចាញ់​តែ ៣ ទេ​ហើយ​មាន ២៣ ពិន្ទុ​ក្នុង​ដៃ ឈរ​លេខ​រៀង​ទី៣ នៅក្នុង​តារាង​ដែលមាន ១២ ក្រុម។ ដោយឡែក​ក្រុម​បឹងកេត​អង្គរ វិញ​មិនទាន់​ស្គាល់​រសជាតិ​ចាញ់​នៅឡើយ​នោះទេ ដោយ​ប្រកួត​បាន ១២ លើក​ឈ្នះ ១០ និង ស្មើ ២ មាន ៣២ ពិន្ទុ​ក្នុង​ដៃ។ កីឡាករ ចាន់ វឌ្ឍនាកា របស់​ក្រុម​មាន​ប្រភព​មកពី​ខេត្តកំពង់ចាម មួយ​នេះ​កំពុងតែ​ឈរ​នៅក្នុង​បញ្ជី​កីឡាករ​ដែល​អាច​រក​គ្រាប់​បាល់​បាន​ច្រើនជាងគេ ក្រោយ​រកបាន ២៤ គ្រាប់​ម្នាក់ឯង។

ចំពោះ​ប្រកួត​ចុងក្រោយ​នៅ​នៅ​ពុធ នេះ​គឺ ក្រុម​អាស៊ី​អឺរ៉ុប​យូ​ណា​ធី​ត ត្រូវ​ជួប​ក្រុម​ជើងឯក​ឆ្នាំ២០១៣ ស្វាយរៀង​អែ​ហ្វ​ស៊ី នៅ​ពហុ​កីឡដ្ឋាន​ជាតិ វេលា​ម៉ោង ៦ ល្ងាច។ បើ​មើល​លទ្ធផល​ជើង​ទី១ វិញ​ក្រុម​ស្វាយរៀង ធ្លាប់​ឈ្នះ​អាស៊ី​អឺរ៉ុប ៣ ទល់ ២ លើ​ទីលាន​កីឡដ្ឋាន​ខេត្ត​របស់ខ្លួន។

២ ប្រកួត​ចុងក្រោយ​របស់​ស្វាយរៀង ចាញ់​ក្រុម​ជើងឯក​ឆ្នាំ​ចាស់​ភ្នំពេញ​ក្រោ​ន ទាំង២លើក ស្របពេល​កីឡាករសំខាន់ៗ ប្រចាំ​ក្រុម​ដូចជា ខ្សែការពារ មូល ដា​រ៉ា​វ័​ន្ត, ប្រធាន​ក្រុម ប្រាក់ មុន្នី​ឧ​ត្ត​ម, ណុប តុលា និង នេន សុធា​រ័ត្ន មាន​បញ្ហា​របួស​ហើយ​កីឡាករ​ខ្លះ​រំពឹងថា​អាចជួយ​ក្រុម​បាន​នៅ​ប្រកួត​នេះ​វិញ។ ចំណែក​អាស៊ី​អឺរ៉ុប វិញ កាន់តែ​ត្រូវការ ៣ ពិន្ទុ​ក្នុងការ​ប្រកួត​នេះ​ដើម្បី​ឆ្លង​ផុតពី​តំបន់​គ្រោះថ្នាក់​នៅ​បាត​តារាង។ ១២ ប្រកួត​មកនេះ​អាស៊ី​អឺរ៉ុប ប្រកួត​ឈ្នះ ៣ លើក ស្មើ ១ និង ចាញ់ ៨ មាន ១០ ពិន្ទុ​ក្នុង​ដៃ​ឈរ​លេខ ៩ បណ្ដោះអាសន្ន។





Tag:
 MCL2015
© រក្សាសិទ្ធិដោយ thmeythmey.com