ជាតិ
បាក់​ឌុប៖ អ្នកសង្កេតការណ៍​ជាង ៥ពាន់​នាក់ កើនឡើង​ជាង​ឆ្នាំមុន
12, Aug 2015 , 8:19 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ សម័យ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ និង​បំពេញវិជ្ជា នឹង​ប្រព្រឹត្តឡើង​នៅ​ថ្ងៃ២៤ ខែសីហា ឆ្នាំ២០១។ អ្នកស្ម័គ្រចិត្ត​សង្កេតការណ៍​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) នឹង​ឃ្លាំមើល​ពី​ដំណើរការ​ប្រឡង​ដូច​ឆ្នាំមុន​ដែរ ដើម្បី​រាយការណ៍ ទប់ស្កាត់​អំពើពុករលួយ​ពេល​ប្រឡង។ ប្រធាន​នាយកដ្ឋាន​អប់រំ ACU ប្រាប់ថា អ្នកស្ម័គ្រចិត្ត សង្កេតការណ៍​ឆ្នាំ២០១៥នេះ មាន​ចំនួន ៥៦២៣នាក់ កើនឡើង​ទ្វេដង បើ​ប្រៀបធៀប​នឹង​សម័យ​ប្រឡង​ឆ្នាំ២០១៤។


 
ប្រធាន​នាយកដ្ឋាន​អប់រំ បង្ការ និង​ទប់ស្កាត់ នៃ ACU លោកស្រី ម៉ា សូ​យ៉ិ​ន​ដា បញ្ជាក់ថា អ្នក​អង្កេត​ការណ៍​ប្រឡង​បាក់​ឌុប​ឆ្នាំ២០១៥នេះ មាន​ចំនួន​កើនឡើង ដែលជា​សញ្ញា​ដ៏​ល្អ​ក្នុង​ការចូលរួម​បោសសម្អាត​អំពើពុករលួយ ដើម្បី​លើកស្ទួយ​គុណភាព​អប់រំ​នៅ​កម្ពុជា។ លោកស្រី​បន្ត ថា អ្នក​អង្កេត​ការណ៍​សហការ​ជាមួយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ មាន​តួនាទី​ឃ្លាំមើល និង​រាយការណ៍​ភាពមិនប្រក្រតី​ក្នុង​ដំណើរ​ការប្រឡង តាម​មណ្ឌល​ទូទាំងប្រទេស។
 
លោកស្រី ម៉ា សូ​យ៉ិ​ន​ដា បញ្ជាក់​ពី​តួនាទី​អ្នកស្ម័គ្រចិត្ត​សង្កេតការណ៍​មកពី​គ្រឹះស្ថានសិក្សា NGOs ប្រាប់​សារព័ត៌មានថ្មីៗថា អ្នកសង្កេតការណ៍​ទាំងអស់ ពុំមាន​សិទ្ធិ​ត្រួតត្រា ឬ​បញ្ជា​លើ​ប្រធាន​មណ្ឌល អនុរក្ស ឬ​មន្ត្រី​អប់រំ​ក្នុង​មណ្ឌល​ប្រឡង​នោះទេ។ លោកស្រី​ថា៖«អ្នកសង្កេតការណ៍​ត្រូវគោរព​លក្ខខណ្ឌ​របស់ ACU។ អ្នកសង្កេតការណ៍ ជា​អ្នកឃ្លាំមើល​ការឆែកឆេរ និង​រាយការណ៍​ដំណើរការ​ប្រឡង​មក ACU»។
 
ក្រសួង​អប់រំ យុវជន និង​កីឡា សហការ​ជាមួយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​បើក​ឲ្យ​មាន​អ្នកសង្កេតការណ៍​ជា​សង្គម​ស៊ីវិល​ជា​លើក ទី១ នៅ​សម័យ​ប្រឡង​បាក់​ឌុប​ឆ្នាំមុន មាន​រហូត​ជាង ៣ពាន់​នាក់ ដើម្បី​ធានា​តម្លាភាព​ពេល​ប្រឡង​បាក់​ឌុប។
 
អ្នកសង្កេតការណ៍​រប​ស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​មាន​សិទ្ធិ​លើសពី​មន្ត្រី​អប់រំ​តាម​មណ្ឌល ត្រង់​ថា ពួកគេ​មាន​សិទ្ធិ​ប្រើប្រាស់​ទូរស័ព្ទដៃ ដើម្បី​ថត​យក​ភ័ស្តុតាង ហើយ​រាយការណ៍ភ្លាមៗ ។ ប៉ុន្តែ​អ្នកសង្កេតការណ៍​មិនអាច​ថត​វិញ្ញាសា​នៅលើ​ក្តារខៀន ហើយ​បញ្ជូន​ចេញទៅ​ក្រៅ​នោះទេ។
 
នា​ស​និ្ន​សីទ​សារព័ត៌មាន កន្លងមក អ្នកនាំពាក្យ​ក្រសួង​អប់រំ​លោក រស់ សា​លីន បានបញ្ជាក់​ពី​ការ​រឹតបន្តឹង​ការប្រឡង ការឆែកឆេរ​មុន​ការប្រឡង និង​ការរក្សា​ការសម្ងាត់​វិញ្ញាសា​ប្រឡង។ លោក​និយាយថា មុនពេល​ប្រឡង បេក្ខជន​នឹងត្រូវ​បាន​កម្លាំង​មាន​សមត្ថកិច្ច និង​បុគ្គលិក​អប់រំ​ឆែកឆេរ​ចំនួន ៣ដំណាក់កាល រួមមាន ដំណាក់កាល​ទីមួយ​គឺ មុន​ចូល​មណ្ឌល​ប្រឡង រួច​ដំណាក់​បន្ទាប់​គឺ មុន​ចូល​បន្ទប់​ប្រឡង និង​ចុងក្រោយ​គឺ មុនពេល​ចែក​វិញ្ញាសា​ប្រឡង។
 
គួរ​បញ្ជាក់ថា សម័យ​ប្រឡង​ឆ្នាំ ២០១៥នេះ បេក្ខជន​ចុះឈ្មោះ​ប្រឡង​សរុប ៨៨៤៨៨នាក់ គិត​ទាំង​បេក្ខជន​ប្រឡង​ធ្លាក់​ឆ្នាំមុន ប៉ុន្តែ​តួលេខ​នេះ នៅតែ​តិចជាង​ឆ្នាំ២០១៤ ដែលមាន​ដល់​ទៅ ៩១.៣៧៣នាក់។ ទាំង​ថ្នាក់​វិទ្យាសាស្ត្រ និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម មណ្ឌល​ប្រឡង​សរុប​មាន ១៤៩ ចែកជា ៣,៥៧៦បន្ទប់ នៅ​ទូទាំង ២៥រាជធានី​ខេត្ត។ ដើម្បី​ពង្រឹងគុណភាព​វិស័យ​អប់រំ ក្រសួង​អប់រំ​នៅតែ​រក្សា​វិធានការ​រឹតបន្តឹង​ការប្រលង​ដូច​សម័យ​ប្រឡង ឆ្នាំ២០១៤ដដែល។ ប៉ុន្តែ​គ្មាន​ទៀតឡើយ​ការប្រលង​លើក​ទី២ ដូច​ឆ្នាំមុន​នោះ។ ជាមួយគ្នានេះ ក្រសួង​អប់រំ ពុំមាន​គោលការណ៍​រៀបចំ​ការប្រឡង​លើក​ទី២ ដូច​ឆ្នាំមុន​ឡើយ វា​លើកលែង​តែមាន​ប្រធាន​សក្តិ៕
 

Tag:
 បាក់​ឌុប
  អ្នកសង្កេតការណ៍
  ACU
© រក្សាសិទ្ធិដោយ thmeythmey.com