ជាតិ
​​​ន​យោ​បាយ​ជាតិ​
ការផ្ទៀងផ្ទាត់​ផែនទី UN នឹង​ប្រព្រឹត្ត​នៅ​ថ្ងៃទី២០ ខែសីហា
13, Aug 2015 , 11:16 am        
រូបភាព
ដោយ:
ភ្នំពេញ៖ ពី​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ នៅថ្ងៃទី១៣នេះ នា​វិទ្យាស្ថាន​ជាតិ​អប់រំ​ នាយករដ្ឋមន្ត្រី​លោក ហ៊ុន សែន ​ថ្លែង​ថា ផែនទី​ទាំង ១៨ ដែល​អង្គ​សហប្រជាជាតិ​ព្រម​ឲ្យ​កម្ពុជា​ខ្ចី​ផ្ទៀងផ្ទាត់​នោះ នឹង​បញ្ជូន​មកដល់​កម្ពុជា​នៅ​ថ្ងៃទី១៨ សីហា​នេះ។ បន្ទាប់​ផែនទី​មកដល់ លោក​បន្តថា រដ្ឋាភិបាល​នឹង​ចុះហត្ថលេខា​ទទួល​រួច ផ្ទៀងផ្ទាត់​នៅ​ថ្ងៃទី២០ ខែសីហា ដើម្បី​ឲ្យ​ភាគី​ពាក់ព័ន្ធ​អស់​មន្ទិលសង្ស័យ​លើ​ផែទ​ទី​របស់​រដ្ឋាភិបាលបច្ចុប្បន្ន។ ក្នុងការ​ផ្ទៀងផ្ទាត់​ផែនទី លោក​ថា រដ្ឋាភិបាល​នឹង​អញ្ជើញ​តំណាងគណបក្សនយោបាយ ៣បក្ស​ផ្សេងគ្នា​ចំនួន១៥នាក់ តំណាង​ព្រឹទ្ធសភា ៦នាក់ រដ្ឋសភា ៦នាក់ ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃអង្គចៅក្រម២នាក់ ក្រុមប្រឹក្សាធម្មនុញ្ញ២នាក់ និង​គណកម្មាធិការ​ស្រាវជ្រាវ​ព្រំដែននៃ​រាជបណ្ឌិតសភា​កម្ពុជា​ចំនួន ៤ទៅ៥នាក់ ព្រមទាំង​អ្នកសារព័ត៌មាន ចូលរួម​ពិនិត្យផ្ទៀងផ្ទាត់​ទាំងអស់គ្នា​តែម្តង។



សំឡេងលោក ហ៊ុន សែន៖



កាលពីថ្មីៗនេះ ការផ្តល់​ផែនទី​តម្កល់ទុក​នៅ​បណ្ណាល័យ​អង្គការសហប្រជាជាតិ Dag Hammarskjold ឱ្យ​កម្ពុជា​ខ្ចី ត្រូវបាន​គេ​ចាត់ទុកជា​ករណី​ពិសេស​មួយ។ អ្នកនាំពាក្យ​ផ្ទាល់​របស់​អគ្គលេខាធិកា​រ​អង្គការសហប្រជាជាតិ​បាន​បកស្រាយថា វា​ជា​ករណី​ពិសេស​សម្រាប់​កម្ពុជា ព្រោះថា ផ្អែក​តាម​គោលការណ៍​ស្តង់ដា​ដែល​អនុវត្ត​យូរអង្វែង​មកហើយ​នោះ បណ្ណាល័យ​អង្គការសហប្រជាជាតិ​មិនដែល​ផ្តល់​ផែនទី​ឲ្យ​គេ​យកចេញ​ក្រៅ ការគ្រប់គ្រង​របស់ខ្លួន ឬ​ក្រៅ​ការថែទាំ​របស់​អង្គការសហប្រជាជាតិ​ឡើយ។

កាលពី​ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៥  លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​នៃ​ប្រទេស​កម្ពុជា​បាន​សរសេរ​លិខិត​ទៅ​លោក​អគ្គលេខាធិការ អង្គការសហប្រជាជាតិ បាន គី​មូ​ន ដើម្បី​ស្នើសុំ​ខ្ចី​ផែនទី​ខ្នាត១/១០០.០០០ ដែល​កម្ពុជា​បាន​យកទៅ​តម្កល់ទុក​នៅ​អង្គការសហប្រជាជាតិ​កាលពី​ឆ្នាំ១៩៦៤ ដើម្បី​យកមក​ផ្ទៀងផ្ទាត់​ជាមួយ​ផែនទី​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន បញ្ជាក់​ពី​ភាពត្រឹមត្រូវ​របស់​រដ្ឋា​ភិ​បាល ខណៈដែល​គណបក្សប្រឆាំង​ចោទថា រដ្ឋាភិបាល​ប្រើប្រាស់​ផែនទី​ក្លែងក្លាយ។

កាលពី​ថ្ងៃ១៥កក្កដា លោកនាយក​រដ្ឋមន្ត្រី​ខ្មែរ ហ៊ុន សែន ក៏បាន​សរសេរ​លិខិត​ចំនួន៣ ទៅ​ប្រធានាធិបតី​នៃ​សហរដ្ឋអាមេរិក លោក បា​រ៉ា​ក់ អូ​បា​ម៉ា ទៅ​ប្រធានាធិបតី​បារាំង ហ្វ្រ​ង់​ស័​រ ហូ​ឡង់ និង​នាយករដ្ឋមន្ត្រី​អង់គ្លេស ដេវីត ខេ​មេ​រ៉ុ​ន ដើម្បី​ស្នើសុំ​ផ្ទៀងផ្ទាត់ និង​ចម្លង​ផែនទី​របស់​កម្ពុជា​ជាមួយ​វៀតណាម ដែល​រដ្ឋាភិបាល​កម្ពុជា​គិតថា​ប្រទេស​មហាអំណាច​ទាំង៣នេះ​រក្សាទុក​ដល់ សព្វថ្ងៃនេះ៕


© រក្សាសិទ្ធិដោយ thmeythmey.com