ជាតិ
តើ​អ្វី​ទៅជា​អំពើ​ក្បត់ជាតិ?
13, Aug 2015 , 5:06 pm        
រូបភាព
ដោយ: ថ្មីៗ
 
នៅក្នុង​ជំពូក​ទី ២ ផ្នែក​ទី ១ នៃ​ក្រមព្រហ្មទណ្ឌ​កម្ពុជា ឆ្នាំ ២០១០ បានកំណត់​ពី​សកម្មភាព ដែល​ចាត់ទុកថា ជា​អំពើ​ក្បត់ជាតិ និង​ចារកម្ម។ មាត្រា ៤៣៩ ស្តីពី អំពើ​ក្បត់ជាតិ និង​ចារកម្ម  នៃ​ច្បាប់​ដដែល បាន​កំណត់ថា បទល្មើស​ដែលមាន​ចែង​នៅក្នុង​ផ្នែក​ទី ១ នៃ​ជំពូក​ទី ២ នេះ (ពី​មាត្រា ៤៤០ ដល់​មាត្រា ៤៤៩ នៃ​ក្រមព្រហ្មទណ្ឌ) ជា​អំពើ​ក្បត់ជាតិ កាលបើ​បទល្មើស​ប្រព្រឹត្ត​ដោយ​ពលរដ្ឋ​ខ្មែរ ឬ​ដោយ​យោធិន​ខ្មែរ និង​ជា​ចារកម្ម កាលបើ​អំពើ​ប្រព្រឹត្ត​ដោយ​បុគ្គល​ដទៃទៀត។ អំពើ​ក្បត់ជាតិ បានចែង​ជា​បទល្មើសផ្សេងៗគ្នា។ មាត្រា​ទាំង ១០ ដែល​ចាត់ទុកថា ជា​អំពើ​ក្បត់ជាតិ និង​ចារកម្ម​នោះ មាន​ដូចតទៅ៖



មាត្រា ៤៤០ បទ​ប្រគល់​ឲ្យ​រដ្ឋ​បរទេស​នូវ​ដែនដី​ជាតិ​ទាំងស្រុង ឬមួយ​ផ្នែក
អំពើ​ប្រគល់​ឲ្យ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស នូវ​ដែនដី​ជាតិ​ទាំងស្រុង ឬមួយ​ផ្នែក ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​អស់​មួយជីវិត។

មាត្រា ៤៤១ បទ​ប្រគល់​ឲ្យ​រដ្ឋ​បរទេស​នូវ​កងយោធពល​ខេមរភូមិន្ទ
អំពើ​ប្រគល់​ឲ្យ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស នូវ​កងយោធពល​ខេមរភូមិន្ទ​ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​អស់​មួយជីវិត។

មាត្រា ៤៤២ បទ​ប្រគល់​ឲ្យ​បរទេស​នូវ​សម្ភារៈ​ជាអាទិ៍​សម្រាប់​ការពារជាតិ
អំពើ​ប្រគល់​ឲ្យ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស នូវ​ស្បៀង សម្ភារ សំណង់ បរិក្ខា​ឋបនីយភណ្ឌ ឬ​គ្រឿងយន្ត​សម្រាប់​ការពារជាតិ ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី ១៥ ដល់៣០ ឆ្នាំ។

មាត្រា ៤៤៣ ប​ទស​ន្និ​ដ្ឋិ​ភាពជា​មួយ​បរទេស
ប​ទស​ន្និ​ដ្ឋិ​ភាពជា​មួយ​បរទេស គឺជា​អំពើ​ត្រូវរ៉ូវ​គ្នា​ដោយ​សម្ងាត់​ជាមួយ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស ដើម្បី​បង្កើត​ឲ្យ​មាន​អំពើ​ប្រទូស្ត​រ៉ា​យ ឬ​ឲ្យ​មាន​អំពើ​ឈ្លានពាន​ប្រឆាំងនឹង​ព្រះរាជាណាចក្រ​កម្ពុជា។ បទល្មើស​នេះ ត្រូវ​ជាប់ពន្ធនាគារ​ពី ១៥ ដល់ ៣០ ឆ្នាំ។

មាត្រា ៤៤៤ បទ​ប្រគល់​ឲ្យ​រដ្ឋ​បរទេស​នូវ​មធ្យោបាយ​ធ្វើការ​ប្រទូស្ត​រ៉ា​យ ឬ​ឈ្លានពាន
អំពើ​ប្រគល់​ឲ្យ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស​នូវ​មធ្យោបាយ​ធ្វើការ​ប្រទូស្ត​រ៉ា​យ ឬ​ឈ្លានពាន​ប្រឆាំងនឹង​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី ១៥ ដល់ ៣០ ឆ្នាំុំុំុំ។

មាត្រា ៤៤៥ បទ​ប្រគល់​ឲ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជាអាទិ៍ ដែល​ធ្វើ​ឲ្យ​អន្តរាយ​ការការពារ​ជាតិ
អំពើ​ប្រគល់ ឬ​ធ្វើ​ឲ្យ​ងាយស្រួល​ធ្លាក់​ដល់ដៃ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស​នូវ​ព័ត៌មាន វិធី វត្ថុ ឯកសារ ទិន្នន័យ​ព័ត៌មានវិទ្យា ឬ​ស​លាកប​ត្រ​ដែល​ធ្វើ​អន្តរាយ​ការការពារ​ជាតិ ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី ៧ ដល់ ១៥ ឆ្នាំ។

មាត្រា ៤៤៦ បទ​ប្រមូលផ្តុំ​ព័ត៌មាន​ជាអាទិ៍ ដែល​ធ្វើ​ឲ្យ​អន្តរាយ​ការការពារ​ជាតិ
អំពើ​ទទួល​ឬ​ប្រមូលផ្តុំ ដើម្បី​ផ្តល់​ទៅ​ឲ្យ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស​នូវ​ព័ត៌មាន វិធី វត្ថុ ឯកសារ ទិន្នន័យ​ព័ត៌មានវិទ្យា ឬ​ស​លាកប​ត្រ​ដែល​ធ្វើ​អន្តរាយ​ការការពារ​ជាតិ ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី ៥ ដល់ ១០ ឆ្នាំ។

មាត្រា ៤៤៧ បទ​បំផ្លិចបំផ្លាញ​ជាអាទិ៍​នូវ​សម្ភារ​ដែល​ធ្វើ​ឲ្យ​អន្តរាយ​ការការពារ​ជាតិ
អំពើ​បំផ្លិចបំផ្លាញ ធ្វើ​ឲ្យ​ខូចខាត ឬ​គៃបំបាត់​ស្បៀង ឯកសារ សម្ភារ សំណង់ បរិក្ខារ​ឋបនីយភណ្ឌ គ្រឿងយន្ត គ្រឿង​សព្វាវុធ គ្រឿងបន្លាស​បច្ចេកទេស ឬ​គ្រឿង​គាំពារ​ខាង​បច្ចេកទេស​ផ្សេងទៀត ឬ​ប្រព័ន្ធ​ប្រព្រឹត្តិកម្ម​ស្វ័យប្រវត្ត​នៃ​ទិន្នន័យ ឬ​អំពើ​ធ្វើ​ឲ្យ​រាំងស្ទះ​ដល់​ដំណើរការ​ជា​ប្រក្រតី​របស់​ឧបករណ៍​ទាំងនោះ កាលបើ​អំពើ​នេះ​អាច​នាំ​ឲ្យ​អន្តរាយ​ការការពារ​ជាតិ ត្រូវ​ផ្តន្ទាទោស​ពី ៧ ដល់ ១៥ ឆ្នាំ។

មាត្រា ៤៤៨ បទ​ផ្តល់ព័ត៌មាន​មិន​ពិត
អំពើ​ផ្តល់​ដល់​អាជ្ញាធរ​ស៊ីវិល ឬ​យោធា​ខ្មែរ​នូវ​ព័ត៌មាន​មិន​ពិត​ដែល​អាចធ្វើ​ឲ្យ​អន្តរាយ​ការការពារ​ជាតិ ដើម្បី​បម្រើ​ផលប្រយោជន៍​នៃ​រដ្ឋ​បរទេស ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី ២ ឆ្នាំ ដល់ ៥ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ៤ លាន​ដល់ ១០ លាន​រៀល។

មាត្រា ៤៤៩ ការប៉ុនប៉ង ការប៉ុនប៉ង​ប្រព្រឹត្ត​បទមជ្ឈិម ដែល​មានចែង​នៅក្នុង​មាត្រា ៤៤៨ ត្រូវ​ផ្តន្ទាទោស​ដូច​បទមជ្ឈិម​ខាងលើ​ដែរ។

ទោស​បន្ថែម​ចំពោះ​បទល្មើស​ខាងលើ
មាត្រា ៤៥០ ទោស​បន្ថែម ប្រភេទ និង​រយៈពេលចំពោះ​បទល្មើស​ដែល​ចែង​នៅក្នុង​ផ្នែក​ខាងលើនេះ (ពី​មាត្រា ៤៤០ ដល់​មាត្រា ៤៤៩ នៃ​ក្រមព្រហ្មទណ្ឌ) ទោស​បន្ថែម​អាច​ត្រូវ​ប្រកាស​ដូចជាៈ

១ ការដក​សិទ្ធិ​ខ្លះ​ជា​ពលរដ្ឋ ជា​ស្ថាពរ ឬ​សម្រាប់​រយៈពេល ៥ ឆ្នាំ​យ៉ាងច្រើន។
២ ការហាមឃាត់​ចំពោះ​ការប្រកប​វិជ្ជាជីវៈ កាលបើ​បទល្មើស​នេះ បាន​ប្រព្រឹត្ត​នៅក្នុង​ការប្រកប​វិជ្ជាជីវៈ ឬ​នៅ​ក្នុងឱកាស​នៃ​ការប្រកប​វិជ្ជាជីវៈ​នេះ ជា​ស្ថាពរ ឬ​សម្រាប់​រយៈពេល ៥ ឆ្នាំ​យ៉ាងច្រើន។
៣ ការហាមឃាត់​ចំពោះ​ការ​ស្នាក់នៅ សម្រាប់​រយៈពេល ១០ ឆ្នាំ យ៉ាងច្រើន ចំពោះ​បទឧក្រិដ្ឋ ឬ​សម្រាប់​រយៈពេល ៥ ឆ្នាំ យ៉ាងច្រើន ចំពោះ​បទមជ្ឈិម។
៤ ការហាមឃាត់​ចំពោះ​ការចាកចេញ​ពី​ដែនដី​ព្រះរាជាណាចក្រ​កម្ពុជា​សម្រាប់​រយៈពេល ៥ ឆ្នាំ យ៉ាងច្រើន។
៥ ការហាមឃាត់​ដល់​ទណ្ឌិត​បរទេស​ចំពោះ​ការចូល ឬ​ការ​ស្នាក់​នៅក្នុង​ដែនដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​ស្ថាពរ ឬ​សម្រាប់​រយៈពេល ៥ ឆ្នាំ យ៉ាងច្រើន។
៦ ការ​រឹបអូស​ឧបករណ៍ សម្ភារ ឬ​វត្ថុ​ណាមួយ ដែល​ប្រើប្រាស់​សម្រាប់​ប្រព្រឹត្ត​បទល្មើស ឬ​ដែលមាន​គោលដៅ​ប្រព្រឹត្ត​បទល្មើស។
៧ ការ​រឹបអូស​យានជំនិះ​របស់​ទណ្ឌិត​មួយគ្រឿង ឬ​ច្រើន​គ្រឿង។
៨ ការហាមឃាត់​ចំពោះ​ការកាន់កាប់ ឬ​ការ​យកតាម​ខ្លួន​នូវ​អាវុធ គ្រឿងផ្ទុះ និង​គ្រាប់រំសេវ​គ្រប់​ប្រភេទ ជា​ស្ថាពរ ឬ​សម្រាប់​រយៈពេល ៥ ឆ្នាំ យ៉ាងច្រើន។
៩ ការបិទ​ផ្សាយ​សេចក្តីសម្រេច​ផ្តន្ទាទោស សម្រាប់​រយៈពេល ២ ខែ​យ៉ាងច្រើន។
១០ ការផ្សាយ​សេចក្តីសម្រេច​ផ្តន្ទាទោស​នៅក្នុង​សារព័ត៌មាន។
១១ ការផ្សាយ​សេចក្តីសម្រេច​ផ្តន្ទាទោស តាម​គ្រប់​មធ្យោបាយ​ទូរគមនាគមន៍ សោតទស្សន៍ សម្រាប់​រយៈពេល ៨ ខែ​យ៉ាងច្រើន៕




Tag:
 ច្បាប់
  ក្បត់ជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com