អន្តរជាតិ
អាមេរិក​អាច​ចៀស​មិន​ផុតពី​បញ្ជូន​ទ័ពថ្មើរជើង​ទៅ​អ៊ីរ៉ាក់​តាម​ច្បាំង​កម្ចាត់​ក្រុម​រដ្ឋ​ឥស្លាម
14, Aug 2015 , 9:54 am        
រូបភាព
ក្រុង​វ៉ាស៊ីនតោន​ចាប់ផ្តើម​បើក​ការវាយប្រហារ​កម្ទេច​ក្រុម​រដ្ឋ​ឥស្លាម​នៅក្នុង​ប្រទេស​ស៊ី​រី​ដោយ​ប្រើប្រាស់​មូលដ្ឋានទ័ព​នៅក្នុង​ទឹកដី​តួ​ក​គី​លើកដំបូង​បំផុត។ សហរដ្ឋអាមេរិក​ស្រាប់តែ​បង្កើន​សកម្មភាព​តាម​ប្រមាញ់​ក្រុម​រដ្ឋ​ឥស្លាម​កាន់តែខ្លាំង​ឡើង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ ប៉ុន្តែ​ប៉ង់​តា​ហ្កូ​ន​មិនទាន់​សម្រេចចិត្ត​ប្រើប្រាស់​ទ័ពថ្មើរជើង​នៅឡើយ​ទេ។ ប៉ុន្តែ​នាយទាហានជាន់ខ្ពស់​អាមេរិក​ម្នាក់​ជិត​ចូល​និវត្ត​ស្រាប់តែ​ចេញមុខ​ស្នើ​ឲ្យ​រដ្ឋាភិបាល​អាមេរិក​ប្រើប្រាស់​ទ័ពថ្មើរជើង​ក្នុង​កម្រិត​មួយ​ប្រកៀក​ស្មារ​ជាមួយ​ទ័ព​រដ្ឋាភិបាល​អ៊ីរ៉ាក់​តាម​កម្ទេច​ទ័ព​ក្រុម​រដ្ឋ​ឥស្លាម។ បើសិន​បន្ត​ប្រើប្រាស់​ការវាយប្រហារ​តាមផ្លូវ​អាកាស មិនដឹង​ពេលណា​ទើប​អាច​ឈ្នះ​ក្រុម​រដ្ឋ​ឥស្លាម​នេះឡើយ។



សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ៖
    

 
មកទល់​ពេល​បច្ចុប្បន្ននេះ គេ​មិនទាន់​ឃើញ​មានការ​សម្រេចចិត្ត​ប្រើប្រាស់​ទ័ពថ្មើរជើង​ដើម្បី​ប្រយុទ្ធប្រឆាំង​ក្រុម​រដ្ឋ​ឥស្លាម​នៅឡើយ​ទេ។ រដ្ឋបាល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ដែល​បាន​បញ្ជា​ដក​កងទ័ព​ចេញពី​អ៊ីរ៉ាក់​នោះ មិនមាន​ផែនការ​បញ្ជូន​ទ័ព​ទៅធ្វើ​សង្គ្រាម​នៅ​ទី​នោះដែរ ព្រោះ​ខ្លាច​ផុងខ្លួន​ជាថ្មី​នៅ​មជ្ឈិមបូព៌ា។ ប៉ុន្តែ​សហរដ្ឋអាមេរិក​បន្ត​បង្កើន​កិច្ចសហប្រតិបត្តិការ​យោធា និង​ការវាយប្រហារ​តាមផ្លូវ​អាកាស​ដើម្បី​កម្ចាត់​ក្រុម​រដ្ឋ​ឥស្លាម​នៅ​ស៊ី​រី​និង​ស៊ី​រី​ផងដែរ។ កាលពី​ខែ​មុន ក្រុង​វ៉ាស៊ីនតោន​ទើប​ចរចា​ជាមួយ​រដ្ឋាភិបាល​ក្រុង​អង់កា​រ៉ា​ដើម្បី​ប្រើប្រាស់​ទឹកដី​តួ​ក​គី​ដើម្បី​វាយប្រហារ​តាមផ្លូវ​អាកាស​កម្ទេច​មូល​ដ្ឋា​ន​ទ័ព​ក្រុម​រដ្ឋ​ឥស្លាម​នៅ​ស៊ី​រី​ផងដែរ។
 
១.អាមេរិក​ប្រើប្រាស់​មូលដ្ឋានទ័ព​នៅ​តួ​ក​គី​វាយប្រហារ​ក្រុម​រដ្ឋ​ឥស្លាម​ជា​លើកដំបូង  
ប៉ុន្មាន​ថ្ងៃមុន​សហរដ្ឋអាមេរិក​ទើប​បញ្ជូន​យន្តហោះ​ចម្បាំង៦គ្រឿង​ទៅកាន់​មូលដ្ឋាន​ទ័ពអាកាស​តួ​ក​គី និង​កងទ័ព​ប្រហែល៣០០នាក់​ផង។ គេ​ដឹង​ច្បាស់​ថា យន្តហោះ​និង​កងទ័ព​ត្រៀមខ្លួន​ដើម្បី​ចាប់ផ្តើម​យុទ្ធនាការ​ទម្លាក់​គ្រាប់បែក​នៅ​ស៊ី​រី​កម្ចាត់​ក្រុម​រដ្ឋ​ឥស្លាម និង​អាច​ចាំ​ការពារ​ក្រុម​ឧទ្ទាម​នៅ​ស៊ី​រី​ផង។ដូច​ការរំពឹងទុក ថ្ងៃ​ពុធ​ម្សិលមិញ យន្តហោះ​ចម្បាំង​អាមេរិក F-16 ហោះ​ចេញពី​ទឹកដី​តួ​ក​គីស​ម្តៅ​មូលដ្ឋាន​ក្រុម​រដ្ឋ​ឥស្លាម​នៅ​ស៊ី​រី ជា​លើកដំបូង​បំផុត។ ក្រៅពី​ប្រើប្រាស់​យន្តហោះ​ចម្បាំង ទាហាន​អាមេរិក​ដែល​ឈរជើង​នៅ​ទីនោះ​ក៏​ប្រើប្រាស់​យន្តហោះ​ដ្រូ​ន គ្មាន​អ្នកបើកបរ​តាម​ចាប់​ទីតាំង​ក្រុម​រដ្ឋ​ឥស្លាម​នៅ​ស៊ី​រី​ដែរ។ យ៉ាងណាមិញ ម្សិលមិញ​មានតែ​យន្តហោះ​អាមេរិក​ប៉ុណ្ណោះ គ្មាន​យន្តហោះ​កងទ័ពអាកាស​តួ​ក​គី​ឡើយ។ថ្វីបើ​រដ្ឋាភិបាល​ក្រុង​អង់កា​រ៉ា​ផ្តល់​ទឹកដី​ឲ្យ​ទ័ព​អាមេរិក​ប្រើប្រាស់​និង​ប្រកាស​ចូលរួម​ក្រុម​សម្ព័ន្ធ​អន្តរជាតិ​កម្ចាត់​ក្រុម​រដ្ឋ​ឥស្លាម កងទ័ព​តួ​ក​គី​បាន​ប្រើប្រាស់​ទ័ពអាកាស​វាយលុក​តែ​ក្រុម​ឃឺ​ត​នៅ​ស៊ី​រី​ប៉ុណ្ណោះ មិនមែន​តាម​ប្រមាញ់​កងកម្លាំង​សកម្មប្រយុទ្ធ​រដ្ឋ​ឥស្លាម​ឡើយ។   សហរដ្ឋអាមេរិក​រិះគន់​ក្រុង​អង់កា​រ៉ា​រឿង​លួច​ប្រើប្រាស់​ការចូលរួម​កម្ចាត់​ក្រុម​រដ្ឋ​ឥស្លាម​ជា​លេស​ដើម្បី​វាយប្រហារ​ឃឺ​ត​ផងដែរ។
 
២.នាយទាហាន​អាមេរិក​ស្នើ​បញ្ជូន​ទ័ពថ្មើរជើង​ទៅ​អ៊ីរ៉ាក់​កម្ចាត់​ក្រុម​រដ្ឋ​ឥស្លាម
យុទ្ធសាស្ត្រ​ពង្រាយ​ទ័ព​ប្រយុទ្ធ​អាចជា​យុទ្ធសាស្ត្រ​ចុងក្រោយ​បំផុត​របស់​ក្រុង​វ៉ាស៊ីនតោន​ក្នុងករណី​ចាំបាច់។ លោក អូ​បា​ម៉ា នៅ​ស្ទាក់ស្ទើរ​ខ្លាំង ក្នុងការ​សម្រេច​ស្នើ​បញ្ជូន​ទ័ពថ្មើរជើង​ឲ្យ​ទៅ​សហការ​ជាមួយ​ទ័ព​អ៊ីរ៉ាក់​ប្រយុទ្ធប្រឆាំង​ក្រុម​ជី​ហាត ព្រោះ​វា​មិនសូវ​ចំណេញ​ហើយ​លោក​ផ្ទាល់​ជា​អ្នក​ប្រឹង​បញ្ចប់​ប្រតិបត្តិការ​ទ័ព​អាមេរិក​នៅ​អ៊ីរ៉ាក់​តែម្តង។ ប៉ុន្តែ​ស្ថានការណ៍​ជារួម​ប្រែប្រួល ដែល​តម្រូវ​ឲ្យ​មានការ​ផ្លាស់ប្តូរ​យុទ្ធសាស្ត្រ​យោធា។ បើ​ផ្អែកលើ​ទ័ពអាកាស​មួយ​មុន មិនដឹង​ជា​គេ​ត្រូវ​ចំណាយពេល​ប៉ុន្មាន​ឆ្នាំ​ទៅមុខ ដើម្បី​កម្ទេច​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​ឥស្លាម​នេះឡើយ។  អ្វីដែល​សំខាន់ ថ្មីៗនេះ​ឧ​ត្ត​ម​សេនីយ៍​នាយសេនាធិការ​កងទ័ព​អាមេរិក​ជិត​ចូលនិវត្តន៍ Ray Odierno បានស្នើ​ឲ្យ​មានការ​បញ្ជូន​កងទ័ព​ថ្មើរជើង​ទៅកាន់​ប្រទេស​អ៊ីរ៉ាក់​ដើម្បី​រក្សា​ប្រសិទ្ធភាព​នៃ​ការ​កម្ចាត់​ក្រុម​រដ្ឋ​ឥស្លាម។ លោក​បាន​អះអាងថា​វា​ចាំបាច់​ត្រូវមាន​ទ័ព​នៅ​ផ្ទាល់​ដី​ប្រកៀក​ស្មារ​ជាមួយ​ទ័ព​អ៊ីរ៉ាក់​នៅ​សមរភូមិ ទើប​អាច​ធានាបាន​ថា យុទ្ធនាការ​បោសសម្អាត​ក្រុម​នេះ​មាន​ប្រសិទ្ធភាព។ មិនមែន​តែម​ន្ត្រី​យោធា​ម្នាក់នេះ​ទេ ប៉ុន្តែ​បណ្តា​អ្នកជំនាញ​ឯទៀត​សុទ្ធតែ​ទិតៀន​យុទ្ធសាស្ត្រ​យោធា​លោក​អូ​បា​ម៉ា ព្រោះ​វា​ទន់ជ្រាយ​ពេក។ វា​ជា​ការពិតហើយ ទ័ពអាកាស​មួយ​មុខ បាន​ត្រឹម​បំបែកសំបុក​ក្រុម​រដ្ឋ​ឥស្លាម បើសិន​គ្មាន​ទ័ពថ្មើរជើង​ខ្លាំង​តាម​បោសសម្អាត​ក្រុម​ទាហាន​ជី​ហាត​ដែល​បាក់ទ័ព​នោះទេ មុន​ឬ​ក្រោយ​ពួកគេ​នឹង​ប្រមូល​ផ្តុំគ្នា​និង​ពង្រឹងកម្លាំង​ឡើងវិញ​ដូចដើម។
 
 ពាក់ព័ន្ធ​បញ្ហា​នេះដែរ កាលពីថ្មីៗកន្លងទៅ ប្អូនប្រុស​ប្រធានាធិបតី​ច​ច ដា​ប៊ិ​ល​យូ​ប៊ូ​ស (Gorge W. Bush) លោក​ចេ​ប ប៊ូ​ស (Jeb Bush) បាន​ថ្លែង​រិះគន់​បេក្ខជន​ប្រធានាធិបតី​បក្ស​ប្រជាធិបតេយ្យ ហ៊ី​ឡា​រី គ្លី​ន​តុ​ន និង​ចោទប្រកាន់​រដ្ឋបាល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ថា​សុទ្ធ​តែមាន​ចំណែក​ខុស​ដែល​បន្ត​ទុក​ឲ្យ​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​កើនឡើង​ឥទ្ធិពល​ខ្លាំង​នៅ​អ៊ីរ៉ាក់​និង​ស៊ី​រី ។ បេក្ខជន​បក្ស​សាធារណរដ្ឋ​ចង់​បរិហារ​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន និង​លោក​អូ​បា​ម៉ា ដែល​មិន​ព្រម​ទុក​កងទ័ព​ដែល​អ៊ីរ៉ាក់​ដដែល បែរជា​ដកទ័ព​អស់​ក្នុង​ឆ្នាំ២០១។ ប្អូនប្រុស​អ​តី​ប្រធានាធិបតី​អាមេរិក​ម្នាក់នេះ​ព្យាយាម​សរសើរ​បងប្រុស​ខ្លួន​ដែល​រក្សាទុក​នៅ​អ៊ីរ៉ាក់​និង​ទម្លាក់កំហុស​លើ​រដ្ឋាភិបាល​លោក អូ​បា​ម៉ា ដែល​បណ្តែតបណ្តោយ​ឲ្យ​ក្រុម​រដ្ឋ​ឥស្លាម​ឡើងចាង​បាន។ គេ​រំពឹងថា នៅពេល​ខាងមុខ​សហរដ្ឋអាមេរិក​ប្រហែលជា​ពិចារណា​ប្រើប្រាស់​ទ័ពថ្មើរជើង​នៅ​អ៊ីរ៉ាក់ មិនមែន​ទ្រង់ទ្រាយ​ធំ តែ​ល្មម​អាច​ពង្រឹងកម្លាំង​ថ្មើរជើង​គាំទ្រ​កងទ័ពអាកាស​បាន។
 
៣.បើ​ចង់​ដោះស្រាយ​បញ្ហា​ក្រុម​រដ្ឋ​ឥស្លាម អាមេរិក​គួរផ្តោត​បញ្ឈប់​បង្កើតរ​ដ្ឋ​បរាជ័យ 
រដ្ឋ​ដូចជា យេ​ម៉ែន ទុយ​នេ​ស៊ី ស៊ី​រី អ៊ីរ៉ាក់ នៅ​មជ្ឈិមបូព៌ា និង​លី​ប៊ី​នៅ​អាហ្វ្រិក​ខាងជើង រួមជាមួយ​អា​ហ្វ​ហ្កា​នី​ស្ថាន​នៅ​អាស៊ី​ខាង​កណ្តាល​សុទ្ធតែជា​ជម្រក​ដ៏​មាន​សុវត្ថិភាព​និង​ជា​កន្លែង​ដែល​ក្រុម​ភេរវជន​ដូចជា​ក្រុម​រដ្ឋ​ឥស្លាម​សាង​កម្លាំង​យ៉ាង​ងាយស្រួល។ វា​ជា​ការពិត​ថា​បញ្ហា​ក្រុម​រដ្ឋ​ឥស្លាម​ត្រូវ​ដោះស្រាយ​ដោយ​ប្រើប្រាស់​កម្លាំង​ទ័ព រួមជាមួយ ការផ្សះផ្សា​នយោបាយ សាសនា និង​អាចពាក់ព័ន្ធ​បញ្ហា​សេដ្ឋកិច្ច​ផង។ ប៉ុន្តែ​ការបន្ត​ទុក​រដ្ឋ​មួយចំនួន​ដូច​រៀបរាប់​ខាងលើ​ឲ្យ​នៅ​ស្ថិតក្នុង​ភាព​អស្ថិរភាព​និង​ក្លាយជា​រដ្ឋ​បរាជ័យ​ដោយ​គ្មាន​ដំណោះស្រាយ​នោះ វារឹតតែ​បង្ក​ការលំបាក​ដល់​ការដោះស្រាយ​ថែមទៀត។ នេះ​មានន័យថា បើ​ក្រុង​វ៉ាស៊ីនតោន​ចង់​ឲ្យ​ក្រុម​រដ្ឋ​ឥស្លាម​ចុះខ្សោយ​បាត់​ខ្លួន​ពី​ពិភពលោក​នេះ គេ​មិនត្រូវ​ព្រងើយកន្តើយ​បញ្ហា​ដែល​កំពុង​កើតឡើង​នៅ​រដ្ឋ​ខាងលើ​ទាំងនេះ​ទេ។

ក្រុម​រដ្ឋ​ឥស្លាម​ពង្រីក​បណ្តាញ​ដល់​ដី​អា​ហ្វ​ហ្កា​នី​ស្ថាន លី​ប៊ី ស៊ី ដែលជា​រដ្ឋ​ដែល​រដ្ឋាភិបាលកណ្តាល​មិនអាច​គ្រប់គ្រង​បាន​គ្រប់​ជ្រុងជ្រោយ។ បើ​បណ្តា​រដ្ឋ​ទាំងនេះ​រឹងមាំ មានលទ្ធភាព​ការពារ​ខ្លួន​និង អនុវត្ត​ច្បាប់​ពេញលេញ ក្រុម​រដ្ឋ​ឥស្លាម​និង​ក្រុម​ភេរវជន​ឯទៀត​ក៏​គ្មាន​ឱកាស​ពង្រឹងកម្លាំង​និង​ឆក​ឱកាស​ទាញ​ប្រយោជន៍​បាន​ស្រួល​ដូច​បច្ចុប្បន្ន​នេះឡើយ៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com