កីឡាជាតិ
ជាតិ
ថោង ច័ន្ទ​កិ​ត្យា និង គឹម ស៊ី​ពិសាល អាជ្ញាកណ្ដាល​កម្ពុជា​ទៅ​កាត់សេចក្ដី​ពាន U-19 នៅ​ឡាវ
19, Aug 2015 , 9:20 am        
រូបភាព
ដោយ:
សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី​ភាគ​អាគ្នេយ៍ ឬ ហៅ​អាស៊ាន ( AFF ) បាន​កោះហៅ​អាជ្ញាកណ្ដាល​របស់​កម្ពុជា ចំនួន ២ រូប​ដែលមាន​កម្រិត FIFA ទៅ​កាត់សេចក្ដី​ក្នុង​ពានរង្វាន់​បាល់ទាត់​យុវជន​ក្នុង​តំបន់ AFF U-19 Championship 2015 ដែល​រៀបចំ​នៅ​ប្រទេស​ឡាវ ចុងខែ​សីហា នេះ។

 
 
យោងតាម​ប្រភពពី​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បានឱ្យដឹងថា លោក​អាជ្ញាកណ្ដាល​ទាំង ២ រូបនោះ​មាន​លោក ថោង ច័ន្ទ​កិ​ត្យា ជា​អាជ្ញាកណ្ដាល​លើ​ទីលាន និង លោក គឹម ស៊ី​ពិសាល ជា​អាជ្ញាកណ្ដាល​ខ្សែបន្ទាត់ (ជំនួយការ​អាជ្ញាកណ្ដាល)។ បុរស​ជនជាតិខ្មែរ​ទាំ​ង ២ រូបនេះ​នឹងធ្វើ​ការ​ជាមួយ​អាជ្ញាកណ្ដាល​ប្រមាណ​ជា ១០ នាក់​ផ្សេងទៀត​មកពី​ប្រទេស​ជា​សមាជិក​តំបន់​អាស៊ាន ក្នុងការ​ដឹកនាំ​ការប្រកួត​តាំងពី​វគ្គ​ជម្រុះ​តាម​ពូ​ល​រហូតដល់​វគ្គ​ផ្ដាច់ព្រ័ត្រ។ 
 
តាម​គម្រោង AFF U-19 Youth Championship 2015 ដែល​រៀបចំ​នៅ​ទីក្រុង​វៀងចន្ទន៍ ប្រទេស​ឡាវ នឹង​ចាប់ពី​ថ្ងៃទី ២២ ខែ សីហា ដល់ ៤ ខែ កញ្ញា ឆ្នាំ ២០១៥ ដោយមាន​ក្រុម​ចូលរួម​ចំនួន ១១ ចែកជា ២ ពូ​ល ដោយ​ក្នុង​ពូ​ល A មាន ថៃ, ប្រ៊ុយណេ, ហ្វីលីពីន, កម្ពុជា និង ម្ចាស់ផ្ទះ ឡាវ ហើយ​ពូ​ល B មាន វៀតណាម, មី​យ៉ាន់​ម៉ា, សិង្ហ​បុរី, ទី​ម័​រ​ខាងកើត និង ម៉ាឡេស៊ី។
 
ទន្ទឹមនឹងនេះ​ក្រុម​ជម្រើសជាតិ U-19 កម្ពុជា ក៏​នឹង​ត្រៀម​ចូលរួម​ក្នុង​ពានរង្វាន់​នេះដែរ ដោយ​ត្រូវ​ជួប​ក្រុម​ម្ចាស់ផ្ទះ​ឡាវ នៅ​ថ្ងៃទី ២២ សីហា ហើយ​នៅ​ថ្ងៃទី ២៤ សីហា ត្រូវ ជួប​ក្រុម​ប្រ៊ុយណេ រហូតដល់​ថ្ងៃទី២៨ ខែ សីហា ត្រូវ​ប្រកួត​ជាមួយ​ហ្វីលីពីន មុន​ប្រកួត​បិទ​ពូ​ល A ជាមួយ​ក្រុម​ថៃ នៅ​ថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០១៥  ៕
 

Tag:
 AFF U19
© រក្សាសិទ្ធិដោយ thmeythmey.com