អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក ពូ​ទីន ជិះ​នាវាមុជទឹក​ចុះ​មើល​បំណែក​កប៉ាល់​បុរាណ​ក្រោម​សមុទ្រ​ឧបទ្វីប​Crimea
19, Aug 2015 , 12:22 pm        
រូបភាព
ជា​រឿង​ភ្ងា​ក់​ផ្អើល​ខ្លាំង​នៅពេលដែល​ប្រមុខរដ្ឋ​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ចេញមុខ​ជិះ​នាវាមុជទឹក​ធុន​មធ្យម​ទៅកាន់​ទឹកដី​ឧបទ្វីប Crimea ។ ការ​ជិះ​នាវាមុជទឹក​រប​ស់បុរ​ស​ខ្លាំង​រុស្ស៊ី ដើម្បី​ចុះទៅ​ត្រួតពិនិត្យ​បំណែក​ឬ​កម្ទេចកម្ទី​វត្ថុ​បុរាណ​ដែល​បន្សល់ទុក​តាំង​ទសវត្ស​ទី១០ពោលគឺ​តាំងពី​ចក្រភព​Byzantineដែល​ស្ថិតនៅ​បាតសមុទ្រ​ខ្មៅ។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP។ 

 
  លោក មុំ ពិទូរ្យ លម្អិតព័ត៌មាននេះ



ក្នុង​សម្លៀកបំពាក់​ឯកសណ្ឋាន​ពណ៌​ត្នោត​ខ្ចី​ប្រមុខរដ្ឋ​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា លោក​ជិះ​នាវាមុជទឹក​ធុន​តូច​ផលិត​ដោយ​ក្រុមហ៊ុន​ហូ​ឡង់​ដើម្បី​ស្វែងរក​បំណែក​នាវា​ដែល​នៅ​សេសសល់​តាំងពី​សម័យកាល​ចក្រភព​រ៉ូ​ម៉ាំង Byzantine នៅ​សតវត្ស​ទី១០ ដែល​នៅ​សេសសល់​នៅក្រោម​សមុទ្រ​ខ្មៅ​ក្បែរ​ឧបទ្វីប Crimea ។ រូបភាព​លោក ពូ​ទីន ឡើង​ជិះ​នាវាមុជទឹក​ធុន​តូច​ដោយមាន​នាវិក​ម្នាក់ និង​មនុស្ស​មួយចំនួន​អម​ជាមួយ​ផង​នោះ​ត្រូវបាន​គេ​បញ្ចេញ​ជា​សាធារណ​កាលពី​ម្សិលមិញ។ អាច​និយាយថា វា​ជា​សកម្មភាព​មួយ​កម្រ ប៉ុន្តែ​វា​ជា​រឿង​សាមញ្ញ​សម្រាប់​ប្រធានាធិបតី​រុស្ស៊ី​រូបនេះ។   
 
យោងតាម​សម្តី​លោក ពូ​ទីន នាវាមុជទឹក​ដែល​លោក​ជិះ​នោះបាន​មុជ​ចុះទៅ​ក្រោម​សមុទ្រ​ជម្រៅ ៨៣ ម៉ែត្រ​ដើម្បី​ត្រួតពិនិត្យ​បំណែក​កប៉ាល់​ដែល​នៅ​សេសសល់​នៅក្រោម​សមុទ្រ និង​វត្ថុ​បុរាណ​មួយចំនួន​ផង​ដូចជា​ថូ​បុរាណ​នៅ​កំពង់ផែ Sevastopol ។ លោក ពូ​ទីន បាន​គូសបញ្ជាក់ថា កប៉ាល់​ដែល​គេ​ប្រទះ​ក្រោម​សមុទ្រ​នេះ​ជា​កប៉ាល់​ដឹកទំនិញ​តាម​ឆកសមុទ្រ Balaclava ហើយ​វា​ស្ថិតនៅក្រោម​ការស៊ើបអង្កេត​របស់​អ្នកជំនាញ។ បំណែក​កប៉ាល់​បែបនេះ​មិនសូវមាន​ច្រើន​នៅ​ភាគ​ខាងជើង​សមុទ្រ​ខ្មៅ​ឡើយ។   
 
ដំណើរ​ផ្សងព្រេង​របស់​បុរស​ខ្លាំង​រុស្ស៊ី​មិនមែនជា​រឿង​ថ្មី​ឡើយ ព្រោះ​លោក​ធ្លាប់​ឡើង​ជិះ​នាវាមុជទឹក​ចុះក្រោម​បាត​បឹង​មាន​ជម្រៅ​ជ្រៅ​បំផុត Baikal ក្នុង​ជម្រៅ ១.៤គីឡូម៉ែត្រ​ដែរ​កាលពី​ឆ្នាំ២០០៩ ។ ក្នុង​ឆ្នាំ ២០១៣ លោក​ក៏បាន​ជិះ​នាវាមុជទឹក​ចុះទៅពិនិត្យ​នាវាចម្បាំង​តាំងទី​សតវត្ស​ទី១៩ ដែល​លិច​កប់​ក្រោម​បាតសមុទ្រ​បាល់​ទិ​ក​ផងដែរ។   
 
លោក ពូ​ទីន ក្លាយជា​មេដឹកនាំ​តែ​ម្នាក់​គត់​ដែល​ទាក់ទាញ​ចំណាប់អារម្មណ៍​ពិភពលោក​ទាំងមូល​ដោយសារតែ​លោក​ចូលចិត្ត​ផ្សងព្រេង​ក្នុងស្ថានភាព​គ្រោះថ្នាក់​និង​មេដឹកនាំ​ឯទៀត​មិន​ធ្លាប់ធ្វើ។ កាលពី​ប៉ុន្មាន​ឆ្នាំមុន​លោក​ធ្លាប់​ឡើង​ជិះ​យន្តហោះ​ធុន​តូច​សម្រាប់អ្នកទេសចរ ក្រោយមក​ជិះ​សត្វ​សេះ​ខ្មៅ និង​បាញ់​សត្វ​ខ្លា​មួយ​ក្បាល​ដើម្បី​សង្គ្រោះ​មនុស្ស​ខណៈ​លោក​កំពុងស្ថិត​ក្នុង​ប្រតិបត្តិ​ការសង្គ្រោះ​សត្វ​ខ្លា​ស៊ី​បេ​រី​ផង។ ក្រៅពី​បង្ហាញ​ភាពក្លាហាន លោក ពូ​ទីន ក៏​ជា​ម្ចាស់​ខ្សែក្រវ៉ាត់​ខ្មៅ​យូ​ដូ​ផងដែរ។  
 
ប្រជាប្រិយភាព​របស់លោក ពូ​ទីន កើនឡើង​ខ្ពស់​ក្នុងសង្គម​រុស្ស៊ី​អស់​រយៈពេល​យូរអង្វែង​មកហើយ ហើយ​លោក​កាន់តែ​ល្បីល្បាញ​ខ្លាំង​ក្រោយ​សម្រេច​ជោគជ័យ​ដណ្តើមយក​ឧបទ្វីប Crimea ពី​អ៊ុយ​ក្រែ​ន​មកវិញ​កាលពី​ដើមខែ​មិនា​ឆ្នាំ​មុននេះ។ ប្រជាជន​រុស្ស៊ី​សាទរ​គោលនយោបាយ​រប​ស់​របប​ដឹកនាំ​រដ្ឋាភិបាល​ក្រេ​ម​ឡាំង​ដែល​អាច​នាំ Crimea ត្រលប់មក​រុស្ស៊ី​វិញ។ យ៉ាងណា​ក៏ដោយចុះ ដំណើរ​របស់លោក ពូ​ទីន ចុះក្រោម​សមុទ្រ​ដើម្បី​ទៅ​មើល​វត្ថុ​បុរាណ​ក្បែរ​កំពង់ផែ Sevastopol នោះ​រង​ការរិះគន់​ខ្លាំង​ពី​សំណាក់​រដ្ឋាភិបាល​ក្រុង​គៀវ។ លោក Petro Poroshenko បាន​ចេញមុខ​រិះគន់​លោក ពូ​ទីន ដែល​ហ៊ាន​ទៅ​ទស្សនកិច្ច​នៅ Crimea ដោយ​លោក​អះអាងថា​ទង្វើ​នេះ​ធ្វើ​ឲ្យ​ជម្លោះ​ភាគ​ខាងកើត​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​ផង៕  
 
 ទស្សនាវីដេអូ

 
 

Tag:
 ពូ​ទីន
© រក្សាសិទ្ធិដោយ thmeythmey.com