កីឡាអន្តរជាតិ
អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
កំពូល​អ្នក​ប្រដាល់​អាមេរិក Roy Jones Jr សុំ​លោកពូ​ទីន​ផ្តល់​សញ្ជាតិ​រុស្ស៊ី​ដល់​ខ្លួន
20, Aug 2015 , 3:42 pm        
រូបភាព
កីឡាករ​ប្រដាល់​គីឡូ​ធ្ងន់​ដ៏​ល្បី​របស់​អាមេរិក Roy Jones Jr  បាន​និយាយត្រង់ៗដោយ​សុំ​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ផ្តល់​សញ្ជាតិ​រុស្ស៊ី​ដល់​លោក ដើម្បី​សម្រួល​ដល់​ការធ្វើ​ជំនួញ​នៅពេល​ខាងមុខ។ អ្នក​ប្រដាល់​ស្បែក​ខ្មៅ វ័យ ៤៦ឆ្នាំនេះ​បានស្នើ​សុំ​សញ្ជាតិ​រុស្ស៊ី​ក្នុងជំនួប​កម្រ​មួយ​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​នៅ​ទឹកដី​ដែល​រុស្ស៊ី​ទើប​ដណ្តើមបាន​គឺ​ឧបទ្វីប Crimea។


លោក មុំ ពិទូរ្យ លម្អិត​ព័ត៌មាន​នេះ


 
ម្សិលមិញ​ប្រមុខរដ្ឋ​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បានសម្រេច​ចិត្ត​ជួប​កីឡាករ​ប្រដាល់​គីឡូ​ធ្ងន់​អាមេរិក​លោក Roy Jones Jr ដើម្បី​ជជែក​គ្នា​លេង​និង​ហូប​តែ​កម្សាន្ត​នៅ​តំបន់​Crimea ផង។ ក្នុង​ឯកសណ្ឋាន​ផ្លូវការ​សម្រាប់​ជួប​ភ្ងៀ​វ​កិត្តិយស លោក ពូ​ទីន បាន​ថ្លែង​សំណេះសំណាល​ជាមួយ​កីឡាករ​ខាងលើ​ប្រកបដោយ​ទឹកមុខ​ញញឹម​និង​រាក់ទាក់​បំផុត។  អ្វីដែល​សំខាន់​ក្នុងពេល​សន្ទនា​កីឡាករ​ប្រដាល់​គីឡូ​ធ្ងន់​នេះ​បាន​ស្នើសុំ​សញ្ជាតិ​រុស្ស៊ី​ពី​លោក ពូ​ទីន ដោយ​លោក អះអាងថា​សញ្ជាតិ​រុស្ស៊ី​នឹង​ជួយ​សម្រួល​ដល់​ជំនួញ​របស់លោក។   
 
កីឡាករ​ប្រដាល់​និង​ជា​តួ​សម្តែង​ខាងលើ​គិតថា បើ​មាន​សញ្ជាតិ​រុស្ស៊ី​វា​នឹង​ជួយ​លោក​ច្រើន​ក្នុង​ការបើក​ជំនួញ​នៅក្នុង​ប្រទេស​រុស្ស៊ី ហើយ​ម្យ៉ាង​លោក​មាន​ក្រុម​អ្នកគាំទ្រ​ជា​ជនជាតិ​រុស្ស៊ី​ច្រើន​ទៀតផង។ លោក Roy Jones Jr បាន​គូសបញ្ជាក់ថា៖« ខ្ញុំ​មក​ទីនេះ​ពីព្រោះថា​ខ្ញុំ​ចង់​សុំ​លិខិតឆ្លងដែន​សម្រាប់​ចេញចូល​ទឹកដី​រុស្ស៊ី​ដោយ​ងាយស្រួល។ ដូច្នេះ​ខ្ញុំ​អាចធ្វើ​ជំនួញ​នៅទីនេះ។ ហើយ​ខ្ញុំ​ចង់​បើក​ជំនួញ​នៅទីនេះ ក៏​ព្រោះថា​ប្រជាជន​នៅទីនេះ​មើលទៅ​ស្រលាញ់​គាំទ្រ​ខ្ញុំ​ច្រើន​ផងដែរ»។
 
ថ្លែង​ចប់​ភ្លាម បុរស​ខ្លាំង​រុស្ស៊ី​លោក ពូ​ទីន បង្ហាញ​ទឹកមុខ​ញញឹម ព្រោះ​ពេញ​ចិត្តនឹង​ពាក្យសម្តី​កីឡាករ​អាមេរិក​នេះ។ លោកពូ​ទីន​បាន​ឆ្លើយតប​វិញ​ថា អាជ្ញាធរ​របស់លោក​ពិត​ជា​រីករាយ​ដើម្បី​ជួយ​សម្រួល​តាម​ការស្នើសុំ​លិខិតឆ្លងដែន​និង​សញ្ជាតិ​រុស្ស៊ី ដរាបណា​លោក Roy Jones អាច​ចំណាយ​ពេលវេលា​វែង​ល្មម​ដើម្បី​ធ្វើ​ជំនួញ​នៅ​រុស្ស៊ី។ នេះ​វា​ផ្អែកលើ​ច្បាប់​រុស្ស៊ី​ផងដែរ ដើម្បី​ទ​ទូល​បាន​សញ្ជាតិ។  
 
យ៉ាងណាក៏ដោយ អ្នក​ទាំងពីរ​ជជែក​គ្នា​លើ​បញ្ហា​កីឡា​ច្រើន ហើយ​កីឡាករ​អាមេរិក​ហាក់ដូចជា​ធ្វើខ្លួន​ឲ្យ​ឆ្ងាយ​ពី​បញ្ហានយោបាយ ព្រោះ​រុស្ស៊ី​និង​អាមេរិក​កំពុង​ទាស់ទែង​ខ្វែងគំនិត​គ្នា​លើ​បញ្ហា​ជម្លោះ​នៅ​អ៊ុយ​ក្រែ​ន​បច្ចុប្បន្ន។ ប៉ុន្តែ​អ្នក​ប្រដាល់​រូបនេះ​ក៏​រំពឹងថា កិច្ចសន្ទនា​និង​សកម្មភាព​របស់លោក​នៅ​រុស្ស៊ី​អាច​នឹង​ក្លាយជា​ស្ពាន​ជួយ​ផ្សះផ្សា​ចំណងមិត្តភាព​អាមេរិក​និង​រុស្ស៊ី​ដែល​ប្រេះ​បែក​ដោយសារ​ការ​ក្រសោប​យក​ទឹកដី Crimea និង​ជម្លោះ​នៅ​អ៊ុយ​ក្រែ​ន​បច្ចុប្បន្ន​ផង។
 
 លោក Roy Jones Jr បាន​ថ្លែងប្រាប់​លោក ពូ​ទីន ថា កាលពី​ក្មេង​លោក​មិន​ប្រា​ថា្ន​ថា​នឹង​ចាប់ផ្តើម​ហាត់​និង​យក​អាជីព​ជា​អ្នក​ប្រដាល់​ដូច​បច្ចុប្បន្ន​នេះឡើយ ដោយ​លោក​ចង់​ហាត់​ប្រភេទ​កីឡា​ជប៉ុន​ប៉ុណ្ណោះ។ ប៉ុន្តែ​លោក ពូ​ទីន ដែល​ធ្លាប់​ហាត់​កីឡា Judo តាំងពី​វ័យ១៤ឆ្នាំ​រហូត​ដល់ពេល​ឥឡូវ​នោះ​ស្រាប់តែ​និយាយ​កាត់​ដោយ​លើកសរសើរ​ថា លោក Roy Jones Jr ជ្រើសរើស​ត្រូវ​និង​មាន​សមត្ថភាព​សម្រេចបាន​ជោគជ័យ​ដ៏​អស្ចារ្យ​ក្នុង​អាជីព​នេះ។  នេះ​អាច​ថា​មកពី​លោក និង​អ្នក​ប្រដាល់​ដ៏​ល្បី​របស់​អាមេរិក​ខាងលើ​សុទ្ធ​តែមាន​ចំណង់​ចំណូលចិត្ត​ខាង​ផ្នែក​កីឡា​ដូចគ្នា ទើបបានជា​ពួកគេ​ជជែក​តែ​ពី​បញ្ហា​កីឡា និង​បទពិសោធ​នានា​ទាក់ទង​នឹង​វិស័យ​កីឡា​តែម្តង។ 
 
គួរ​បញ្ជាក់ថា កីឡាករ​ប្រដាល់​អាមេរិក​គីឡូ​ធ្ងន់ Roy Jones មកកាន់​ប្រទេស​រុស្ស៊ី​ដើម្បី​ធ្វើជា​ភ្ងៀ​វ​កិត្តិយស​ពិសេស​ក្នុង​កម្មវិធី​ប្រដាល់​មួយ​ដែលមាន​ឈ្មោះថា « The Battle of Mount Gasfort  »  ដែល​នឹងត្រូវ​ប្រារព្ធ​ឡើង​នៅ​ទីក្រុង Sevastopol នៅ​ចុង​សប្តាហ៍​ខាងមុខនេះ៕
 

Tag:
 ពូ​ទីន
  កីឡា
© រក្សាសិទ្ធិដោយ thmeythmey.com