ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ហ៊ុន សែន លត់​លោក សម រង្ស៊ី​កាន់តែខ្លាំង ក្រោយ​ផ្ទៀងផ្ទាត់​ផែនទី
21, Aug 2015 , 11:23 am        
រូបភាព
ដោយ:
 
ក្រោយពី​រដ្ឋាភិបាល​កម្ពុ​ជា បាន​ផ្ទៀងផ្ទាត់​ផែនទី​របស់​អង្គការសហប្រជាជាតិ​ជាមួយ​ផែនទី​រដ្ឋាភិបាល​បច្ចុប្បន្ន លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សរសេរ​សារ​តាម​ទូរ​សព្ទ​ទៅ​លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុងតែ​បំពេញការងារ​នៅ​ប្រទេស​អូស្ត្រាលី។ សារ​របស់លោក ហ៊ុន សែន  បាន​ប្រា​ប់លោក សម រង្ស៊ី ពី​លទ្ធផល​អវិជ្ជមាន​សម្រាប់​សហការី​របស់លោក​មេ​បក្សប្រឆាំង​រូបនេះ ដូចជា ការជាប់​ពន្ធនាគារ និង​រត់គេចខ្លួន​ជាដើម ដោយសារតែ​ការចោទប្រកាន់​រដ្ឋាភិបាល​ថា ប្រើ​ផែនទី​ក្លែងក្លាយ ការ​ក្លែង​ឯ​សារ និង​ផែនទី​របស់លោក សម រង្ស៊ី ដែល​ទិញ​ពី​ប្រទេស​បារាំង។

 
ពាក្យពេចន៍ ដែល​លោក ហ៊ុន សែន ប្រើ​នៅក្នុង​សារ​ទូរ​សព្ទ​របស់ខ្លួន ដែល​ផ្ញើ​ទៅ​លោក សម រង្ស៊ី ភាគច្រើន ហាក់​មាន​អត្ថន័យ បែប​ឌឺដង​ឲ្យ​លោក​មេបក្ស​ប្រឆាំង និង​និយាយ​ពីស​កម្ម​ភាពមិន​ត្រឹមត្រូវ​របស់​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​តម្រូវ​ឲ្យ​លោក សម រង្ស៊ី គួរ​អប់រំ​មន្ត្រី​របស់ខ្លួន។ សារ​របស់លោក ហ៊ុន សែន ផ្ញើ​ទៅ​លោក សម រង្ស៊ី ត្រូវ​ចុះផ្សាយ​ដោយសារ​ព័ត៌មាន Fresh News  នៅ​ថ្ងៃ​សុក្រ​នេះ។ 
 
គ្រាន់តែ​ឃ្លា​ដំបូង​នៃ​សារ​របស់ខ្លួន លោក ហ៊ុន សែន បាន​និយាយ​ពី​សកម្មភាព​បន្ត​ចោទប្រកាន់​រដ្ឋាភិបាល​ថា ប្រើ​ផែនទី​ក្លែងក្លាយ  ពី​សំណាក់​សហការី​របស់លោក សម រង្ស៊ី បើទោះបីជា​រូបលោក​បាន​ផ្តល់ឱកាស​ឲ្យ​ច្រើនដង​យ៉ាងណាក៏ដោយ។ លោកនាយក​រដ្ឋមន្ត្រី បាន​លើកយក​ពីស​ម្តី​មន្ត្រី​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ ក្រោយ​ពិធី​ពិនិត្យ​ផ្ទៀងផ្ទាត់​ផែនទី​កាលពី​ម្សិលមិញ​យ៉ាងនេះ​ថា៖«ម្សិលមិញ​ក្រោយពេល​ផ្ទៀង​ផែនទី​យក​ពី​អង្គការសហប្រជាជាតិ តំណាង​គណបក្ស​ឯ.ឧ បាន​និយាយថា អ្នក​និយាយ​ជា​សិទ្ធិ​របស់​បុគ្គល​មិន​ទាក់ទង នឹង​គោលជំហរ​គណបក្ស​ទេ»។ ចំពោះ​ពាក្យសម្តី​នេះ លោក ហ៊ុន សែន បានស្នើ​ឲ្យ​លោក សម រង្ស៊ី ណែនាំ​ដល់​មន្ត្រី​ខ្លួន​ឡើងវិញ។ 
 
ជាងនេះទៅទៀត លោក ហ៊ុន សែន ក៏​ស្នើ​ឲ្យ​លោក សម រង្ស៊ី រក​ផែនទី ២ ផ្ទាំង​ទៀត​ដែល​ត្រឹមត្រូវ មក​ប្រគល់ជូន​រាជបណ្ឌិតសភា។ លោក បានចាត់ទុក​ផែនទី​របស់លោក សម រង្ស៊ី ដូច្នេះ​ថា៖« សុំ​ឯកឧត្តម កុំ​បន្ទោស​ខ្ញុំ​ថា ប្រើល្បិច​យក​សត្វ​មាន​ពឹ​ស​ចេញពី​រូង ព្រោះ​ផែនទី​ត្រឹមត្រូវ​របស់ ឯ.ឧ សាហាវ​ជាង​សត្វ អ​សិ​រពឹស​ទៅទៀត ព្រោះ​ផែនទី​នេះ​មិន​ត្រឹមតែ​បោកប្រាស់​ប្រជាជន​ប៉ុណ្ណោះ​ទេ តែ​ផែន​ទីនេះ​បានធ្វើ​ឲ្យ​សហការី ឯ.ឧ​ខ្លះ​ជាប់គុក និង​ខ្លះទៀត​កំពុង​រត់គេចខ្លួន»។
 
បើតាម​សារ​របស់លោក ហ៊ុន សែន ដែល​ផ្ញើជូន​លោក សម រង្ស៊ី ដដែល លោក ហ៊ុន សែន បញ្ជាក់ថា រូបលោក នឹង​ឲ្យ​ផ្សព្វផ្សាយ​នូវ​ឯកសារ​ទាំងអស់ រាប់ទាំង​លិខិត​របស់​សម្តេចឪ ផ្ញើ ជូន​អតីត​នាយករដ្ឋមន្ត្រី វៀតណាម ផាំ វ៉ាន់​ដុង កាលពី​ឆ្នាំ១៩៩៩ សុំ​យក​ខ្សែរ​ប្រេ​វី​យេ​ជា​ខ្សែ​ព្រំដែន ទឹក​រវាង​កម្ពុជា​និង​វៀតណាម​ទៀត។
 
ជា​ចុងបញ្ចប់​នៃ​សា​របស់ខ្លួន លោក ហ៊ុន សែន មាន​ក្តី​រំពឹងថា លោក សម រង្ស៊ី នឹង​លែងយក​បញ្ហា​ព្រំដែន​កម្ពុជា-វៀតណាម ជា​ល្បែង​នយោបាយ។ លោក ហ៊ុន សែន មាន​សុ​ទិដ្ឋិ និយម​យ៉ាងនេះ​ថា៖«ខ្ញុំ​សង្ឃឹមថា​ចាប់ពីពេលនេះ​តទៅ​បញ្ហារ​ព្រំដែន​ពិសេស​ព្រំដែន​កម្ពុជា-វៀតណាម លែង​ក្លាយ​ទៅ ជា​ល្បែង​នយោបាយ​បោកប្រាស់​ប្រជាជន​ពី​សំណាក់​ឯ.ឧ​ផ្ទាល់ និង​មនុស្ស​ក្នុង​គណបក្ស​ឯ.ឧត​ទៅទៀត។ ខ្ញុំ​នឹងចូលរួម​កំដរ​ឯ.ឧ​នូវ​គ្រប់​ទម្រង់​លេង គ្រប់​កាលៈទេសៈ​គ្រប់​រដូវ​កាល និង​គ្រប់​រស់ជាតិ (ក្តៅ.ត្រជាក់.ផ្អែម.ល្វីង.ជូរចត់) »៕
 
 

Tag:
 ហ៊ុន សែន
  សម រង្ស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com