ជាតិ
បទវិភាគ
មូល​ហេតុដែល​មិនមាន​ធនធានមនុស្ស​ត្រឹមត្រូវ​បម្រើរាជការ
23, Aug 2015 , 8:40 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ ភាពទន់ខ្សោយ​នៃ​ស្ថាប័ន​អប់រំ​របស់​កម្ពុជា ការជ្រើសរើស​មន្ត្រី​ឱ្យចូល​បម្រើ​ការងារ​ផ្អែកលើ​កូតា​របស់​បក្សនយោបាយ អំពើពុករលួយ​ក្នុងការ​ជ្រើសរើស​មន្ត្រី​ឱ្យចូល​ធ្វើការ និង បទដ្ឋាន​គតិយុត្ត​មួយចំនួន​ពាក់​ពន្ធ​ក្នុង​ការផ្ដល់​សិទ្ធិ​ឱ្យ​បេក្ខជន​ឈរឈ្មោះ​ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​ក្រុមប្រឹក្សាឃុំ សង្កាត់, ក្រុមប្រឹក្សា​ស្រុក ខណ្ឌ, ក្រុមប្រឹក្សា​ខេត្ត ក្រុង រាជធានី, តំណាងរាស្ត្រ និង សមាជិក​ព្រឹទ្ធសភា។ល។ ត្រូវបាន​គេ​គិតថា ជា​មូលហេតុចំបងៗដែល​ធ្វើឱ្យ​ធនធានមនុស្ស​របស់​ក​ម្ពុ​ជា​នៅមានកម្រិត​ទាប និង ការប្រើប្រាស់​ធនធានមនុស្ស​មិនទាន់បាន​ត្រឹមត្រូវ។

 
ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ហៅ​កាត់​ថា របប​ខ្មែរក្រហម ធនធានមនុស្ស​របស់​កម្ពុជា ស្ទើ​តែ​ទាំងអស់​ត្រូវបាន​សម្លាប់។ ក្រោយ​របប​នេះ​ត្រូវបាន​ផ្ដួលរំលំ​ទៅ​នៅ​ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ កម្ពុជា​បាន​ចាប់​កសាង​ប្រទេស​របស់ខ្លួន​ឡើងវិញ លើ​មូលដ្ឋាន​នៃ​ធនធានមនុស្ស​បន្តិចបន្តួច និង សមត្ថភាព​មាន​កម្រិត។ សម័យ​កាលនោះ កម្ពុជា​មិនទាន់បាន​បញ្ចប់សង្គ្រាម​ស៊ីវិល​នៅឡើយ ហើយ​ទំនាក់ទំនង​កិច្ចការបរទេស​ជាមួយ​ប្រទេសជិតខាង ប្រទេស​ក្នុង​តំបន់ និង ពិភពលោក ក៏​មិនទាន់មាន​ភាពទូលំទូលាយ​ដែរ។ ហេតុនេះ កម្ពុជា​បាន​ប្រឹង​រស់​ដោយ​ខ្លួនឯង និង​ប្រើប្រាស់​ធនធាន​ដែល​ខ្លួន​មាន​ជាក់ស្ដែង។ 
 
នៅពេលនោះ ការផ្ដល់​ការងារ​និង​តួនាទី បាន​ផ្អែកលើ​គុណបំណាច់​នៃ​ការតស៊ូ ឬ ចំណេះដឹង​ដែលមាន​ជាក់ស្ដែង។ ចំណែក​ក្នុង​វិស័យ​អប់រំ​វិញ គឺ​ឈរលើ​ជំហរ «អ្នកចេះ​ច្រើន​បង្រៀន​អ្នកចេះ​តិច និង​អ្នកចេះ​តិច បង្រៀន​អ្នក​មិនចេះ​សោះ»។ ក្រោយ​ឆ្នាំ១៩៩៣ ភាគី​ខ្មែរផ្សេងៗ ដែល​បាន​តស៊ូ​នៅតាម​ព្រំដែន​កម្ពុជា-ថៃ ក៏ត្រូវ​បានធ្វើ​សមាហរណកម្ម​មក​ក្នុង​រចនាសម្ព័ន្ធ​មន្ត្រីរាជការ​ស៊ីវិល នគរបាលជាតិ និង កងយោធពល​ខេមរភូមិន្ទ។ ហើយ​ចុងក្រោយ​បំផុត គឺ​ក្រោយ​ឆ្នាំ១៩៩៧ ភាគី​ខ្មែរក្រហម​ក៏ត្រូវ​បានធ្វើ​សមាហរណកម្ម​ចូលមកក្នុង​រចនា​សម្ព​ន្ធ​នេះដែរ។ ធនធានមនុស្ស​ដែល​បានធ្វើ​សមាហរណកម្ម​ចូលមកក្នុង​រចនា​សម្ព​ន្ធ​ជាតិ​គ្រប់​វិស័យនេះ មិនទាន់បាន​សម្រិតសម្រាំង​លើស​ម្ថ​ភាព​ទេ គឺ​គ្រាន់តែ​ឈរលើ​គោលនយោបាយ​ឈ្នះ​ឈ្នះ និង ការបង្រួបបង្រួម​ជាតិ​តែប៉ុណ្ណោះ។ 
 
ហេតុ​ដូច្នេះហើយ បានជា​ធនធានមនុស្ស​ដែល​មិនសូវមាន​សមត្ថភាព និង ការប្រើប្រាស់​ធនធានមនុស្ស​មិនទាន់បាន​ត្រឹ​ត្រូវ បាន​បន្ត​ជា​មរតក​រហូតមកដល់​សព្វថ្ងៃនេះ។ លើសពីនេះ​ទៀត ភាពទន់ខ្សោយ និង​អំពើពុករលួយ​ក្នុង​ស្ថាប័ន​អប់រំ​របស់​កម្ពុជា អំពើពុករលួយ​ក្នុងការ​ជ្រើសរើស​មន្ត្រី​ឱ្យចូល​ធ្វើ​ការងារ ការជ្រើសរើស​មន្ត្រី​ឱ្យចូល​បម្រើ​ការងារ​ផ្អែកលើ​កូតា​របស់​បក្សនយោបាយ និង បទដ្ឋាន​គតិយុត្ត​មួយចំនួន​ពាក់​ពន្ធ​ក្នុង​ការផ្ដល់​សិទ្ធិ​ឱ្យ​បេក្ខជន​ឈរឈ្មោះ​ក្នុងការ​បោះឆ្នោត​ជ្រើ​តាំង​ក្រុមប្រឹក្សាឃុំ សង្កាត់, ក្រុមប្រឹក្សា​ស្រុក ខណ្ឌ, ក្រុមប្រឹក្សា​ខេត្ត ក្រុង រាជធានី, តំណាងរាស្ត្រ និង សមាជិក​ព្រឹទ្ធសភា ដោយ​មិនបាន​កំណត់​សញ្ញាបត្រ ឬ សមត្ថភាព​សមស្រប ក៏បាន​រួមចំណែក​យ៉ាងសំខាន់​ក្នុង​ការធ្វើ​ធនធានមនុស្ស​របស់​ក​ម្ពុ​ជា​នៅមានកម្រិត​ទាប និង​ការប្រើប្រាស់​ធនធានមនុស្ស​មិនទាន់បាន​ត្រឹមត្រូវ​ដែរ។ 
 
ម្យ៉ាងទៀត ដោយសារតែ​អំពើពុករលួយ និង ការ​ផ្អែកលើ​កូតា​ក្នុងការ​ជ្រើសរើស​មន្ត្រីរាជកា​រ និង មន្ត្រី​នយោបាយ​នេះហើយ បានជា​ធនធានមនុស្ស​សម័យថ្មី ដែលមាន​ស​ត្ថ​ភាព ហើយ​មិន​ចូលចិត្ត​អែបអប មិនមាន​លុយ​សូក​ឬ​មិន​ចង់​សូក និង មិនមែនជា​សមាជិករ​បស់​បក្សនយោបាយ​ណាមួយ មិនបាន​ចូល​បម្រើ​ការងារ​ក្នុង​ស្ថាប័នរដ្ឋ។ ម្ល៉ោះហើយ​ធនធាន​ទាំងនេះ បាន​ហូរ​ចូលទៅក្នុង​វិស័យ​ឯកជន និង វិស័យ​សង្គម​ស៊ីវិល។  
 
ហេតុដូច្នេះ​ហើយ​បានជា​យើង​សង្កេតឃើញ សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់, សមាជិក​ក្រុមប្រឹក្សា​ស្រុក ខណ្ឌ, សមាជិក​ក្រុមប្រឹក្សា​ខេត្ត ក្រុង រាជធានី, សមាជិក​តំណាងរាស្ត្រ និង សមាជិក​ព្រឹទ្ធសភា ព្រមទាំង​អ្នកដឹកនាំ​និង​អ្នកគ្រប់គ្រង​ស្ថាប័នសំខាន់ៗមួយចំនួនទៀត មិនមាន​សញ្ញាបត្រ​ឬ​សមត្ថភាព សមស្រប​តាម​តួនាទី​របស់ខ្លួន​ឡើយ។ ក្នុង​ករណីខ្លះ បើទោះបីជា​ពួកគេ​មាន​សមត្ថភាព​ក៏ដោយ ក៏​ពួកគេ​មិនបាន​ធ្វើការ​ត្រូវ​តាម​ជំនាញ​ពួកគេ​ដែរ។ ហេតុផល​នេះហើយ ដែល​ធ្វើឱ្យ​ការដឹកនាំ​និង​ការគ្រប់គ្រង​ស្ថាន​ប័ន​រដ្ឋ​មិនសូវមាន​ប្រសិទ្ធភាព ការអភិវឌ្ឍ និង សុខដុមរមនា។ ជាក់ស្ដែង មាន​សមាជិក​រដ្ឋសភា និង សមាជិក​ព្រឹទ្ធសភា​មួយចំនួន ដែល​បាន​បំពេញការងារ​ប្រាំ​អាណត្តិ​ហើយ​នោះ ពួកគេ​មិនដែល​បាន​មាន​យោបល់​តាម​ឧ​ត្ត​ម​គតិ​ខ្លួនឯង​សូម្បី​តែមួយ​ម៉ាត់ និង​អង្គុយចាំតែ​លើកដៃ​អនុម័ត​ច្បាប់ និង​សំណើផ្សេងៗតែប៉ុណ្ណោះ។
 
ជារួម យើង​សង្កេតឃើញថា ការប្រើប្រាស់​ធនធានមនុស្ស​នៅ​កម្ពុជា មិនទាន់បាន​ត្រឹមត្រូវ​ឡើយ ដែល​ធ្វើឱ្យ​ការដឹកនាំ ការគ្រប់គ្រង និង ការបំពេញភារកិច្ច មិនបាន​ត្រឹមត្រូវ មិនមាន​ប្រសិទ្ធភាព និង​មិនសូវ​រីកចម្រើន។ មិនតែប៉ុណ្ណោះ​វា​ថែមទាំង​ធ្វើ​មាន​កំហុស ហានិភ័យ និង ខាត​ប្រយោជន៍​ជាតិ​ទៀតផង។
 
ជា​ដំណោះស្រាយ យើង​គួរ​កែលម្អ​គុណភាព​អប់រំ ធ្វើ​វិសោធនកម្ម​លើ​ច្បាប់បោះឆ្នោត ដើម្បី​ឈានទៅ​កំណត់​សមត្ថភាព​របស់​បេក្ខជន​ក្រុមប្រឹក្សាឃុំ ស​ង្គា​ត់, ក្រុមប្រឹក្សា​ស្រុក ខណ្ឌ, ក្រុមប្រឹក្សា​ខេត្ត ក្រុង រាជធានី, តំណាងរាស្ត្រ និង សមាជិក​ព្រឹទ្ធសភា ឱ្យមាន​សមត្ថភាព​និង​សញ្ញាបត្រ​សមស្រប និង​គួរ​កាត់បន្ថយ​ការផ្ដល់​អាទិភាព​ចំពោះ​កូតា លើ​មុខតំណែង​រដ្ឋបាល ឬ​មន្ត្រី​ជំនាញ។ លើសពីនេះ​ទៀត ក៏​គួរតែ​ធ្វើ​វិសោធនកម្ម​លើ​ច្បាប់​សហលក្ខន្តិកៈ​មន្ត្រីរាជកា​រ​ស៊ីវិល និង បទដ្ឋាន​គតិយុត្តផ្សេងៗទៀត ដើម្បី​ជ្រើសរើស និង​ផ្ដល់​តំណែង​ឱ្យ​មន្ត្រី​ជំនាញ​ឱ្យ​ត្រូវ​តាម​កម្រិត​និង​ឯកទេស​ដែល​ពួកគេ​មាន ឱ្យស្រប​ទៅនឹង​ស្ថាប័ន​ជំនាញ​ដែល​ពួកគេ​ត្រូវ​ដឹកនាំ​និង​គ្រប់គ្រង។ ជៀសវាង ការជ្រើសរើស​មន្ត្រី​ជំនាញ​តាម​ការ​កូតា​របស់​បក្ស តាម​ខ្សែ និង តាម​រូបភាពផ្សេងៗនៃ​អំពើពុករលួយ ជាដើម៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com