អន្តរជាតិ
អាមេរិក​សង្ឃឹមថា​ចំណងមិត្តភាព​ជិត​ស្និ​ទ្ធិ​ជួយ​ឲ្យ​នយោបាយ​វៀតណាម​ផ្លាស់ប្តូរ
25, Aug 2015 , 8:19 pm        
រូបភាព
ចុងខែ​នេះ​ប្រធានសភា​វៀតណាម​នឹង​ទៅ​ទស្សនកិច្ច​នៅ​ក្រុង​វ៉ាស៊ីនតោន ក្រោយ​មាន​វត្តមាន​ប្រធាន​បក្ស​ក​ម្មុយ​នី​ស្ត​វៀតណាម​នៅ​អាមេរិក។ ដំណើរ​ទស្សនកិច្ច​រប​ស់​មន្ត្រីជាន់ខ្ពស់​បក្ស​កុម្មុយនីស្ត​ក្រុង​ហាណូយ​បន្តបន្ទាប់​គ្នា​ទៅ​អាមេរិក និង​របស់​មន្ត្រី​ក្រុង​វ៉ាស៊ីនតោន​មកកាន់​វៀតណាម​បញ្ជាក់​ច្បាស់​ថា ប្រទេស​ទាំងពីរ​កំពុង​ប្រឹង​បង្កើន​ចំណងមិត្តភាព​ឲ្យ​កាន់​ស្អិត​ល្មួ​រ​ជាមួយគ្នា​កាន់តែខ្លាំង។ នៅ​ពីក្រោយ​ការពង្រឹង​ទំនាក់ទំនង​ឲ្យ​ជិតស្និទ្ធ​រវាង​រដ្ឋ​ទាំងពីរ គឺ​ផលប្រយោជន៍ មិនមែន​ព្រោះតែ​គេ​ទុកចិត្ត​គ្នា​ឡើយ។ តែ​អាមេរិក​រំពឹង​មុតមាំ​ថា ខ្លួន​អាច​ជំរុញ​ឲ្យ​វៀតណាម​ដែល​បើកចំហរ​តែ​សេដ្ឋកិច្ច​និង​បន្ត​រំលោភសិទ្ធិ​មនុស្ស​ជា​ហូរហែរ​នោះ​អាច​ឈានទៅ​បើកចំហរ​ខាង​នយោបាយ​ផង។ ការ​រុញ​វៀតណាម​ដែល​គ្រប់គ្រង​ដោយ​បក្ស​ក​ម្មុយ​នី​ស្ត​រាប់​ទសវត្ស​ទៅជា​រដ្ឋ​បើ​ចំហរ​នយោបាយ​មិនមែនជា​រឿង​ងាយស្រួល​ឡើយ។


 
សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ៖ 


 
បម្លាស់ប្តូរ​ទស្សនកិច្ច​មន្ត្រីជាន់ខ្ពស់​អាមេរិក​និង​វៀតណាម​កើត​ឡើងជា​បន្តបន្ទាប់ ក្រោយ​ប្រទេស​ទាំងពីរ​ភ្ជាប់​ចំណង​ការទូត​ឡើងវិញ​កាលពី​ឆ្នាំ១៩៩។ ខែ​មុន មេបក្ស​ក​ម្មុយ​នី​ស្ត​វៀតណាម​លោក ង្វៀង ភូ​ទ្រុង (Nyueng Phu Trong) ទៅ​ក្រុង​វ៉ាស៊ីនតោន និង​ជួប​ប្រធានាធិបតី​បា​រ៉ា​ក់ អូ​បា​ម៉ា នៅ​សេត​វិមាន។ កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ គណកម្មាធិការ​ការបរទេស​វៀតណាម​បានចេញ​សេចក្តីប្រកាស​មួយ​បញ្ជាក់ថា ប្រធានសភា​វៀតណាម​លោក Nguyen Sinh Hung នឹង​ទៅ​ទស្សនកិច្ច​នៅ​សហរដ្ឋអាមេរិក​វិញ​ម្តង​ចាប់​ពីថ្ងៃ ៣១សីហា ដល់​ថ្ងៃ ៩កញ្ញា​ខាងមុខ។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះដែរ ប្រធានសភា​វៀតណាម​ខាងលើ​ក៏​ដឹកនាំ​ក្រុម​សមាជិកសភា​វៀតណាម​ច្រើន​នាក់​ដើម្បី​ចូលរួម​ក្នុង​សន្និសីទ​ប្រធានសភា​ពិភពលោក ដែល​នឹ​ត្រូវ​រៀបចំឡើង​នៅក្នុង​ទីក្រុង​ញូវយ៉ក​ផងដែរ។ ដំណើរ​ទស្សនកិច្ច​បន្ត​បន្ទាប់​ឥត​ដាច់ បង្ហាញថា ចំណង​ការទូត​ភាគី​ទាំងពីរ​កាន់តែ​ប្រសើរ ហើយ​ទំហំ​ពាណិជ្ជកម្ម សេដ្ឋកិច្ច បន្ត​កើនឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ។ ត្រឹម​ឆ្នាំ ២០១៤ អាមេរិក​ក្លាយជា​រដ្ឋ​ដែលមាន​ទុនវិនិយោគ​ច្រើន​បំផុត​លំដាប់​ទី៧នៅ​វៀតណាម ហើយ​អាមេរិក​ក៏​ជាទី​ផ្សារ​ធំ​បំផុត​សម្រាប់​ផលិតផល​នាំចេញ​របស់​វៀតណាម​ផងដែរ។ តាម​ការមើលឃើញ​ជាក់ស្តែង ក្រុង​វ៉ាស៊ីនតោន និង​ក្រុង​ហាណូយ ចង់​តំឡើង​កម្រិត​ការទូត​ដល់​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​ផង។ 
 
១. អាមេរិក​និង​វៀតណាម​ជា​មិត្ត​ដើម្បី​តែ​ផលប្រយោជន៍?
គ្មាន​អ្នកណា​ធ្លាប់​គិតថា អតីត​សត្រូវ​ចាស់​សម័យ​សង្គ្រាមត្រជាក់​ទាំងពីរ​អាចមាន​លទ្ធភាព​ទុក​អតីតកាល​ជូរចត់​មួយ​ឡែក ហើយ​ងាក​មក​ចាប់ដៃគ្នា​បែបនេះ​ទេ។ ២០ឆ្នាំក្រោយ​ភ្ជាប់​ទំនាក់ទំនង ភាគី​ទាំង​សុទ្ធ​តែមាន​សុទិដ្ឋិនិយម​និង​ជំនឿ​ចិត្ត​ខ្ពស់​ក្នុង​ការបន្ត​ចាប់ដៃគ្នា​សាង​ទំនាក់ទំនង​នៅពេល​ខាងមុខ​និង​អាច​ប្រែក្លាយជា​សម្ព័ន្ធមិត្ត​ជាមួយគ្នា​ផង​ក៏​មិនដឹង។ ប៉ុន្តែ​មិនមែន​មានន័យថា​ការ​សាង​ចំណងមិត្តភាព​រវាងរ​ដ្ឋ​ទាំងពីរ​បច្ចុប្បន្នេះ ពឹង​លើ​ផ្អែកលើ​ការ​សាង​ទំនុកចិត្ត​ឡើយ។ ទំនង​ជិតស្និទ្ធ​រវាង​វៀតណាម​និង​អាមេរិក​ដោយសារ​បរិបទ​នយោបាយ​តំបន់​ផ្លាស់ប្តូរ ហើយ​ភាគី​សុទ្ធតែ​សំលឹង​ឃើញ​ប្រយោជន៍​ច្រើន​ដែរ។
 
វៀតណាម មាន​មហិច្ឆតា​យក​អាមេរិក​ជា​ខ្នងបង្អែក​ស្រាប់ សម្រាប់​ទប់​ចិន​រឿង​ជម្លោះដែនសមុទ្រ​ចិន​ខាងត្បូង​និង​សម្រាប់​ទាញ​ប្រយោជន៍​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​ក្នុង​បរិបទ​សាកលភាវូបនីយកម្ម។  រឿង​ចម្បង​គឺ​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង។ អាមេរិក​អាចមាន​អំណាច​និង​ឥទ្ធិពល​ខ្លាំង អាច​ការពារ​វៀតណាម​មិន​ឲ្យ​ចិន​ធ្វើ​អ្វី​តាមចិត្ត។ ក្នុង​ក្រសែរ​ភ្នែក​អ្នកវិភាគ ពេលនេះ​ឱកាស​មួយ​ដ៏​ល្អ​របស់​វៀតណាម​ដែល​ត្រូវ​ចាប់ដៃ​អាមេរិក​នៅពេលនេះ។ 
 
ផ្ទុយទៅវិញ វៀតណាម​មាន​លក្ខណៈពិសេស​ច្រើន​ទាំង​ភូមិសាស្ត្រ​នយោបាយ និង​សក្តានុពល​សេដ្ឋកិច្ច ដែល​ធ្វើ​ឲ្យ​អាមេរិក​ត្រូវចិត្ត។ សហរដ្ឋអាមេរិក​វិញ ចង់​ប្រើប្រាស់​វៀតណាម​និង​បណ្តា​រដ្ឋ​អាស៊ី​ប៉ា​ស៊ី​ហ្វ្រិ​ក​ផ្សេងទៀត ដើម្បី​ពង្រឹង​ឥទ្ធិពល​របស់ខ្លួន​ឡើងវិញ​នៅក្នុង​តំបន់។ នៅពេល​ខាងមុខ​វៀតណាម រួមជាមួយ​សម្ព័ន្ធមិត្ត​អាមេរិក​ឯទៀត​ដូចជា​ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង​ជាដើម​អាច​ពួតដៃគ្នា​រក្សា​តុល្យភាព​អំណាច​អាមេរិក​នៅ​អាស៊ី ដោយ​មិន​បណ្តោយ​ឲ្យ​ចិន​គ្រប់គ្រង​ផ្តាច់មុខ​បានឡើយ។ ក្រៅពីនេះ រដ្ឋបាល​អាមេរិក​ក៏​សំឡឹង​មើលឃើញ​ប្រយោជន៍​ផ្សេងទៀត​ដែរ។ នោះ​គឺ​ការជំរុញ​ឲ្យ​វៀតណាម​បើកចំហរ​ច្រើន​ជាមុន ឬ​អាច​បោះបង់​នយោបាយ​សង្គមនិយម​ដូច​បច្ចុប្បន្ន និង​បើកទ្វារ​ទទួលយក​ប្រជាធិបតេយ្យ តាមរយៈ​ទំនាក់ទំនង​ជិតស្និទ្ធ​នេះ។ 
២.អាមេរិក​រំពឹងថា​វៀតណាម​នឹង​កាន់តែ​បើកចំហរ​នយោបាយ
វៀតណាម ជា​រដ្ឋ​ដែល​រីកចម្រើន​រហ័ស​បំផុត​មួយ​នៅក្នុង​តំបន់​និង​ពិភពលោក។ នេះ​ក៏​ដោយសារតែ​កំណែទម្រង់សេដ្ឋកិច្ច​ចុង​ទសវត្ស​ទី ៨០ ដោយ​ត្រលប់មក​ចាប់យក​សេដ្ឋកិច្ច​ទីផ្សារ។ ថ្វីបើ​សេដ្ឋកិច្ច​បើកចំហរ​ក្តី  នយោបាយ​បិទ​ធ្វើ​ឲ្យ​វៀតណាម​ពិបាក​ចាប់ដៃ​ជាមួយ​អាមេរិក​និង​បណ្តា​រដ្ឋ​ប្រជាធិបតេយ្យ​ផ្សេងទៀត​ដែរ។  ប៉ុន្តែ​វៀតណាម​ឆ្លាត​ត្រង់​ថា  គ្រប់​ពេលដែល​អាមេរិក​និង​សហគមន៍​អន្តរជាតិ​រិះគន់​និង​ចាប់អារម្មណ៍​លើ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​វៀតណាម រដ្ឋាភិបាល​ក្រុង​ហាណូយ​ចាប់ផ្តើម​បន្ធូរបន្ថយ​ការ​រឹតត្បិត​សិទ្ធិសេរីភាព ប្រឹងប្រែង​លាងជម្រះ​រឿងអាស្រូវ តាមរយៈ​ការដោះលែង​អ្នកទោសនយោបាយ និង​បណ្តា​សកម្មជន​សិទ្ធិមនុស្ស។ ហើយ​បើសិនជា​សហគមន៍​អន្តរជាតិ​មិនបាន​ចាប់អារម្មណ៍ រដ្ឋ​មួយ​នេះ​ចាប់ផ្តើម​ធ្វើទុក្ខបុកម្នេញ​ក្រុម​សិទ្ធិមនុស្ស និង​រាល់​បណ្តា​ក្រុម​អ្នកនយោបាយ​ប្រឆាំង​ភ្លាម។ កន្លងមក​មុន​មាន​ទស្សនកិច្ច​របស់​ប្រមុខ​ការទូត​អាមេរិក​លោក ច​ន ឃឺ​រី នៅ​វៀតណាម ក្រុង​ហាណូយ​បញ្ជា​ឲ្យ​គេ​ដោះលែង​អ្នកទោសនយោបាយ​ច្រើន​រយ​នាក់​ផង ដើម្បី​បង្ហាញថា​ខ្លួន​ប្រឹងប្រែង​ដើម្បី​សិទ្ធិមនុស្ស។ គេ​ដឹង​ច្បាស់​ពី គោលនយោបាយ​សហរដ្ឋ​អាមេរិក​ដែល​កំពុង​ប្រើប្រាស់​ជាមួយ​វៀតណាម​បច្ចុប្បន្ន ដោយ​ពឹង​លើ​ទំនាក់ទំនង​និង​ភាពជិតស្និទ្ធ​លើ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម​និង​វិស័យ​ឯទៀត។ គោលនយោបាយ​នេះ មិន​ខុសពី​អ្វីដែល​ប្រទេស​មហាអំណាច​ប្រជាធិបតេយ្យ​នេះ​កំពុង​ប្រើ​ជាមួយ​រដ្ឋ​សង្គមនិយម​អាមេរិក​ឡាទីន​គុយបា ឬ​រដ្ឋ​ដែលមាន​នយោបាយ​បិទ​ដូចជា​អ៊ីរ៉ង់​ជា​ដើ​ឡើយ។  គេ​រំពឹងថា ក្រុង​វ៉ាស៊ីនតោន​នឹង​សម្រេច​ជោគជ័យ​ក្នុងការ​ផ្លាស់ប្តូរ​វៀតណាមសន្សឹមៗរហូត​ក្លាយជា​រដ្ឋ​បើកចំហរ​ទូលំទូលាយ​ទាំង​នយោបាយ​និង​សេដ្ឋកិច្ច៕
 

Tag:
 អាមេរិក​
  ​វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com