អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អាមេរិក​បង្ហាញ​សាច់ដុំ​ដាក់​រុស្ស៊ី​ដោយ​បញ្ជូន​យន្តហោះ​ចម្បាំង​F-22 ទៅ​អឺរ៉ុប
26, Aug 2015 , 2:39 pm        
រូបភាព
ក្រុង​វ៉ាស៊ីនតោន​គ្រោង​បញ្ជូន​យន្តហោះ​ចម្បាំង​ស៊េរី F-22 ទៅកាន់​តំបន់​អឺរ៉ុប​នៅពេលឆាប់ៗខាងមុខនេះ។ ការបញ្ជូន​យន្តហោះ​ទំនើប​បំផុត​នេះ​ទៅ​តំបន់​អឺរ៉ុប​ដើម្បី​បង្ហាញ​ឆន្ទៈ​ខ្ពស់ និង​ការប្តេជ្ញាចិត្ត​របស់​ក្រុង​វ៉ាស៊ីនតោន​ក្នុងការ​ការពារ​សម្ព័ន្ធ​មិត្ត​សមាជិក​បក្សសម្ព័ន្ធ​យោធា​ណា​តូ​ដែល​កំពុង​បារម្ភ​ពី​សន្តិសុខ​ក្រោយ​រុស្ស៊ី​ឈ្លានពាន​អ៊ុយ​ក្រែ​ន។ គេ​មិនអាច​ដឹង​ច្បាស់​នៅឡើយ​ទេ​ថា អាមេរិក​នឹង​បញ្ជូន​យន្តហោះ​ប៉ុន្មាន​គ្រឿង​ទៅ​អឺរ៉ុប។

 
លោក មុំ ពិទូរ្យ លម្អិតព័ត៌មាននេះ


 
រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ត្រៀម​បញ្ជូន​យន្តហោះ​ចម្បាំង F-22 ជាច្រើន​គ្រឿង​ទៅ​សំចត​នៅ​តំបន់​អឺរ៉ុប​នៅពេលឆាប់ៗខាងមុខនេះ។ ផែនការ​នៃ​ការបញ្ជូន​សព្វាវុធ​ទំនើប​ទៅ​អឺរ៉ុប​នេះ ជា​ផ្នែក​មួយ​នៅ​គោលនយោបាយ​អាមេរិក​ក្នុងការ​ផ្តល់​ការការពារ និង​រក្សា​សន្តិសុខ និង​ស្ថិរភាព​នៅ​តំបន់​អឺរ៉ុប ទប់ទល់​ការគំរាមកំហែង​របស់​ក្រុង​ម៉ូស្គូ។ សព្វាវុធ​ធុន​ធ្ងន់​ច្រើន​ប្រភេទ​របស់​អាមេរិក​អាច​ឲ្យ​បណ្តា​រដ្ឋ​ជា​មិត្ត មាន​អារម្មណ៍​កក់ក្តៅ​ជាង​មុន និង​អាច​រសាយ​ការភ័យខ្លាច​ថា​រុស្ស៊ី​នឹង​ឈ្លានពាន​នៅពេល​ខាងមុខ​ផងដែរ។ 
 
លេខាធិការ​ទទួលបន្ទុក​កងទ័ព​ជើង​អាកាស​លោកស្រី Deborah Lee James បានប្រកាស​កាលពី​ថ្ងៃ​ចន្ទ​ថា យន្តហោះ​ចម្បាំង​ស៊េរី​ទំនើប​នេះ​នឹងត្រូវ​បញ្ជូនទៅ​អឺរ៉ុប​មែន ហើយ​យន្តហោះ​ទាំងនេះ​នឹង​បម្រើ​ការងារ​ក្នុង​កងកម្លាំង​ប្រយុទ្ធ​នៅ​អឺរ៉ុប ដែល​ក្រុម​នេះ​មាន​តួនាទី​សំខាន់​ក្នុងការ​ឆ្លើយតប​រាល់​ប​ញ្ហា​ប្រឈម​ខាង​ផ្នែក​សន្តិសុខ។ ប៉ុន្តែ​កាល​បិ​រ​ច្ឆេ​ទ​នៃ​ការបញ្ជូន​ទៅនោះ​មិន​ត្រូវបាន​មន្ត្រីជាន់ខ្ពស់​ក្រុង​វ៉ាស៊ីនតោន​បង្ហើប​ឲ្យ​ដឹង​ឡើយ ប៉ុន្តែ​គេ​ដឹង​ត្រឹម​ថាឆាប់ៗនេះ​ប៉ុណ្ណោះ។  មន្ត្រី​ក្រុង​វ៉ាស៊ីនតោន​នេះ ក៏បាន​ឆ្លៀត​រិះគន់​សកម្មភាព​រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន​ផងដែរ ដោយ​មន្ត្រី​ម្នាក់នេះ​អះអាងថា រហូតមកទល់​បច្ចុប្បន្ន ការគំរាមកំហែង​រប​ស់​រុស្ស៊ី​ចំពោះ​បណ្តា​រដ្ឋ​នៅ​អឺរ៉ុប​ខាងកើត​នៅតែមាន​ខ្ពស់​នៅឡើយ ដែល​ចាំបាច់​ត្រូវការ​ត្រៀមលក្ខណៈ​ដើម្បី​ទប់ទល់​បញ្ហា​នេះ​ជាមុន។  
 
នេះ​ក៏ដោយ​សារ រយៈពេល​ជាង​មួយឆ្នាំ ជម្លោះ​ប្រដាប់អាវុធ​នៅ​អ៊ុយ​ក្រែ​ន​នៅតែ​បន្ត​អូសបន្លាយ​រក​ផ្លូវ​ចប់​មិនឃើញ​សោះ។ ទោះ​មាន​កិច្ចព្រមព្រៀង Minsk ហើយក៏​ដោយ ភាគី​ជម្លោះ​នៅ​បន្ត​វាយប្រហារ​គ្នា​ទៅវិញទៅមក ហើយ​ជន​ស៊ីវិល​បន្ត​ស្លាប់បាត់​បង់ជីវិត​ជាច្រើន​ពាន់​នា​នក់​ផង។ ចំណែក​រុស្ស៊ី​ឯណោះ​វិញ​បន្ត​រង​ការចោទប្រកាន់​ជា​ហូរហែរ​ពី​លោកខាងលិច ទោះបី​ប្រទេស​នេះ​ធ្លាប់ជួយ​ជ្រោមជ្រែង​ឲ្យ​មានការ​ចរចា​បង្កើត​កិច្ចព្រមព្រៀង​សន្តិភាព​និង​បទ​ឈប់​បាញ់​ច្រើនលើកច្រើនសារ​ក៏ដោយ។
 
 ក្រៅពី​មាន​ចូលរួម​ក្នុង​កងកម្លាំង​ប្រយុទ្ធ កងកម្លាំង​ទ័ពអាកាស​ដែលជា​អ្នកបើក​យន្តហោះ​ចម្បាំង​ទាំងនេះ នឹង​ជួយ​បំពាក់បំប៉ន​សមត្ថភាព​កងកម្លាំង​សមាជិក​ណា​តូ​នៅ​តំបន់​អឺរ៉ុប​ផង ដើម្បី​ធានាថា ពួកគេ​មាន​សមត្ថភាព​គ្រាប់​គ្រាន់​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​មាន​ប្រសិទ្ធិភាព។ រហូតមកទល់​ពេលនេះ បណ្តា​រដ្ឋ​ជាច្រើន​នៅ​អឺរ៉ុប ជាពិសេស​អឺរ៉ុប​ខាងកើត នៅតែ​ព្រួយបារម្ភ​ពី​សន្តិសុខ និង​អនាគត​របស់ខ្លួន​នៅពេល​ខាងមុខ ចាប់តាំងពី​ពេលដែល​វិបត្តិ​នៅ​អ៊ុយ​ក្រែ​ន​ផ្ទុះឡើង​និង​មានការ​អន្តរាគមន៍រ​បស់​រុស្ស៊ី​នៅក្នុង​ជម្លោះ​ផង។  កន្លងមក​សហរដ្ឋអាមេរិក​បាន​បញ្ជូន​កងទ័ព​ទៅធ្វើ​សមយុទ្ធ​ជាមួយ​បណ្តា​រដ្ឋ​អឺរ៉ុប​ខាងកើត​ឥត​ដាច់​នៅ​មិន​ឆ្ងាយ​ពី​ព្រំដែន​រុស្ស៊ី​ឡើយ។  ហើយ​ប្រឹក្សា​សឹក រួម​ជា​សព្វាវុធ​ច្រើនសន្ធឹក​សន្ធាប់​របស់​អា​មេ​រិ​ក​ក៏​នៅ​បន្ត​មាន​វត្ត​មាននៅ​អឺរ៉ុប​ខាងកើត​ផងដែរ។  
 

Tag:
 អាមេរិក​
  ​រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com