ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក លូ ម៉េង៖ យើង​គ្រោង​រៀបចំ​ព្រឹត្តិការណ៍​អន្តរជាតិ​រាល់​ខែ​ដើម្បី​ទាក់ទាញ​ទេសចរ
27, Aug 2015 , 3:11 pm        
រូបភាព
ចាប់ពី​ថ្ងៃទី៣ខែសីហា លោក លូ ម៉េង មេ​ចុងភៅ​ដ៏​ល្បី​របស់​កម្ពុជា ត្រូវបាន​ជ្រើសរើស​ឲ្យ​ធ្វើជា​ប្រធាន​ក្រុមការងារ​នៃ​វិស័យ​ឯកជន និង​រដ្ឋាភិបាល ផ្នែក​ទេសចរណ៍។ លោក លូ ម៉េង ថ្លែងថា លោក​មិនសូវ​បារម្ភ​អំពី​ការទទួលខុសត្រូវ​លើ​ការងារ​នេះ​ប៉ុន្មាន​ទេ ពីព្រោះ​លោក​មាន​ក្រុមការងារ​ដែល​ត្រូវ​ចូលរួម​ធ្វើ​ឲ្យ​វិស័យ​ទេសចរណ៍​កាន់តែ​រីក​ច្រើន​នៅ​កម្ពុជា។ នៅក្នុង​អាណត្តិ​លោក​ជា​សហប្រធាន​ជាមួយ​តំណាង​រដ្ឋាភិបាល​ក្នុង​ក្រុមការងារ​ទេសចរណ៍​នេះ លោក​បាន​រកឃើញ​ការងារ​អាទិភាព​មួយចំនួន ដូចជា​ការ ផ្សព្វផ្សាយ​គុណភាព​ទេសចរណ៍​របស់​កម្ពុជា​ទៅក្នុង​ពិភពលោក រៀបចំ​ព្រឹត្តិការណ៍​អន្តរជាតិ​ប្រចាំខែ​សម្រាប់​ភ្ញៀវ​ទេសចរណ៍​ជាដើម។

 
សូម​អាន​បទសម្ភាសន៍​លំអិត​រវាង​លោក លូ ម៉េង និង​លោក លាង ដឺ​លុច និពន្ធ​នាយក​សារព័ត៌មាន​អេឡិចត្រូនិកថ្មីៗ ៖
 
លោក លាង ដឺ​លុច៖ ចាប់ពី​ដើមខែ​សីហា​នេះ​មក លោក​ដែលជា​មេ​ចុងភៅ​ដ៏​ល្បី​ប្រចាំ​ប្រទេស​កម្ពុជា ហើយ​ជា​ម្ចាស់​ភោជនីយដ្ឋាន​ជាតិ និង​អន្តរជាតិ​ចំនួន១២ផង​នោះ បានក្លាយ​ទៅជា​ប្រធាន​ក្រុមការងារ​នៃ​វិស័យ​ឯកជន និង​រដ្ឋាភិបាល ផ្នែក​ទេសចរណ៍ ដែលជា​តួនាទី​ដ៏​សំខាន់​មួយ។ តើ​លោក​មាន​ចំណាប់អារម្មណ៍​យ៉ាងណា​ចំពោះ​តួនាទី​នេះ?
 
លោក លូ ម៉េង៖ ជាការ​ពិត នេះ​ជាការ​ចូលរួម​ដ៏​សំខាន់​មួយ​ក្នុង​វិស័យ​ទេសចរណ៍។ តំណែង​នេះ​មិន​ស្រណុក​ទេ។ តែ​ក៏​មិន​ពិបាក​ដែរ។ អ្វីដែល​ខ្ញុំ​មាន​ថ្ងៃនេះ ក៏​ដោយសារតែ​មានការ​ចូលរួម​គាំទ្រ និង​ការលើកទឹកចិត្ត​ពី​មិត្តភក្តិ និង​សមាគម​នានា​ដែល​ធ្វើការ​ក្នុង​វិស័យ​ទេសចរណ៍​នេះ​ទាំងអស់គ្នា​ដូចជា សហព័ន្ធ​ទេសចរណ៍​កម្ពុជា សមាគម​សណ្ឋាគារ​កម្ពុជា សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា សហព័ន្ធ​ចុងភៅ សមាគម​ភោជនីយដ្ឋាន​កម្ពុជា និង Eurocham ជាដើម។ អ្វីដែល​សំខាន់ គឺថា​នៅពេលនេះ អ្នក​ទាំងអស់គ្នា​មិនចេះ​តែ​និយាយ​ទេ តែ​ពួកគេ​ធ្វើ​តែម្តង។ ពួកគេ​មានគំនិតល្អៗច្រើន ហើយ​ដោះស្រាយ​បញ្ហា​រួមគ្នា​ជាមួយ​ទេសចរណ៍។ ត្រង់​នេះហើយ​ដែល​លើកទឹកចិត្ត​ខ្ញុំ។ យើង​នៅលើ​ទូក​តែមួយ យើង​បាន​រួមគ្នា​ធ្វើ​ការងារ​ទាំងអស់គ្នា។
 
លោក លាង ដឺ​លុច៖ តាមពិត​ម្ហូបអាហារ​ក៏​ជា​ផ្នែក​មួយ​នៃ​សេវា​ទេសចរណ៍​ដែរ។ ហើយ​ដោយសារតែ​លោក​គឺជា​ចុងភៅ​ដ៏​ល្បី​ម្នាក់​របស់​កម្ពុជា​ផង ខ្ញុំ​ចង់ដឹងថា តើ​កន្លងមក​កម្ពុជា​ធ្លាប់​បានធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​ម្ហូបអាហារ​ខ្មែរ ដើម្បី​ទាក់ទាញ​ទេសចរណ៍ ដូច​ប្រទេស​ម៉ាឡេស៊ី ប្រទេស​ថៃ បានធ្វើ​ដែរឬទេ?
 
លោក លូ ម៉េង៖ ដំបូង​ខ្ញុំ​ចង់​បញ្ជាក់ថា ការយក​ម្ហូប​ធ្វើជា​ឧបករណ៍​ទាក់ទាញ​ទេសចរណ៍​មិនមែនជា​រឿង​ថ្មី​របស់​ពិភពលោក​ទេ។ នៅ​ប្រទេស​បារាំង គេ​មាន Food Tourism។ មានន័យថា ទេសចរ​អ្នកមាន​ទ្រព្យសម្បត្តិ​យ៉ាងណា អ្នកធំ​យ៉ាងណា ឬក៏​អ្នក​ដែលមាន​លុយ​តិច​បំផុត ក៏ត្រូវ​អាហារ​មួយថ្ងៃ៣ពេល​ដូចគ្នា។ ប្រសិនបើ​យើង​គ្មាន​ម្ហូប​ដ៏​ល្អ​សម្រាប់​ទេសចរ​ទេ នៅពេល​ពួកគេ​ត្រឡប់​ទៅវិញ ពួកគេ​មិនមាន​អនុស្សាវរីយ៍ ឬ​ការចងចាំ​អ្វី​នោះទេ។ ក្នុងន័យនេះ​មានន័យថា ម្ហូប​ខ្មែរ​យើង​ផ្សព្វផ្សាយ​ហើយ ប៉ុន្តែ​គេ​មិនអាច​បរិភោគ​ម្ហូប​ខ្មែរ​រហូត​នោះទេ។ គេ​ត្រូវតែ​នឹកឃើញ​ម្ហូប​របស់​ពួកគេ​វិញ។ ដូច្នេះ​ត្រង់​នេះហើយ ដែល​យើង​ត្រូវមាន​ម្ហូប​របស់​ពួកគេ​ដ៏​ល្អ។ ពេល​នោះគេ​នឹង​និយាយថា គេ​មក​ធ្វើ​ទេសចរណ៍​នៅ​កម្ពុជា​មែន ប៉ុន្តែ​គេ​អាច​បរិភោគ​ម្ហូប​ដូច​នៅផ្ទះ​ពួកគេ​ដែរ។ ពួកគេ​មិន​នឹក​ផ្ទះ​ឡើយ។
 
លោក លាង ដឺ​លុច៖ ចុះ​តើ​កម្ពុ​ជាមាន​សេវា​អាហារ​គ្រប់គ្រាន់ គ្រប់កន្លែង​សម្រាប់​ទេសចរណ៍​ហើយ​ឬ​នៅ?
 
លោក លូ ម៉េង៖ នៅ​សៀមរាប ភ្នំពេញ ក្រុងព្រះសីហនុ កំពត កែប កោះកុង ខេត្ត​ទាំងអស់នេះ មិនមាន​បញ្ហា​ខាង​សេវា​អាហារ។ តែ​កន្លែងផ្សេងៗទៀត មាន​អាហារល្អៗដែរ តែ​ពួកយើង​ខាង​វិស័យ​ឯកជន​អត់​ទាន់​បាន​ទៅ​ចងក្រង​រួមគ្នា បង្កើត​ទីតាំង​ណា​មាន​អាហារ​សុខភាព​ល្អ​ពិតប្រាកដ។ ហើយ​យើង​ត្រូវ​និយាយ​អំពី​តម្លៃ​សមរម្យ មិន​ថ្លៃ​ពេក ឬ​មិន​ថោក​ពេក។ បើ​ថោក​ពេក វា​អាច​ឲ្យ​អាហារ​មាន​គុណភាព​ធ្លាក់ចុះ ប៉ះពាល់​សុខភាព​ទេសចរណ៍។ នេះ​ក៏​ជា​បញ្ហា​សម្រាប់​ទេសចរ​ដែរ។
 
លោក លាង ដឺ​លុច៖ ឥឡូវនេះ​ខ្ញុំ​ត្រឡប់មក​និយាយ​អំពី​ផែន​ការងារ និង​យុទ្ធសាស្ត្រ​រួម​ក្នុង​ការងារ​ជំរុញ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា ដែ​លោក​នឹងត្រូវ​ធ្វើការ​ងារ​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ គឺ​លោក ថោង ខុន។ តើ​អ្វីខ្លះ​ជា​ការងារ​អាទិភាព ដែល​លោក​ត្រូវផ្តោត​សំខាន់?
 
លោក លូ ម៉េង៖ យើង​បាន​ប្រជុំគ្នា​ច្រើនលើក​ហើយ ហើយ​យើង​រកឃើញ​ការងារសំខាន់ៗមួយចំនួន​ដែល​យើង​ត្រូវផ្តោត។ ទីមួយ គឺ Promotion និង Marketing។ មានន័យថា យើង​ត្រូវ​ផ្សព្វផ្សាយ​អំពី​កម្ពុជា អំពី​គុណភាព​វិស័យ​ទេសចរណ៍​របស់​កម្ពុជា។ ទី​ពីរ ត្រូវធ្វើ​បង្កើត​សាលា Academy ទេសចរណ៍។ ទី៣ យើង​នឹង​ស្នើសុំ​ឲ្យ​ឯកឧត្តម​រដ្ឋមន្ត្រី ថោង ខុន ប្រមូល​ក្រសួង ៦ ឬ ៧ ដែលមាន​មតិល្អៗ ដើម្បី​ចងក្រង​ជា​កម្មវិធី​សកម្មភាព​ប្រចាំឆ្នាំ២០១៦ ។ រាល់​ខែ​ត្រូវ​រៀបចំ​ព្រឹត្តិការណ៍​ជា​ខ្នាត​អន្តរជាតិ។ ដូច្នេះ​ភ្នាក់ងារទេសចរណ៍​ត្រូវ​ផ្សព្វផ្សាយ​ពី៦ខែ ទៅ១ឆ្នាំមុន ដើម្បី​ទេសចរ​មាន​ពេល​ត្រៀម។ មិនមែន​ថា​កន្លងមក ពួកយើង​មិន​ធ្វើ​នោះ។ តែ​យើង​ធ្វើ​ផ្សព្វផ្សាយ​ដូច​ខ្លី​ពេក ដូច្នេះ​ភ្ញៀវ​បរទេស​ត្រៀមខ្លួន​មិនទាន់។
 
លោក លាង ដឺ​លុច៖ ទាក់ទង​នឹង​ការផ្តល់សេវា​ទេសចរណ៍​នេះ នៅ​កម្ពុជា​វា​ហាក់​មាន​បញ្ហា​មួយ​ដែល​មិនទាន់​ត្រូវបាន​ដោះស្រាយ នោះ​គឺ​ដាក់​តម្លៃ​ផ្សេងគ្នា​សម្រាប់អ្នកទេសចរ​ខ្មែរ និង​អ្នកទេសចរ​ជា​ជនបរទេស។ ឧទាហរណ៍​សាមញ្ញ​មួយ​នៅ​កន្លែង​ម៉ាស្សា​ដោយ​ត្រី។ ទេសចរ​ខ្មែរ​បង់​តែ១ដុល្លារ ប៉ុន្តែ​ជនបរទេស​ត្រូវ២ដុល្លារ ឬ៣ដុល្លារ។ មាន​ទេសចរ​បរទេស​ច្រើន​បាន​រអ៊ូរទាំ​រឿងនេះ។ លោក​យល់​យ៉ាងណាដែរ?
 
លោក លូ ម៉េង៖ នេះ​ជា​រឿង​ថ្មី​សម្រាប់​ខ្ញុំ។ ចំពោះ​ខ្ញុំ យើង​មិនត្រូវ​បែងចែក​យ៉ាង​ដូច្នេះ​ទេ។ យើង​ត្រូវ​ទទួល​ស្វាគមន៍​អ្នកទេសចរ​ឲ្យ​ល្អដូចៗគ្នា។ ប៉ុន្តែ​បញ្ហា​នេះ ខ្ញុំ​រឿង​តូចតាច​ទេ ដែល​ខាង​អាជ្ញាធរ ឬ​រដ្ឋាភិបាល​អាច​ដោះស្រាយបាន។ ទុក​ឲ្យ​ក​ពួកគេ​ខ្ញុំ​គិតគូរ​រឿងធំៗ ដូចជា​រឿង​នាំ​ទេ​ចរណ៍​ឲ្យ​មក​កម្ពុជា​ឲ្យ​កាន់តែច្រើន រឿង​បង្កើត​សាលា​ទេសចរណ៍ ជាដើម។
 
លោក លាង ដឺ​លុច៖ សំណួរ​ចុងក្រោយ​សម្រាប់​លោក លូ ម៉េង។ តើ​លោក​មាន​សុទិដ្ឋិនិយម​យ៉ាងណាខ្លះ ឬក៏​សង្ឃឹមថានឹង​សម្រេច​កិច្ចការ​អ្វីខ្លះ ក្នុង​អាណត្តិ​លោក​ជា​សហប្រធាន​ក្រុមការងារ វិស័យ​ឯកជន-រដ្ឋាភិបាល​ផ្នែក​ទេសចរណ៍​នៅពេលនេះ?
 
លោក លូ ម៉េង៖ ខ្ញុំ​សំណូមពរ​ឲ្យ​រដ្ឋាភិបាល​មើល​វិស័យ​ទេសចរណ៍​ជា​ផ្នែក​សំខាន់​មួយ។ ទេសចរណ៍​មិន​នាំ​ចំណូល​ធំ​ដល់​កម្ពុជា​ទេ តែ​វា​ជាការ​បង្ហាញ​មុខមាត់រ​បស់​ប្រទេស​យើង វា​Brandingប្រទេស​យើង វា​ធ្វើ marketing ពី​ប្រទេស​យើង​ទៅក្នុង​ពិភពលោក។ អ្នកធ្វើការ​ក្នុង​វិស័យ​ទេសចរណ៍​ក៏​ល្អ​ដែរ។ ពួកគេ​មានឱកាស​រៀនសូត្រ​ជំនា​ញ រៀន​ភាសាបរទេស​ជាច្រើន ធ្វើ​ឲ្យ​ពួកគេ​មាន​អនាគតល្អៗ ៕
 

Tag:
 លូ ម៉េង
  ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com