ពីនេះ ពីនោះ
តើ Advisor និង Consultant ខុសគ្នា​ដូចម្តេច?
03, Apr 2016 , 2:40 pm        
រូបភាព
ដោយ: ថ្មីៗ
Advisor និង Consultant គឺ​យើង​សំដៅ​ដល់ អ្នក​ដែលមាន​ចំណេះដឹង​ជ្រៅជ្រះ និង​ជំនាញ​ច្បាស់លាស់ ក្នុងការ​ផ្តល់យោបល់ ដល់​បុគ្គល​ណាមួយ ក្រុម​ណាមួយ ក្រុមហ៊ុន​ណាមួយ ឬ​ស្ថាប័ន​រដ្ឋាភិបាល ដើម្បី​ដោះស្រាយ​បញ្ហា។

 

 
Advisor និង Consultant មាន​មុខងារ​ដូចគ្នា គឺ​អ្នកផ្តល់យោបល់ និង​គំនិត ដើម្បី​ដោះស្រាយ​បញ្ហា ឬ​ស្វែងរក​យុទ្ធសាស្ត្រ ដើម្បី​ធ្វើ​ឲ្យ​ផែនកា​អ្វីមួយ កាន់តែ​ទទួលបាន​ជោគជ័យ។ តែ​តួនាទី និង​មុខងារ ក្នុងការ​ផ្តល់យោបល់រ​បស់​បុគ្គល​ទាំងពីរ​នេះ មាន​លក្ខណៈ​ផ្សេងគ្នា គឺ៖
 
អត្ថន័យ​ទី១ Advisor យើង​អាច​ប្រែ​ថា ទីប្រឹក្សា ឬ​អ្នក​ណែនាំ ឬក៏​អ្នកផ្តល់យោបល់។ ត្រង់នេះ ចង់​សំដៅថា Advisor គ្រាន់តែ​ជា​បុគ្គល ដែល​ផ្តល់យោបល់ និង​គំនិត​ដល់​យើង ដើម្បី​ជួយ​យើង​ដោះស្រាយ​បញ្ហា​អ្វីមួយ តែ​ពួកគេ​មិនមែនជា​អ្នកជំនាញ ឬ​ឯកទេស​ខាង​ផ្តល់យោបល់​នោះទេ។ Advisor ត្រង់នេះ យើង​សំដៅ​ដល់ ឪពុកម្តាយ បងប្អូន សាច់ញាតិ ឬ​អ្នក​ដែលមាន​ទំនាក់ទំនង​ជិតស្និទ្ធ​នឹង​យើង ដូចជា សង្សារ មិត្តភក្តិ ជាដើម។ 
 
ឧទាហរណ៍​ថា៖ You are not only my boyfriend, but you are also a good advisor of my lifetime. បង​មិន​ត្រឹមតែ​ជា​សង្សារ​អូន​នោះទេ តែ​បង​ថែមទាំង​ជា​អ្នកផ្តល់យោបល់​សម្រាប់​ជីវិត​អូន​ទៀតផង។ 
 
អត្ថន័យ​ទី២ Advisor យើង​អាច​ប្រែ​ថា «ទីប្រឹក្សា» តែម្តង។ Advisor ទីនេះ សំដៅ​ដល់​បុគ្គល ដែលមាន​ជំនាញ និង​ឯកទេស​ច្បាស់លាស់​ខាង​ផ្តល់​គំនិត ហើយ​ជា​អ្នក​ដែល​យល់​កិច្ចការ​ល្អិតល្អន់ ពូកែ​ស្វែងរក​ដំណោះស្រាយ និង​រៀបចំ​យុទ្ធសាស្ត្រផ្សេងៗ ក្នុងការ​អភិវឌ្ឍ​ក្រុមហ៊ុន ឬ​ស្ថាប័ន​ណាមួយ។ តួយ៉ាង​ដូចជា​ទីប្រឹក្សា​ក្រុមហ៊ុន ទីប្រឹក្សា​ក្រសួង ទីប្រឹក្សានាយករដ្ឋមន្ត្រី ទីប្រឹក្សា​រដ្ឋាភិបាល ឬ​ទីប្រឹក្សា​គណបក្សនយោបាយ។ ពួកគេ​ត្រូវបាន​ជួល ឬ​តែងតាំង ឬក៏​ស្នើសុំ​ឲ្យ កាន់​មុខងារ​ជាទី​ប្រឹក្សា ក្នុង​ក្រុមហ៊ុន និង​ស្ថាន​ប័ន ជា​អចិន្ត្រៃយ៍​តែម្តង ដើម្បី​ផ្តល់យោបល់ ដល់​ក្រុមហ៊ុន ឬ​ស្ថាប័ន​នោះ។
 
ឧទាហរណ៍​ថា៖ He is a supreme advisor of  Thmey Thmey Media. គាត់​គឺជា​ទីប្រឹក្សា​ជាន់ខ្ពស់​របស់​សារព័ត៌មានថ្មី។
 
 
ចំណែកឯ Consultant យើង​ប្រែ​ថា «អ្នកផ្តល់យោបល់ ឬ​អ្នកពិគ្រោះ​យោបល់»។ Consultant គឺ​ក៏​ជា​អ្នកជំនាញ និង​ឯកទេស​ក្នុងការ​ផ្តល់យោបល់ ដូច Advisor ដែរ (អត្ថន័យ​ទី២) តែ​ពួកគេ​មិនមែនជា​បុគ្គល​ដែល​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​ក្រុមហ៊ុន ឬ​រដ្ឋាភិបាល ឬមួយ​គណបក្សនយោបាយ​ណា​ឡើយ។ Consultant គឺជា​អ្នកបើក​ក្រុមហ៊ុន​ឯកជន​ដោយ​ខ្លួនឯង​ផ្ទាល់ ដើម្បី​បម្រើ​សេវាកម្ម​ប្រឹក្សា​យោបល់ ដែលជា​មុខរបរ​រកស៊ី និង​ជា​អាជីព​ចិញ្ចឹមជីវិត​របស់​ពួកគេ​តែម្តង។ ដូចជា ក្រុមហ៊ុន​ប្រឹក្សា​យោបល់​ខាង​ជ្រើសរើស​គូរ​ស្រករ ក្រុមហ៊ុន​ប្រឹក្សា​ច្បាប់ ក្រុមហ៊ុន​ប្រឹក្សា​ពាណិជ្ជកម្ម ឬ​ជំនួញ ជាដើម។ 
 
ពេល​អ្នកមាន​បញ្ហា​អ្វីមួយ​ដោះស្រាយ​មិន​ចេញ អ្នក​អាច​ស្វែងរក​ប្រភេទ​ក្រុមហ៊ុន​ដែល​បម្រើ​សេវាកម្ម​ពិគ្រោះ​យោបល់ ទាក់ទង​នឹង​បញ្ហា​របស់​អ្នក ដើម្បី​ឲ្យ​អ្នកជំនាញ​ជួយ​ស្វែងរក​ដំណោះស្រាយ។ បុគ្គល​ដែល​អ្នក​ទៅ​ជួប​នៅ​ក្រុមហ៊ុន ឬ​ការិយាល័យ ដើម្បី​ជួយ​ផ្តល់យោបល់ យើង​ហៅថា Consultant មិនមែន Advisor ទេ៕
 
ឧទាហរណ៍​ថា៖ I think you should go to meet a specialized consultant before you decide to run your own business. ខ្ញុំ​គិតថា​សម្លាញ់​ឯង​គួរតែ​ស្វែងរក​អ្នកពិគ្រោះ​យោបល់​សិន​ទៅ មុនពេល​សម្រេចចិត្ត​បង្កើត​មុខ​ជំនួញ​ខ្លួនឯង៕
 

© រក្សាសិទ្ធិដោយ thmeythmey.com