ជាតិ
​​​ន​យោ​បាយ​ជាតិ​
តើ​សកម្មភាព​របស់លោក អ៊ំ សំអាន នៅ US ជា​បេស​សកម្ម​រឿង​ព្រំដែន​ផ្លូវការ ឬ​ឯកជន?
30, Aug 2015 , 10:50 am        
រូបភាព
 
ភ្នំពេញ៖ លោក អ៊ំ សំអាន ក្រោយពី​កើត​បញ្ហា​ចម្រូងចម្រាស​រឿង​ព្រំដែន​ជាមួយ​រដ្ឋាភិបាល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​រួចមក លោក​ក៏បាន​ធ្វើដំណើរ​ទៅកាន់​សហរដ្ឋអាមេរិក​ដើម្បី​បន្ត​វាយប្រហារ​រឿង​ព្រំដែន​មកលើ​គណបក្ស​ប្រជាជន​កម្ពុជា។ សំណួរ​ជាច្រើន​បាន​លើកឡើងថា តើ​ការធ្វើដំណើរ​ចេញពី​ប្រទេស​កម្ពុជា​ដោយ​ខ្លាច​ប្រឈម​នឹង​ការចាប់ខ្លួន​ទៅកាន់​សហរដ្ឋអាមេរិក​នេះ​ជា​បេស​សកម្ម​ផ្លូវការ​អនុញ្ញាត​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ ឬ​ជា​បេស​សកម្ម​ផ្ទាល់ខ្លួន​របស់​តំណាងរាស្ត្រ អ៊ំ សំអាន ក្នុងនាម​ផ្ទាល់ខ្លួន?

 
ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ លោក អ៊ំ សំអាន តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​បានចេញ​មុខជា​សាធារណៈ​ដើម្បី​ប្រឆាំងនឹង​ការឈ្លានពាន​ព្រំដែន​ខាងកើត​ពី​សំណាក់​ប្រទេស​វៀតណាម។ ការតស៊ូ​មតិ​របស់លោក​លើ​បញ្ហា​ព្រំដែន​នេះ​បាន​បង្ខំ​អោយ​លោក​ចាក​ចេញពី​ប្រទេស​កម្ពុជា​កាលពីពេលថ្មីៗនេះ​ឆ្ពោះទៅកាន់​សហរដ្ឋ​អាង​មេ​រិ​ក ក្នុងន័យ ចៀស​គេច​ពី​ការចាប់ខ្លួន​ជាយថាហេតុ​ដោយ​ប្រការ​ណាមួយ​ពី​សំណាក់​អាជ្ញាធរ​រាជរដ្ឋាភិបាល​កម្ពុជា​ទាក់ទង​ទៅនឹង​ការធ្វើ​អត្ថាធិប្បាយ​ថា «ផែនទី​ដែល​ប្រើប្រាស់​ដោយ​រដ្ឋាភិបាល​ប​ច្ចុ​ប្បន្ន​មិន​ត្រឹមត្រូវ»។ 
 
ទៅដល់​សហរដ្ឋអាមេរិក លោក អ៊ំ សំអាន នៅតែ​បន្ត​រិះគន់​រដ្ឋាភិបាល​ក្រុងភ្នំពេញ​រឿង​ព្រំដែន​ដដែល។ មាន​សំណួរ​ជាច្រើន​បាន​ចោទសួរ​លោក កឹម សុខា និង​លោក សម រង្ស៊ី នៅក្នុង​ប្រទេស​អូស្ត្រាលី​ថា តើ​ការធ្វើដំណើរ​របស់លោក អ៊ំ សំអាន ទៅកាន់​សហរដ្ឋអាមេរិក គឺជា​បេស​សកម្ម​ផ្លូវការ​អនុញ្ញាត​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ ឬ​ជាការ​ធ្វើដំណើរ​ជា​លក្ខណៈ​ឯកជន​ក្នុងនាម​តំណាងរាស្ត្រ? សំណួរ​នេះ​ត្រូវបាន​ខ្មែរ​នៅក្នុង​ប្រទេស​អូស្ត្រាលី​ចោទសួរ​ទៅកាន់​លោក កឹម សុខា និង​លោក សម រង្ស៊ី ក្នុងជំនួប​រវាង​មេបក្ស​សង្គ្រោះ​ជាតិ និង​អ្នកគាំទ្រ​នៅក្នុង​ប្រទេស​អូស្ត្រាលី។ 
 
ឆ្លើយ​ទៅនឹង​សំណួរ​របស់​អ្នកគាំទ្រ លោក កឹម សុខា បាន​អត្ថាធិប្បាយ​ថា៖«ខ្ញុំ និង​លោក សម រង្ស៊ី មិន​បានចេញ​លិខិត​បេស​សកម្ម​ផ្លូវ​ការជូន​លោក អ៊ំ សំអាន ទេ»។ នេះ​គឺជា​ចម្លើយ​ខ្លី​របស់លោក កឹម សុខា ដែល​ដកស្រង់​សម្តី​បន្ត​ដោយ​លោក មុត ចន្ថា ប្រធាន​ខុទ្ទកាល័យ​របស់លោក កឹម សុខា។ ប៉ុន្តែ ទោះជា​យ៉ាងណាក្តី ប្រធាន​ខុទ្ទកាល័យ​រូបនេះ​បាន​បន្តទៀតថា លោក អ៊ំ សំអាន មាន​សិទ្ធិ​និយាយ​ក្នុងនាម​ប្រជាពលរដ្ឋ និង​ក្នុងនាម​តំណាងរាស្ត្រ។ 
 
សូមបញ្ជាក់ថា លោក អ៊ំ សំអាន ត្រូវបាន​គេចខ្លួន​ទៅកាន់​ប្រទេស​អាមេរិក ក្រោយ​ពេលដែល​លោក​បារម្ភ​ខ្លាច​មានការ​ចាប់ខ្លួន​ទាក់ទង​ទៅនឹង​ការធ្វើ​អត្ថាធិប្បាយ​រឿង​ព្រំដែន។ ព្រម​ពេល​ជាមួយគ្នា លោក​ធ្វើដំណើរ​ទៅ​សហរដ្ឋអាមេរិក​ដើម្បី​ជួបជុំ​សាច់ញាតិ​របស់លោក ពីព្រោះ​លោក​ក៏មាន​សញ្ជាតិ​អាមេរិក​ដែរ៕ 
 

Tag:
 ព្រំដែន
  បក្ស
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com