អន្តរជាតិ
ប្រជាជន​ជប៉ុន​ជាង១សែន​នាក់​បាតុកម្ម​ប្រឆាំង​ច្បាប់​ការពារជាតិ​របស់លោក​អា​បេ
31, Aug 2015 , 10:01 am        
រូបភាព
ដោយ:
នៅ​ថ្ងៃអាទិត្យ ម្សិលមិញ ពលរដ្ឋ​ជប៉ុន​ជាង១សែន​នាក់ បាន​ជួបជុំគ្នា​នៅមុខ​សភា ក្នុង​ក្រុង​តូ​ក្យូ ដើម្បី​តវ៉ា​ប្រឆាំងនឹង​ច្បាប់​ការពារជាតិ​ថ្មី របស់​នាយករដ្ឋមន្ត្រី​ស៊ីន​ហ្សូ អា​បេ។ បក្ស​អភិរក្សនិយម​របស់លោក​អា​បេស​ង្ឃឹ​ម​ថា សភា​នឹង​អនុម័ត​ច្បាប់​ថ្មី​នេះ ឆាប់។

 
ទោះ ជាមាន​ភ្លៀង​ម្សិលមិញ​ក្តី ក៏​ប្រជាជន​ជប៉ុន​មិន​រួញរា​នឹង​សំដែង​ការតវ៉ា​ប្រឆាំង​ច្បាប់​ការពារជាតិ នេះដែរ។ ប្រជាជន​ជប៉ុន​បាននាំគ្នា​បាតុកម្ម​នៅ​ទូទាំងប្រទេស​តែម្តង។ ប្រជាជន​យល់ថា ច្បាប់​ថ្មី​នេះ​នឹង​នាំអោយ​ជប៉ុន​ផុងខ្លួន​ក្នុង​ចម្បាំង​វែងឆ្ងាយ​នៅក្រៅ ទឹកដី​ទៅវិញ​ទេ។ តាមរយៈ​ការកែទម្រង់​ច្បាប់​ថ្មី​នេះ គេ​មើលឃើញថា រដ្ឋាភិបាល​លោក​អា​បេ ចង់អោយ​កងទ័ព​ជប៉ុន​លេចមុខ​មាត់​ក្នុង​ឆាក​អន្តរជាតិ​ជាថ្មី។ 
 
សភា​ជាន់​ទាប បាន​យល់ស្រប​អោយប្រើ​ច្បាប់​ថ្មី​នេះហើយ។ បច្ចុប្បន្ន ព្រឹទ្ធសភា​កំពុង​ពិភាក្សា​ជា​បន្តទៀត។ ច្បាប់​នេះ​អាចអោយ​ជប៉ុន​យក​លេស បញ្ចេញ​ទ័ព​ទៅ​ជួយ​សម្ព័ន្ធមិត្ត​ដូចជា​អាមេរិក ក្នុង​ជម្លោះ​ណាមួយ​ក៏​ថា​បាន។ គួរ​បញ្ជាក់ថា អាមេរិក​បាន​គាំទ្រ​ច្បាប់​ថ្មី​របស់​ជប៉ុន។ ដោយឡែក ចម្បាំង​ក្រៅប្រទេស​អាចជា​ចម្បាំង​ដែល​មិន​ពាក់ព័ន្ធ​ផ្ទាល់​នឹង​ជាតិ ជប៉ុន។ អាមេរិក​និង​ជប៉ុន​កំពុង​ភ័យ​ពី​សក្តានុពល​ចិន​ក្នុង​តំបន់។ លើសពីនេះ ចិន​កំពុងមាន​ជម្លោះ​ដែនទឹក​ជាមួយ​ប្រទេស​ជាច្រើន​នៅ​សមុទ្រ​ចិន។ ដូច្នេះ ច្បាប់​ជប៉ុន​ថ្មី​នេះ​មាន​ទិសដៅ​ទប់ទល់​ចិន​ចៀស​មិន​ផុត​ទេ។ 
 
ដោយឡែក  ប្រជាជន​ជប៉ុន​ចង់បាន​សន្តិភាព។ ម្សិលមិញ បាតុករ​គ្រប់​ស្រទាប់​ក្នុងសង្គម បាន​លើក​បដា​តវ៉ា ប្រឆាំងនឹង​សង្គ្រាម។ កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍ បាតុករ​ខ្លះ​បាននាំគ្នា​ធ្វើ​កូដកម្ម​មិន​បរិភោគ​អាហារ។ ម្សិលមិញ ប្រជាជន​ក៏បាន​ទាមទារ​អោយ​នាយករដ្ឋមន្ត្រី​អា​បេ​ចុះ​ពី​តំណែង​ផងដែរ៕ 
 

Tag:
 ​ជប៉ុន​
© រក្សាសិទ្ធិដោយ thmeythmey.com