អន្តរជាតិ
ថៃ៖ ជនសង្ស័យបំផ្ទុះគ្រាប់បែកសង្ស័យ​លាក់ខ្លួននៅកម្ពុជា
01, Sep 2015 , 10:11 am        
រូបភាព
អាជ្ញាធរ​ថៃ​បាន​អះអាង​ថា​ជនសង្ស័យ​ពីរនាក់ផ្សេងទៀត​ ដែលជាប់ពាក់ព័ន្ធករណីបំផ្ទុះ​គ្រាប់នៅErawan និងនៅ Sathon ប្រហែលជា​កំពុង​លាក់ខ្លួននៅប្រទេស​កម្ពុជា​។ អាជ្ញាធរ​ថៃ​បានទាក់​ទង​សុំអន្តរាគមន៍​ពី​ខាងអាជ្ញាធរកម្ពុជា​ដើម្បី​តាមប្រមាញ់​ជនសង្ស័យទាំង​​​នេះហើយ​​។ នេះបើយោង​តាម​សារព័ត៌មាន​​ថៃបាងកកប៉ុស្តិ៍។


អាជ្ញាធរថៃបាន​អះអាង​ថា​ជនសង្ស័យ​សំខាន់ពីរនាក់​ទៀត​ដែលជាប់ពាក់ព័ន្ធ​ករណី​បំផ្ទុះ គ្រាប់​បែក​នៅទីសក្ការហិណ្ឌូ Erawan និងនៅ Sathon នោះ​ប្រហែលជា​កំពុង​លាក់ខ្លួន​នៅ​ក្នុង​ប្រទេស​​កម្ពុជា។ នាយកដ្ឋាន​ប្រឆាំងបទឧក្រិដ្ឋ​ថៃបានបញ្ជាក់​កាល​ពីយប់​ម្សិល​មិញ​ថា​ អ្នកទាំងពីរ​កំពុងលាក់​ខ្លួន​នៅ​ក្នុងទឹកដី​កម្ពុជា​ ហើយ​អាជ្ញាធរ​នេះ​បាន​ទាក់​ទង​មក​កាន់​អាជ្ញាធរ​កម្ពុជា​រួច​រាល់ហើយ​ដើ់ម្បី​សុំការ​អន្តរាគមន៍​តាមចាប់​ខ្លួនជនសង្ស័យ​ទាំងពីរ​នាក់​។​

​បើតាម​ប្រធាន​ស្ថានប័ន​ប្រឆាំង​ឧក្រិដ្ឋ​កម្មខាងលើ Akkaradej Phimonsri បានអះអាងថា​ ជនសង្ស័យពីរនាក់នេះ​ស្ថិត​ក្នុងចំណោម​ជនសង្ស័យ​៤នាក់ដែល​ពាក់ព័ន្ធការ​រៀបចំ​គម្រោង​បំផ្ទុះ​គ្រាប់​បែកនៅថ្ងៃ​១៧​ខែសីហាកន្លងមកដែល​សម្លាប់​មនុស្ស​ជាង​២០នាក់​ផង។ ប៉ូលិសអះអាង​ថា បើតាម​ខ្សែអាត់​វិដេអូ​ដែល​ថត​ជាប់​ជនសង្ស័យ​ថ្ងៃ​កើតហេតុអ្នក​ទាំង​ពីរ​នេះ​មាន​ម្នាក់ជាជន​សង្ស័យដែល​ពាក់អាវលឿង​ដែល​ជាអ្នករៀបចំបំផ្ទុះ​គ្រាប់​នៅ​ទីសក្ការ Erawan និងម្នាក់ទៀតពាក់​អាវ​ពណ៌ខៀ​វដែលជាអ្នកដែលទម្លាក់ស្បោង​គ្រាប់បែក​ពីលើស្ពាន។

សន្និដ្ឋាន​ថា​ជនសង្ស័យពីរ​នាក់​នេះ​ដែល​ឆ្លងដែនមកកម្ពុជា​នោះ ​ក្រោយ​ពេល​ដែល​ប៉ូលិសត្រួត​ពិនិត្យ​នៅ​កន្លែងការិយាល័យ​ជន​អន្តោប្រវេសន៍​នៅ​តាម​ច្រកព្រំដែន​ថៃកម្ពុជា។​គេ​រក​ឃើញ​​​ថា​ជន​ទាំង​ពីរ​នាក់នេះ​បាន​ឆ្លង​ដែនចេញពី​ច្រក​ព្រំដែនAranyaprathet នៅខេត្ត​ Sa Kaeo ចូលមក​កាន់ក្រុងប៉ោយប៉ែតកម្ពុជា។ គេ​រំពឹង​ថា​អាជ្ញាធរ​នឹង​អាច​ចាប់ខ្លួន​អ្នក​ទាំងពីរ​នេះ​ក្នុងពេល​ឆាប់​ៗ​ខាងមុខ​នេះ​ផង។

ជុំវិញ​ការ​តាម​ប្រមាញ់​ជន​សង្ស័យ​នេះ​ ម្សិលមិញ​នេះ ឧត្តម​សេនីយ៍​ប្រា​យុទ្ធ​បាន​លើកឡើង​ថា​ ករណី​បំផ្ទុះ​គ្រាប់​នេះ​អាច​ពាក់ព័ន្ធ​ជាមួយ​ក្រុម​ឈ្មួញ​ដែល​ជួញ​ដូរជនជាតិ​អ៊ុយហ្គួរ​ផង​ដែរ​។ ប៉ុន្តែ​​ព័ត៌មាន​លម្អិត​បែប​ណា​របបសឹក​ថៃ​មិនបាន​បង្ហើប​ឲ្យ​ដឹង​ឡ់ើយ។

ដោយឡែក​ស្ត្រី​ម្នាក់​ជាជនជាតិ​ថៃ​ ដែល​ប៉ូលិសថៃ​ចេញ​ដី​កា​តាម​ចាប់ខ្លួន​នោះ​បាន​ទូរសព្ទ​មកប៉ូលិស ដោយអះអាង​ថា​ខ្លួន​កំពុង​ស្ថិត​នៅ​ក្នុង​ប្រទេស​តួកគី។ ស្ត្រីម្នាក់​កាន់​សាសនា​ឥស្លាម​​ដែល​អាជ្ញាធរ​បាន​ចេញ​ដីកា​ចាប់ខ្លួន​ម្សិល​មិញ​មានឈ្មោះថា Wanna Suasan ។នាងបានអះអាង​នាង​ពិត​ជា​ភ្ងាក់​ផ្អើល​ខ្លាំង​មែនទែន​នៅ​ពេល​ដែល​អាជ្ញាធរ​តាម​ចាប់ខ្លួន​នាង​បែប​​នេះ​។ នាង​បន្ថែម​ថា​ នាងបាន​មក​រស់​នៅ​តួកគី​អស់រយៈពេល​ប្រហែល​៣ខែមក​ហើយ​ ធ្វើ​ម្តេច​នាង​អាច​ពាក់ព័ន្ធ​ករណី​បំផ្ទុះ​គ្រាប់​នៅ​ថៃ​ទៅ​។ បងប្អូន​របស់​នាង​បាន​អះអាង​ដូច​គ្នា​ថា​នាង​ពិត​ជា​កំពុង​ស្ថិត​នៅ​ប្រទេស​តួកគី​មែន​ ហើយ​នាង​ចង់​ត្រលប់​មកវិញ​ដើម្បី​ជួប​មន្ត្រី​ប៉ូលិស​ដើម្បី​បំភ្លឺ​រឿង​នេះ​។

ប៉ូលិស​បាន​ត្រួត​ពិនិត្យ​​មើលរបាយការណ៍​ធ្វើ​ដំណើ​រ​របស់​នាង​ដោយ​រក​ឃើញ​ថា​នាង​បាន​ចាក​ចេញ​ពី​ថៃ​នៅ​ថ្ងៃ​១​កក្កដា​ ដើម្បី​ទៅ​ទីក្រុង​ឌុយបៃ។ ខាងប៉ូលិសមិន​ជឿ​ជាក់​ថា​ស្ត្រី​នេះ​នៅ​ក្នុង​ប្រទេស​តួកគីឡើយ ព្រោះ​គេ​បាន​សាកសួរ​សាក្សីនៅក្បែរខាង​ផ្ទុះល្វែង Min Buri ដែលប៉ូលិស​បាន​ឆែក​ឆែរ​កាល​ពី​ថ្ងៃអាទិត្យ។​ សាក្សី​អះអាង​ថា​គេ​បាន​ឃើញ​ស្ត្រី​​ខាង​លើ​ស្ថិត​នៅ​ប្រទេស​ថៃជាមួយ​បុរស​ម្នាក់​ទៀត​ដែល​ស្ថិត​ក្រោម​ការ​ចាប់ខ្លួន​នោះ​នៅ​ក្នុងប្រទេស​ថៃ​ចន្លោះ​ពីថ្ងៃ​១០​ដល់​ថ្ងៃ​២០​ខែសីហាកន្លងទៅនេះ៕


© រក្សាសិទ្ធិដោយ thmeythmey.com