ជាតិ
ឧបសគ្គ​ចម្បង​ឆ្ពោះទៅកាន់​នីតិរដ្ឋ​របស់​កម្ពុជា!
05, Sep 2015 , 5:24 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ ប្រទេស​កម្ពុជា​ប្រកាន់យក​ទម្រង់​រដ្ឋាភិបាល​បែប​រាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ និង របប​ប្រជាធិបតេយ្យ សេរី​ពហុបក្ស។ បច្ចុប្បន្ន អ្នកដឹកនាំ​ប្រទេស បាន​អះអាងថា ពួកខ្លួន​កំពុង​រៀបចំ​កសាង​កម្ពុ​ជា​ឱ្យ​ឆ្ពោះទៅរក​នីតិរដ្ឋ ដូច​បណ្ដា​ប្រទេស​ប្រជាធិបតេយ្យ​ដទៃទៀត​ដែរ។ ទោះបីជា​យ៉ាងណាក៏ដោយ ក៏​យើង​បាន​មើលឃើញថា ផ្លូវ​ទៅកាន់​នីតិរដ្ឋ នៅមាន​ឧបសគ្គ​ជាច្រើន ដូចជា ផ្នត់គំនិត​ចាស់ ឥទ្ធិពល​នៃ​មនោគមន៍វិជ្ជា​នយោបាយ ភាពមិន​ឯករាជ្យ​នៃ​អំណាចសំខាន់ៗរបស់​រដ្ឋ រចនា​ស្ព​ន្ធ​គ្រប់គ្រង​រដ្ឋ​មិនទាន់​ឆ្លើយតប ធនធានមនុស្ស​នៅមានកម្រិត និង​អំពើពុករលួយ ជាដើម។

 
  
 
ភស្តុតាង​មួយចំនួន​ដែល​បង្ហាញថា កម្ពុជា​នៅមាន​ឧបសគ្គ​ក្នុងការ​ឈានទៅ​សម្រេចបាន​នីតិរដ្ឋ​នោះ គឺ បញ្ហា​នៃ​ផ្នត់គំនិត​ចាស់​របស់​អ្នកដឹកនាំ​និង​អ្នកគ្រប់គ្រង ដែល​ប្រកាន់យក​ការគ្រប់គ្រង​និង​ដឹកនាំ​តាម​ទម្លាប់​និង​មនោសញ្ចេតនា​ជាជាង​តាមច្បាប់, ប្រព័ន្ធគ្រប់គ្រង​បែប​អាណានិគមនិយម​បារាំង ដែល​ប្រកាន់​យ​គំនិត​ថា អ្នកដឹកនាំ​គឺជា​ចៅហ្វាយ និង ប្រព័ន្ធគ្រប់គ្រង​បែប​កុម្មុយនីស្ត ដែល​រដ្ឋ​មានអំណាច​ស្ទើរតែ​គ្រប់យ៉ាង អាចធ្វើ​អ្វី​ក៏បាន។ 
 
ក្រៅពីនេះ អំណាចនីតិបញ្ញត្តិ អំណាចនីតិប្រតិបត្តិ និង អំណាចតុលាការ ក៏ត្រូវ​បាន​គេ​មើលឃើញថា មិនទាន់មាន​ភាព​ឯករាជ្យភាព​ដាច់ពីគ្នា​ដែរ។ ជារឿយៗ យើង​តែ​តែ​ឮ​មតិ​ជាតិ​និង​អន្តរជាតិ រិះគន់ថា អំណាចនីតិប្រតិបត្តិ​បាន​ជ្រៀតជ្រែក​ចូលក្នុង​អំណាចនីតិបញ្ញត្តិ និង អំណាចតុលាការ ហើយ​អំណាច​បក្សនយោបាយ​ជ្រៀតចូល​ក្នុង​កិច្ចការ​របស់​អំណាចនីតិប្រតិបត្តិ ឬ​ការ​គ្របគ្រង​រដ្ឋ។ លើសពីនេះ​ទៀត អំណាច​បុគ្គល​ឬ​គ្រួសារ ក៏​ជ្រៀត​ចូលក្នុង​កិច្ចការ​គ្រប់គ្រង​បក្សនយោបាយ ឬ​រដ្ឋ​ដែរ។ 
 
មាន​ករណី​ជាច្រើន ដែល​ការអនុម័ត​របស់​រដ្ឋ​សភា​កម្ពុជា ត្រូវបាន​គេ​ចោទថា ធ្វើឡើង​តាមតែ​ឆន្ទៈ​នយោបាយ​របស់ បក្ស​កាន់អំណាច ដោយ​មិន​គិតថា តើ​អ្វីដែល​បាន​ស្នើសុំ​ការអនុម័ត​នោះ សម​ហេតុផល ឬ​អត់ និង ចាំបាច់ ឬ​អត់​សម្រាប់​សង្គម​ទាំងមូល​ទេ។ លើសពីនេះ​ទៀត មាន​ករណី​ជាច្រើន ដែល​តុលាការ​កម្ពុជា ត្រូវបាន​គេ​លើកឡើងថា បាន​ចាត់វិធានការ​ផ្លូវច្បាប់​លើ​ជនសង្ស័យ តែ​នៅពេលណា​ដែលមាន​ប្រតិកម្ម ឬ​ការបញ្ជា​ពី​នាយករដ្ឋមន្ត្រី​តែប៉ុណ្ណោះ ដូចជា ករណី ឧកញ៉ា ថោង សា​រ៉ា​ត, ឧកញ៉ា សុខ ប៊ុន, លោក ឈូក បណ្ឌិត និង លោក ហុង សុខ​ហួរ ជាដើម។     
 
ក្រៅពីនេះ រចនា​ស្ព​ន្ធ​គ្រប់គ្រង​រដ្ឋ ដែល​មិនបាន​បែងចែក​យុត្តាធិការ ឬ​សមត្ថកិច្ច​ច្បាប់​លាស់ ឬ​មាន​ចេតនា​ធ្វើឱ្យ​ស្ថាប័ន​នានា ស្ថិតនៅក្រោម​អំណាចនីតិបញ្ញត្តិ អំណាច​បក្ស ឬ​អំណាច​បុគ្គល រួមទាំង​ឥទ្ធិពល​នៃ​អំពើពុករលួយ និង​អំណាច​ផ្ដាច់ការ ក៏​សុទ្ធតែជា​ឧបសគ្គធំៗដែល​រារាំង​មិនឱ្យ​កម្ពុជា​ឆ្ពោះទៅរក​នីតិរដ្ឋ​បានដែរ។    
 
ជា​លទ្ធផល យើង​បាន​ពិនិត្យឃើញថា មាន​ករណីខ្លះ អង្គហេតុ​និង​អង្គច្បាប់​តែមួយ ប៉ុន្តែ មានការ​បកស្រាយ​ខុសគ្នា​ដោយ អ្នកនយោបាយ, អ្នកវិភាគ​ឯករាជ្យ, អ្នកច្បាប់​របស់​សង្គម​ស៊ីវិល, អ្នកច្បាប់​របស់​បក្សនយោបាយ, អ្នកច្បាប់​របស់​សមាគម​មេធាវី, សមាជិក​រដ្ឋសភា, សមាជិក​ព្រឹទ្ធសភា និង ក្រុមប្រឹក្សា​ធ​ម្មុ​ញ្ញ។ ជាក់ស្ដែង កន្លងមក ធ្លាប់​មានការ​ណី​ស្នើ​សុំឱ្យ​បកស្រាយ​រដ្ឋធម្មនុញ្ញ ទាក់ទង​ទៅនឹង​ចំនួន​កូរ៉ុម​ចូលប្រជុំ​រដ្ឋសភា​លើកដំបូង​ក្នុង​អាណត្តិនីមួយ។ ពេលនោះ​ភាគីនីមួយៗបាន​បកស្រាយខុសៗគ្នា ខ្លះ​លើកឡើងថា ទល់​តែមាន​កូរ៉ុម ឬ​វត្តមាន១២០នាក់ ទើប​អាច​ប្រជុំ​រដ្ឋសភា​លើកដំបូង​បាន, អ្នកខ្លះ​ថា ចំនួន១២០នោះ គឺជា​ចំនួន​អប្បបរមា​នៃ​សមាជិក​រដ្ឋសភា​សរុប មិនមែន​ចំនួន​កូរ៉ុម​ប្រជុំ​ទេ...ទីបំផុត អ្នក​ដែលមាន​សម្លេង​ភាគច្រើន និង​អ្នកខ្លាំង​គឺជា​អ្នកឈ្នះ​ក្នុងការ​បកស្រាយ​នេះ។  
 
ឯ​ការបកស្រាយផ្សេងៗទៀត ពាក់​ពន្ធ​នឹង​ច្បាប់បោះឆ្នោត ច្បាប់ព្រហ្មទណ្ឌ...ចំពោះ​អង្គហេតុ​តែមួយ ក៏មាន​ការបកស្រាយ​ខុសគ្នា​ដែរ ដូចជា ករណី លោក ឈូក បណ្ឌិត មតិផ្សេងៗថា​មានទោស​ធ្ងន់ តែ​តុល​ការដាក់ទោស​ស្រាល, លោក ហុង សុខ​ហួរ មតិ​ខ្លះ​ថា ត្រូវឱ្យ​សុំទោស​ជា​ថ្នូរ​នឹង​កំហុស​របស់ខ្លួន តែ​តុលាការ​បាន​ឃុំខ្លួន​រង់ចាំ​ចោទប្រកាន់, លោក ជា តារា ដែល​ថ្លែងថា​កង​ខេ​មរ​ភូ​មិន​គឺជា​របស់​បក្ស​ប្រជាជន​កម្ពុជា មតិ​ខ្លះ​ថា​ខុសច្បាប់ មតិ​ខ្លះ​ថា មិន​ខុសច្បាប់​ទេ, ករណី យុវជន កូ​កូ ដែល​ទាក់ទង​នឹង​បដិវត្ត​ពណ៌ អ្នកខ្លះ​ថា​ជាការ​បញ្ចេញមតិ តែ​រដ្ឋាភិបាល​ថា ទោស​ព្រហ្មទណ្ឌ និង ករណី​ការបង្ក្រាប​បាតុកម្ម ឬ​កុបកម្ម​នៅ​ផ្លូវ​វ៉េងស្រេង ដោយ​កម្លាំង​រដ្ឋាភិបាល ក៏មាន​ការបកស្រាយ​ខុសគ្នា​ដែរ។ ទីបំផុត ភាគី​រដ្ឋាភិបាល គឺជា​ភាគី​មានប្រៀប​លើ​ការបកស្រាយ​ស្ទើរតែ​គ្រប់​ករណី​ទាំងអស់។
 
បើ​ពិនិត្យ​ជារួម យើង​អាច​មើលឃើញថា ផ្លូវ​ទៅកាន់​នីតិរដ្ឋ​របស់​កម្ពុជា នៅមាន​ឧបសគ្គ​ច្រើន​នៅឡើយ ដែល​ត្រូវ​បន្ត​ដោះស្រាយ​ជា​ចាំបាច់ ដូចជា ត្រូវ​ផ្លាស់ប្ដូរ​ទាំង​ផ្នត់គំនិត​ចាស់, របៀប​ដឹកនាំ​និង​គ្រប់គ្រង​ដែល​មិនទាន់​ល្អ, ផ្ដាច់​អំណាចសំខាន់ៗឱ្យ​ឯករាជ្យ​ពីគ្នា, កែ​ស្រួល​រចនា​សម្ពន្ធ​គ្រប់គ្រង​ឱ្យមាន​យុត្តាធិការ​ច្បាសលាស់, លប់បំបាត់​គ្រួសារនិយម បក្សពួកនិយម និង ត្រូវ​លុបបំបាត់​អំពើពុករលួយ ជាដើម។ បើ​មិន​ដូច្នោះ​ទេ យើង​មិនអាច​សម្រេច​នីតិរដ្ឋ​បានឡើយ។ ប្រសិនបើ នីតិរដ្ឋ​មិនមាន​អត្ថិភាព​ពេញលេញ​ក្នុងសង្គម​ខ្មែរ មានន័យថា អំពើ​អយុត្តិធម៌ ទំនាស់​ផលប្រយោជន៍ និ​ទណ្ឌ​ភាព ការធ្វើអ្វីៗតាម​ទំនើងចិត្ត អំពើពុករលួយ ការរំលោភបំពាន អសន្តិសុខ និង ការភ័យខ្លាច នៅតែ​បន្ត​កើតមាន​ក្នុងសង្គម​ខ្មែរ៕    
 

Tag:
 នយោបាយ
  ពុករលួយ
  យុត្តិធម៌
© រក្សាសិទ្ធិដោយ thmeythmey.com