ជាតិ
លោក សុខ ទូច មិន​លូកដៃ ដោយ​ទុក​ឲ្យ​សមត្ថ​កិច្ចចាត់ការ​ជនសង្ស័យ​គំរាម​សម្លាប់ខ្លួន
06, Sep 2015 , 10:28 am        
រូបភាព
ប្រធាន​ក្រុមការងារ​ស្រាវជ្រាវ​ព្រំដែន លោក សុខ ទូច មិន​អើពើ​នឹង​ការចាប់ខ្លួន​ជនសង្ស័យ ដែល​គំរាម​សម្លាប់​រូបលោក​ឡើយ ដោយ​លោក​ថា​ទុក​ភារកិច្ច​នេះ ឲ្យ​ខាង​សមត្ថកិច្ច​ចាត់វិធានការ​តាមផ្លូវ​ច្បាប់។ សមត្ថកិច្ច បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ដែលជា​មុខសញ្ញា​គំរាម​សម្លាប់​លោក សុខ ទូច តាម​ហ្វេ​ស​ប៊ុ​ក កាលពី ថ្ងៃទី៥ ខែកញ្ញា នៅ​ចំណុច​ព្រំដែន​ប៉ោយប៉ែត បន្ទាប់​ជនសង្ស័យ​នេះ​បាន​ឆ្លងដែន​ពី​ប្រទេស​ថៃ​ចូលមក​កម្ពុជា ។

 
លោក សុខ ទូច ដែល​កំពុង​សិក្សា​ស្រាវជ្រាវ​ព្រំដែន បាន​បញ្ជាក់ថា ការចាប់ខ្លួន​សង្ស័យ​ដែល​គំរាម​សម្លាប់​លោក​នោះ គឺជា​រឿង​ដ៏​ត្រឹមត្រូវ​មួយ​របស់​សមត្ថកិច្ច ក្នុងការ​អនុវត្ត​ការងារ​របស់​ពួកគេ។ ថ្លែងប្រាប់​សារព័ត៌មានថ្មីៗនៅ​ថ្ងៃអាទិត្យ​នេះ លោក សុខ ទូច ក៏​មិន​មានការ​លូកដៃ​ស្នើ​ឲ្យ​សមត្ថកិច្ច​ជួយ​ដោះលែង​ជនសង្ស័យ ដែល​គំរាម​សម្លាប់​លោក​ឡើយ។ ៖«ខ្ញុំ​ទុក​ឲ្យ​សមត្ថកិច្ច​ចាត់ចែង​លើ​រឿងនេះ។ហើយ​ខ្ញុំ​ក៏​មិន​លូកដៃ​ស្នើ​ឲ្យ​មានការ​ដោះលែង​ដែរ ព្រោះ​បើ​ខ្ញុំ​លូកដៃ​ចូល​នោះ គេ​នឹង​ថា​ខ្ញុំ​ជា​អ្នកផ្សំគំនិត​រៀបចំ​រឿងនេះ​ឡើង ដើម្បី​ឲ្យ​ខ្លួនឯង​កាន់តែ​ល្បី»។ នេះ​ជាការ​បញ្ជាក់​របស់លោក សុខ ទូច ដែល​អះអាងថា ខ្លួន​មិនបាន​ដាក់ពាក្យ​ប្ដឹង​នឹង​ករណី​គំរាម​សម្លាប់​នេះ​ទេ។
 
ប្រធាន​ក្រុមការងារ​ស្រាវជ្រាវ​ព្រំដែន​រូបនេះ ក៏​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ជាពិសេស​យុវជន កុំ​ឲ្យ​យកអាយុ​ជីវិត​អ្នកដទៃ មក​គំរាមកំហែង​សម្លាប់​នៅ​បណ្ដាញ​សង្គម​ហ្វេ​សបុ​កទៀត។
បើតាម​ការចុះផ្សាយ​រប​ស់​គេហទំព័រ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ យុវជន​ម្នាក់​ដែល​គេ​សង្ស័យថា បាន​គំរាម​សម្លាប់​លោក សុខ ទូច តាម​បណ្ដាញ​ហ្វេ​ស​បុក​នោះ  មាន​អាយុ២៧ឆ្នាំ មាន​ទីកន្លែង​កំណើត ក្នុង​ឃុំ​ស្ដៅ​កោង ស្រុក​បាភ្នំ ខេត្តព្រៃវែង។
 
ប្រភពព័ត៌មាន​ដដែល បាន​ឲ្យ​ដឹង​ទៀតថា ជនសង្ស័យ​បាន​សារភាពថា ខ្លួន​ពិតជា​អ្នក​បង្ហោះ​សារ មាន​រូបភាព​គំរាម សម្លាប់ លោក​បណ្ឌិត សុខ ទូច ដោយ​ប្រើ​តាម​ទូរស័ព្ទដៃ។ ប្រភព​បន្ដថា សកម្មភាព​ជនសង្ស័យ​នេះ​កន្លងមក ក៏​ធ្លាប់​លួច​ប្រាក់​ព្រះសង្ឃ​ក្នុង​វត្ត នៅ​ស្រុកកំណើត​កាលពី​ឆ្នាំ២០១២ និង​រត់គេចខ្លួន​ទៅធ្វើ​ពលករ​នៅ​ប្រទេស​ថៃ ៕
 

Tag:
 សុខ ទូច
© រក្សាសិទ្ធិដោយ thmeythmey.com