ជាតិ
សេដ្ឋកិច្ច
កម្ពុជា​នាំចេញ​អង្ករ​បាន​ជាង៣៤ម៉ឺន​តោន កើន​ជិត៥០ភាគរយ​ក្នុងពេល៨ខែ
08, Sep 2015 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
កម្ពុជា​នាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​បាន ចំនួន៣៤២,១៣៦តោន នៅក្នុង​រយៈពេល៨ខែ ក្នុង​ឆ្នាំ២០១៥នេះ។ ចំនួន​នេះ កើនឡើង៤៦.៣០ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី ឆ្នាំ២០១៤ ដែលមាន​ចំនួន២៣៣,៨៥៩តោន។


 
បើ​យោងតាម​ស្ថិតិ​នៃ​ការនាំចេញ​អង្ករ របស់​លេខាធិការដ្ឋាន​ច្រកចេញចូល​តែមួយ​សម្រាប់ បំពេញបែបបទ​នាំចេញ​អង្ករ ការនាំចេញ​អង្ករ​នៅក្នុង​ខែសីហា​មាន​ចំនួន២៩,៨១៩តោន ថយចុះ០.២០ភាគរយ ធៀប​នឹង​ការនាំចេញ​ក្នុង​ខែសីហា​ឆ្នាំ២០១៤ ។ 
 
ក្នុងចំណោម​ទីផ្សារ​ទាំងអស់​ដែល​កម្ពុជា​បាន​នាំ​អង្ករ​ទៅ ប្រទេស​ចិន​ឈរ​នៅ​លំដាប់​ទី១ ដោយ​នាំចូល​ក្នុង​បរិមាណ ៧៤.០០៧៩៤៩តោន បារាំង​លេខ២ នាំចូល​ក្នុង​បរិមាណ៤៥,៤៩៣តោន និង​ប្រទេស​ប៉ូឡូញ​លេខ៣ នាំចូល​ក្នុង​បរិមាណ៣៨,៣៧០តោន។
 
នៅ​ឆ្នាំ២០១៥នេះ រដ្ឋាភិបាល​បានប្រកាសថា កម្ពុជា​នឹង​នាំចេញ​អង្ករ​ឲ្យ​បាន១លាន​តោន​ប៉ុន្តែ​ទំហំ​នេះ មិនអាច​ទៅរួច​នោះទេ។ លោក​បណ្ឌិត​សេដ្ឋកិច្ច កង ចាន់​តារា​រ័ត្ន បាន​ប្រាប់​សារព័ត៌មានថ្មីៗ មូល​ហេតុដែល​រដ្ឋាភិបាល​ខ្មែរ​មិនអាច​នាំចេញ​អង្ករ​ចំនួន១លាន​តោន​បាន​ដូច​ការរំពឹង​នោះ គឺ​ដោយសារ​កង្វះខាត​បរិមាណ និង​គុណភាព​នៅមានកម្រិត។ សម្រាប់​លោក កង ចាន់​តារា​រ័ត្ន ទីផ្សារ​អង្ករ​ខ្មែរ​នៅក្រៅ​ប្រទេស​មាន​ទំហំ​ធំ តែ​បញ្ហា​បរិមាណ និង​គុណភាព​កំពុង​រារាំង​ការនាំចេញ​អង្ករ​ខ្មែរ​នាពេល​បច្ចុប្បន្ននេះ៕
 

Tag:
 អង្ករ
© រក្សាសិទ្ធិដោយ thmeythmey.com