ប្លែកៗ
អន្តរជាតិ
បុរស​ម្នាក់​មិន​មុជទឹក ១២ ឆ្នាំ​លក់​រូបមន្ត​សម្ងាត់​ធ្វើ​ឲ្យ​ស្បែក​ស្រស់ស្រាយ​ក្នុង​ស្ព្រា​យ​មួយ​ដប
12, Apr 2016 , 3:19 pm        
រូបភាព
ដោយ: ធីតា
នៅ​ទីក្រុង Cambridge រដ្ឋ Massachusetts សហរដ្ឋអាមេរិក បុរស​ម្នាក់​បាន​អះអាងថា គាត់​មិន​មុជទឹក​រយៈពេល ១២ ឆ្នាំ​មកហើយ តែ​គាត់​បាន​រកឃើញ​រូបមន្ត​ពិសេស​ដែល​ជួយ​សម្អាត​ខ្លួនប្រាណ​ឲ្យ​ស្អាត និង​មាន​អារម្មណ៍​ស្រស់ស្រាយ​ល្អប្រសើរ​ជាង​ការ​មុជទឹក​ទៅទៀត។ នោះ​គឺ​ការបាញ់​បាក់តេរី​មានជីវិត​មួយ​ប្រភេទ​ទៅលើ​ស្បែក​ដែល​បង្កើតឡើង​ដោយ​ក្រុមហ៊ុន AOBiome របស់លោក។

 
លោក David Witlock វិស្វករ​ផ្នែក​គីមី​បាន​ប្រាប់ ABC7 ថា ការ​មុជទឹក​ធ្វើ​ឲ្យ​បាក់តេរី​ល្អ​ត្រូវ​បាត់បង់។ ជាមួយនឹង​ស្ព្រា​យ Mother Dirt ដែល​ត្រូវ​បាញ់​លើ​ដងខ្លួន​ពីរដង​ក្នុង​មួយថ្ងៃ វា​អាច​ទប់ស្កាត់​ការ​ភាយ​ចេញ​នូវ​ជាតិ​អាំ​ម៉ូ​ញាក់​ដែល​កើត​ពី​ញើស។ ដូច្នេះ វា​អាច​កម្ចាត់​ក្លិនស្អុយ​នៃ​ខ្លួន​បាន។ លោក​បាន​និយាយថា៖ « ខ្ញុំ​មិន​មុជទឹក​ជាង ១២ ឆ្នាំ​មកហើយ។ គ្មាន​នរណាម្នាក់​ធ្លាប់បាន​សាកល្បង​ពិសោធ​អ្នក​ដែល​មុជទឹក​សម្អាតខ្លួន​រាល់ថ្ងៃ​នោះ ថា​តើ​ខ្លួនប្រាណ​របស់​ពួកគេ​ពិតជា​ស្អាត​ពិតប្រាកដ​ឬ​យ៉ាងណាទេ។ ដូច្នេះ យើង​មិនអាច​អះអាងថា ការ​មុជទឹក​គឺជា​វិធី​ដ៏​ត្រឹមត្រូវ​នោះទេ »។
 
គាត់​បាន​រកឃើញ​រូបមន្ត​ពិសេស​នេះ នៅពេលដែល​គាត់​កត់សម្គាល់​ឃើញថា សត្វ​បាន​ប្រើ​វិធី​ននៀល​នឹង​ដី ដើម្បី​បង្កើន​បាក់តេរី​នៅលើ​ដងខ្លួន​របស់​វា សម្រាប់​ទប់ស្កាត់​ញើស និង​ក្លិន​ផ្អូម​ជូរ​នៅពេល​អាកាសធាតុ​ក្តៅ។ បន្ទាប់មក គាត់​ក៏បាន​ប្រមូលយក​បាក់តេរី​នៅលើ​ដី​ក្នុង​ទ្រុងមាន់ ទ្រុង​ជ្រូក និង​ក្រោលគោ​ក្នុង​កសិដ្ឋាន​ធម្មជាតិ ដើម្បី​បញ្ចូល​ទៅក្នុង​ស្ព្រា​យ​ពិសេស​នេះ។
 
នៅលើ​គេហទំព័រ​របស់​ក្រុមហ៊ុន ស្ព្រា​យ​សម្អាតខ្លួន​ដប​តូច​លក់​ក្នុងតម្លៃ ៤៩ ដុល្លារ។ ស្ព្រា​យ​នេះ​គ្មាន​ក្លិន​ទេ វាស្រ​ដៀវ​គ្នា​នឹង​ទឹក​ដែរ។ ម្ចាស់​រូបមន្ត​សម្អាតខ្លួន​ពិសេស​នេះ​បាន​ធានា​អះអាងថា ក្រោយពី​បាន​ប្រើ​ផលិតផល​នេះ ស្បែក​នឹង​ទន់ ហើយ​រលោង​ជាង​មុន៕
 

© រក្សាសិទ្ធិដោយ thmeythmey.com