ប្លែកៗ
អន្តរជាតិ
ការបំពាក់​សួត​សិប្បនិម្មិត​នៅក្រៅ​ខ្លួន​នឹងមាន​នាពេល​អនាគត​ដ៏​ខ្លី​នេះ ?
13, Apr 2016 , 7:19 pm        
រូបភាព
ដោយ: ធីតា
សួត​សិប្បនិម្មិត​ដែល​មិនចាំបាច់​ធ្វើការ​វះកាត់​ដាក់បញ្ចូល​ទៅក្នុង​ខ្លួន នឹងត្រូវ​បង្កើតឡើង​នៅ ៥ ឆ្នាំ​ខាងមុខនេះ។ ពេលនេះ គម្រោង​វេជ្ជសាស្ត្រ​ដែល​ត្រូវ​ចំណាយ​ថវិកា​ប្រមាណ ៥៥ លាន​ដុល្លារ កំពុងស្ថិត​ក្នុងការ​ស្រាវជ្រាវ​របស់​ក្រុមគ្រូពេទ្យ​នៃ​មជ្ឈមណ្ឌល​វះកាត់ Marie Lannelongue នៅ​ប្រទេស​បារាំង នេះ​បើតាម​ការចុះផ្សាយ​របស់​គេហទំព័រ​ព័ត៌មាន​បារាំង Europe1 កាលពី​ថ្ងៃ​ចន្ទ​កន្លងទៅនេះ។

 
ខុសពី​បេះដូង​សិប្បនិម្មិត​ដែល​ចាំបាច់​ត្រូវតែ​ធ្វើការ​វះកាត់ សួត​សិប្បនិម្មិត​ថ្មី​នេះ​មិន​ទាំង​តម្រូវ​ឲ្យ​វះកាត់​យក​សួត​ឈឺ​ចេញពី​ខ្លួន​អ្នកជំងឺ​ផង​ទេ។ សួត​នេះ​គ្មាន​រូបរាង​ដូចជា​សួត​ពិតប្រាកដ​ទេ។ វា​គឺជា​ខ្សែក្រវ៉ាត់​មួយ​ដែល​ត្រូវគេ​ដាក់​ព័ទ្ធ​ដើមទ្រូង។ វា​បង្ក​ភាពងាយស្រួល​ដល់​អ្នកជំងឺ ដោយ​អ្នកជំងឺ​គ្រាន់តែ​ពាក់​ខ្សែក្រវ៉ាត់​ជាប់​នឹង​ដើមទ្រូង​ដែលមាន​បំពាក់​នូវ​ថ្ម និង​ឧបករណ៍​អុកស៊ីសែន​ប៉ុណ្ណោះ។ ឧបករណ៍​នេះ​បំពេញ​មុខងារ​ជំនួស​សួត​ដែល​ឈឺ ដោយ​វា​នឹង​បញ្ជូន​ឈាមមាន​អុកស៊ីសែន​ទៅកាន់​បេះដូង។
 
ឧបករណ៍​នេះ​ភ្ជាប់​ទំនាក់ទំនង​ទៅកាន់​បេះដូង​តាមរយៈ​បំពង់​តូច​មួយ​ដែល​នឹង​បញ្ចូល​ទៅក្នុង​សរសៃ​អ័កទែរ​តាម​បំពង់ក ហើយ​បំពង់​នេះ​គឺជា​វត្ថុ​តែមួយគត់​ដែល​បំពាក់​នៅក្នុង​ខ្លួន​អ្នកជំងឺ។ សួត​សិប្បនិម្មិត​ក្រៅ​ខ្លួន​នេះ​មិនមែន​បង្កើតឡើង​ក្នុង​គោលបំណង​ជំនួស​ការ​ផ្សាំ​សរីរៈ​សួត​ពិតប្រាកដ​ទេ។ វា​គឺជា​វិធី​ថ្មី​មួយ​ដែល​សមប្រកប​សម្រាប់​អ្នកជំងឺ​មាន​បញ្ហា​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ ហើយ​ដែល​មិនអាច​ទទួលយក​វិធី​ផ្សាំ​សួត​បាន ដោយសារតែ​ពួកគាត់​ជា​មនុស្ស​ចាស់ជរា ឬ​ទន់ខ្សោយ​ជាដើម៕
 

© រក្សាសិទ្ធិដោយ thmeythmey.com